ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីការបរទេសឡាវ នឹងដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន

294

 

ភ្នំពេញ ៖ ក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានថា លោក សាលើមសៃ គុំម៉ាស៊ីត (Saleumxay KOMMASITH) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (ASEAN Foreign Ministers’ Retreat) នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៥ ដល់ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ។

តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងដឹកនាំគណៈប្រតិភូអញ្ជើញមក បំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (ASEAN Foreign Ministers’ Retreat) នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៥ ដល់ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត (Saleumxay KOMMASITH) នឹងអញ្ជើញចូល ថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះមរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេស នឹង អញ្ជើញចូលជួបសម្តែងការគួរសម ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានជំនួបទ្វេភាគីជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទ្វេភាគីក្នុងវិស័យនានា ក៏ដូច ជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម និងក្ដីបារម្ភរួម ។

ដំណើរទស្សនកិច្ចរបស់ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត មកកាន់កម្ពុជា នឹងបន្តជំរុញ និងធ្វើ ឱ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ ចំណងមិត្តភាព ជាប្រពៃណី និងភាពជាបងប្អូន រវាងកម្ពុជានិងស.ប.ប.ឡាវ ឈានទៅរកការលើកកម្ពស់ថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក នៃប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង