ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខដឹកនាំប្រទេស មើលឃើញថា វិស័យអប់រំកម្ពុជា បាននិងកំពុងដើរលើផ្លូវត្រូវ ដែលចាំបាច់ត្រូវតែពង្រឹងបន្ថែម និងពង្រីកគុណភាពឲ្យកាន់តែខ្លាំងក្លា

69

ភ្នំពេញ ៖ បើទោះជាស្ថិតនៅក្នុងបរិបទនៃគន្លងរស់នៅថ្មីយ៉ាងនេះក្តី រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរិះ រកគ្រប់មធ្យោបាយធ្វើយ៉ាងណា ឱ្យវិស័យអប់រំនៅកម្ពុជា កាន់តែមានគុណភាព ប្រសិទ្ធភាព ឆ្លើយតបទៅនឹងស្ថានភាព នៃការវិវត្តរបស់ពិភពលោក។ ហើយកម្ពុជា ត្រូវបានគេមើលឃើញថា វិស័យអប់រំបាននិងកំពុងដើរលើផ្លូវត្រូវ ដែលចាំបាច់ត្រូវតែពង្រឹងបន្ថែម និងពង្រីកគុណភាពអប់រំឲ្យបានកាន់តែខ្លាំងក្លា និងគ្រប់កម្រិតថែមទៀត។

លោក ព្រីង មរកត ប្រធាននាយកដ្ឋានសិក្សាទូទៅ នៃក្រសួងអប់រំយុវជន និងកីឡាឯណាវិញ បានលើកឡើងថា ថ្ងៃនេះជាថ្ងៃដែលលោកគ្រូអ្នកគ្រូ ជាថ្នាក់ដឹកនាំសាលា ឡើងមកការពារនៅរបាយការណ៍ បញ្ចប់ការសាកល្បង សម្រាប់វគ្គការលើកកម្ពស់គុណវុឌ្ឍជំនាន់ទី២ និងកម្មវិធីលើកកម្ពស់គ្រូបង្រៀនជំនាន់ទី៣ ដែលយើងបាននិងកំពុង អនុវត្តនៅតាមសាលារៀន ដែលបានធ្វើឡើងពេញមួយសប្តាហ៍ ពោលចាប់ពីថ្ងៃទី១៤ ខែកុម្ភឆ្នាំ២០២២នេះ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
លោកប្រធាននាយកដ្ឋានសិក្សាទូទៅ បានបន្ថែមថា តាមរយៈគម្រោងនេះ បានផ្ដល់ផលប្រយោជន៍ដល់ សាលារៀនគោលដៅ និងសាលារៀនមិនមែនគោលដៅ និងការបង្កើនការទំនាក់ទំនង រវាងអាណាព្យាបាលនឹងសាលារៀន ឲ្យកាន់តែស្អិតរមួតថែមទៀត ដើម្បីរួមគ្នាលើកកម្ពស់គុណភាពអប់រំ ទាំងក្នុងនិងក្រៅសាលាដល់សិស្សានុសិស្ស ឲ្យកាន់តែខ្លាំងក្លានិងមានចំណេះដឹងពិតប្រាកដ។

ចំណែកលោក លី យ៉ានី នាយកសាលាអនុវិទ្យាល័យសំប៉ាន ក្នុងស្រុកកោះធំខេត្តកណ្ដាល បានឲ្យដឹងថា ក្នុងវគ្គសិក្សា ស្តីពី ការលើកកម្ពស់គុណវុឌ្ឍនៃវិស័យអប់រំនេះ បានសង្កេតឃើញនូវចំណុចសំខាន់ៗ ជាច្រើនគឺ ការធ្វើតេស្ត ឬ ការវាស់ស្ទង់សមត្ថភាពរបស់សិស្សថា តើចំណេះដឹងរបស់គាត់ស្ថិតនៅក្នុងទីតាំងណា ដើម្បីយើងពិនិត្យលទ្ធភាពជួយ ពួកគាត់ឲ្យមានភាពប្រសើរឡើង តាមរយៈការបំប៉នបន្ថែម ឲ្យគាត់ទទួលបានការសិក្សា ល្អជាងមុន។ មួយវិញទៀតការធ្វើតេស្តនេះ ក៏ជាការជ្រើសរើសអ្នក ដែលមានសមត្ថភាពខ្ពស់ ដើម្បីដាក់ក្នុងថ្នាក់មួយផ្សេង ពីអ្នកដែលមានសមត្ថភាព នៅមានកម្រិតនៅឡើយនោះ។
ក្រៅពីនេះ ក៏ជាការរៀបចំផែនការ ដើម្បីឲ្យសាលារៀន បានរៀបចំបង្កើតគណៈកម្មការ គ្រប់គ្រងសាលា គណៈកម្មការគ្រប់គ្រងថ្នាក់រៀន ធ្វើយ៉ាងណាឲ្យគាត់មានការទទួល ខុសត្រូវលើការបង្រៀនឲ្យបានកាន់តែប្រសើរឡើង។
លោកអះអាងថា បន្ទាប់ពី បានចូលរៀនវគ្គនេះរួចមក លោកមើលឃើញថា មានការផ្លាស់ប្ដូរច្រើន លើការបង្រៀន ដែលពីមុនពុំធ្លាប់មាន ហើយអ្វីដែលមានពីមុន គឺត្រូវផ្លាស់ប្ដូរទាំងស្រុង ក្នុងបរិបទថ្មី លើកកំពស់ទាំងគុណភាពបង្រៀន គុណភាពនៃការរៀនរបស់សិស្ស ក៏ដូចជាការគ្រប់គ្រងសាលារៀន ការគ្រប់គ្រងក្នុងថ្នាក់រៀនផងដែរ ។ ជាពិសេស គឺមានការវិវត្តន៍ខ្លាំង លើសមត្ថភាពរបស់សិស្ស ពីរៀនមិនចេះ ទៅជារៀនពូកែ ធ្វើឲ្យសហគមន៍មានជំនឿជឿជាក់មកលើការគ្រប់គ្រង ក្នុងការបង្រៀនសិស្សបានល្អ ពីសំណាក់ លោកគ្រូ អ្នកគ្រូ ។

លោកបញ្ជាក់ថា សាលារៀនមិនមែនជារបស់នាយក ឬរបស់លោកគ្រូអ្នកគ្រូណាមួយនោះទេ គឺជាសម្បត្តិរបស់សហគមន៍ទាំងមូល ដែលត្រូវមានការទទួល ខុសត្រូវរួមទាំងអស់គ្នា។ សម្រាប់សាលាអនុវិទ្យាល័យ របស់លោក សិស្សដែល ជាប់ថ្នាក់ទី៧ ដាច់ខាតត្រូវតែឆ្លងកាត់ ការធ្វើតេស្តជាមុនសិន មុននឹងធ្វើការបែងចែកថ្នាក់ ឲ្យពួកគាត់ចូលរៀនធ្វើយ៉ាងនេះ យើងបានដឹងពីសមត្ថភាព ពិតប្រាកដ របស់ពួកគាត់ ហើយពួកគាត់អាចនៅរៀនជាមួយគ្នា ងាយនឹងជួយបំពេញបន្ថែម អ្វីដែលពួកគាត់ មានការខ្វះខាត៕

អត្ថបទដែលជាប់ទាក់ទង