ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋជិត ៣០០គ្រួសារទៀតហើយ ទទួលបានវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថ ពីរដ្ឋបាលខណ្ឌពោធិសែនជ័យ

38

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ និងមន្រ្តីជំនាញ ក្រោមឱវាទ អញ្ជើញប្រគល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនទៅដល់ដៃប្រជាពលរដ្ឋចំនួន ២៥៨គ្រួសារ ស្ថិតក្នុងភូមិ ត្រពាំងថ្លឹង៣ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដើម្បីយកទៅរក្សាទុកដាក់ និងប្រើប្រាស់ទៅតាមតម្រូវការ។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនោះ លោក ហែម ដារិទ្ធិ បានសុំឱ្យបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុទាំងអស់ ត្រូវថែរក្សាទុកដាក់ឱ្យបានត្រឹមត្រូវ និងកុំឱ្យបាត់បង់ព្រោះបណ្ណនេះ មានតម្លៃស្មើនឹងផ្ទះទាំងមូល។ ប្រជាពលរដ្ឋអាចយកវាទៅ ប្រើប្រាស់ក្នុងការខ្ចីប្រាក់ពីធនាគារឯកជន ឬយកទៅបញ្ចាំ ដើម្បីយកថវិកាទៅប្រើប្រាស់ ប្រកបអាជីវកម្មតាមតម្រូវការ។ ប៉ុន្តែសុំកុំយកមកប្រើប្រាស់ផ្សងព្រេង នឹងល្បែងស៊ីសងឱ្យសោះ វានាំឱ្យមានបញ្ហាសម្រាប់ គ្រួសារទៅថ្ងៃក្រោយ។

លោកអភិបាលបានបញ្ជាក់ថា នេះមិនមែនជាលើកដំបូងទេ សម្រាប់ខណ្ឌពោធិសែនជ័យ ដែលបានប្រគល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុនេះ ជូនទៅប្រជាពលរដ្ឋក្នុង មូលដ្ឋានរបស់ខ្លួន ហើយក៏នឹងរៀបចំផ្តល់ជូនជាបន្តបន្ទាប់ទៀត សម្រាប់អ្នកមិនទាន់ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ។ គិតមកដល់ពេលនេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ៍យ បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុជូនប្រជាពលរដ្ឋបាន ប្រមាណជិត១០០ភាគរយហើយ។ នៅសល់តែបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាទំនាស់ក្នុងគ្រួសារ ឬ មានបញ្ហាជាមួយសម្បត្តិសាធារណនិងជាប់អនុក្រិត្យជាដើម យ៉ាងណាអាជ្ញាធរខណ្ឌបាននិងកំពុងខិត ខំប្រឹងរកដំណោះស្រាយនិងស្នើ សុំទៅថ្នាក់លើដើម្បីធ្វើបណ្ណ ជូនឱ្យបានគ្រប់ក្រុមគ្រួសារ។

លោកអភិបាលបញ្ជាក់ទៀតថា សម្រាប់ប្រជាពលរដ្ឋមានទំនាស់ ហើយបានដោះស្រាយគ្នារួចរាល់ ហើយនោះ សុំទំនាក់ទំនងមកមន្រ្តីជំនាញរបស់យើង មន្រ្តីយើងនឹងរៀបចំឯកសារ ដើម្បី ផ្តល់ជូនទៅតាមស្ថានភាពជាក់ស្តែង។ លោក ហែម ដារិទ្ធ ក៏សុំការអធ្យាស្រ័យផងដែរ ចំពោះការយឺតយ៉ាងកន្លងមក ក្នុងការផ្តល់វិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុកន្លងមក ដោយសារ មន្រ្តីយើងមមាញឹក ក្នុងការចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍។ តទៅនេះយើងនឹងខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីផ្តល់ជូនវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុនេះ ឱ្យបានលឿន ដើម្បីឱ្យបងប្អូនអាចយកវា ទៅប្រើប្រាស់តាមលទ្ធភាព។

ក្រៅពីនេះ លោក អភិបាលខណ្ឌពោធិ៍សែនជ័យ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវសំខាន់ៗ បញ្ឈប់ការលក់ដូរនៅលើផ្លូវ ចូលរួមថែរក្សាសណ្តាប់ធ្នាសាធារណៈ បរិស្ថាន អនាម័យសង្គម លើកកម្ពស់សោភ័ណ្ឌភាពរាជធានីភ្នំពេញឱ្យស្រស់បំព្រង ជាពិសេសត្រូវរៀបចំទុកដាក់ សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងការបោះសំរាមចោលពាសវាលពាសកាល នាំឱ្យធ្លាក់មចូលទៅក្នុងប្រឡាយលូ ធ្វើឱ្យស្ទះកកចរន្ធទឹកហូរ បណ្តាលឱ្យមានការលិចលង់ លំនៅដ្ឋាន ផ្លូវសាធារណៈជាដើម។ លើសពីនេះ ក៏ត្រូវបន្តអនុវត្តវិធាននានា របស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីការពារទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងបន្តរាតត្បាត នៅលើពិភពលោក ក៏ដូចជាប្រទេសកម្ពុជាសព្វថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង