ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បំភ្លឺអំពីការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិ

95

 

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានកត់សម្គាល់ជាមួយការខកចិត្ត នូវការបន្តបកស្រាយខុស ជាពិសេសដោយប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួនអំពីគោលបំណងន ការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិនៅក្នុងប្រទេសកម្ពុជា បើទោះបីជាមានការពន្យល់ និងការបំភ្លឺជា ច្រើនដងដោយអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាក្តី។

ក្នុងគោលបំណងផ្ដល់ការបំភ្លឺបន្ថែមចំពោះការយល់ខុសទាំងនេះ អ្នកនាំពាក្យសូមជម្រាបជូននូវ កំណត់ត្រាជុំវិញបញ្ហានេះ ដូចតទៅ៖

រាជរដ្ឋាភិបាល ក្នុងគោលបំណងសម្រួល និងគ្រប់គ្រងការតភ្ជាប់អ៊ិនធឺណិត និងពង្រឹងសន្តិសុខជាតិ និងការប្រមូលពន្ធ ក៏ដូចជាថែរក្សាសណ្តាប់ធ្នាប់សង្គម និងការពារវប្បធម៌ជាតិ បានបង្កើតគណៈ កម្មាធិការអន្តរក្រសួងមួយនៅឆ្នាំ២០១៩ ស្តីពីការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិ ដើម្បីសិក្សា និងរិះរកវីធីសាស្ត្រនានា សម្រាប់ការបង្កើតយន្តការដ៏ចាំបាច់មួយនេះ។

គណៈកម្មាធិការនេះ តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាស្ថាប័នជំនាញ បាន ចាប់ផ្តើមការសិក្សាទូលំទូលាយមួយអំពីគំរូហេដ្ឋារចនាសម្ព័ន្ធពីបណ្តាប្រទេសផ្សេងៗនៅជុំវិញពិភពលោក និងបានពិនិត្យឃើញថា ប្រទេសស្ទើរតែទាំងអស់សុទ្ធតែមានច្រកទ្វារអ៊ិនធឺណិត និងបទប្បញ្ញត្តិដោយឡែកពីគ្នា។

អនុក្រឹត្យស្តីពីច្រកទ្វារអ៊ិនធឺណិតជាតិ ដែលបានចុះហត្ថលេខានៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវបានរៀបចំឡើងដោយតម្លាភាព ហើយការពិគ្រោះយោបល់នានាត្រូវបានធ្វើឡើងជាមួយអ្នកជំនាញជាច្រើននៅក្នុងវិស័យនេះ ប្រតិបត្តិករឯកជន និងស្ថាប័នពាក់ព័ន្ធនានា ជាច្រើនលើកច្រើនសា។

ការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិ ដែលមានជាទូទៅស្ទើរគ្រប់ប្រទេសជុំវិញពិភពលោក ដើរតួជាឧបករណ៍មួយដ៏មានប្រសិទ្ធភាព ដើម្បីបង្កើនការប្រមូលចំណូលជាតិ ដោយឈរលើមូលដ្ឋាននៃការប្រកួតប្រជែងប្រកបដោយតម្លាភាព សមភាព និងស្មោះត្រង់រវាងរដ្ឋ និងប្រតិបត្តិករទូរគមនាគមន៍។ លើសពីនេះ វារួមចំណែកដល់ការទប់ស្កាត់ឧក្រិដ្ឋកម្មតាមអ៊ិនធឺណិត ដូចជាការប្រើប្រាស់ដោយខុសច្បាប់នូវការតភ្ជាប់បណ្តាញឆ្លងដែន ការលេងល្បែងអនឡាញខុសច្បាប់ ការបោកប្រាស់តាម អ៊ិនធឺណិត ជាដើម។ យន្តការនេះមិនមានបទប្បញ្ញត្តិណាមួយដូចដែលត្រូវបានចោទប្រកាន់ថាអនុញ្ញាតឱ្យមានការប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ និងការរឹតបន្តឹងសេរីភាពនៃការបញ្ចេញមតិនោះទេ។

រដ្ឋាភិបាលនឹងរៀបចំដាច់ដោយឡែកនូវច្បាប់ស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួន នៅពេលដែលសេចក្តី ព្រាងច្បាប់ស្តីពីសន្តិសុខតាមអ៊ីនធឺណិតត្រូវបានបញ្ចប់។

ចំពោះការចោទប្រកាន់ដែលថា ការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិ អនុញ្ញាតឱ្យអាជ្ញាធរកម្ពុជាត្រួតពិនិត្យ និងតាមដានរាល់សកម្មភាពតាមប្រព័ន្ធអ៊ិនធឺណិត ចាប់ និងរឹតបន្តឹងការប្រាស្រ័យទាក់ទងនានាតាមប្រព័ន្ធឌីជីថល ព្រមទាំងប្រមូល រក្សាទុក និងចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ បង្កើតហានិភ័យដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ រួមទាំងសិទ្ធិក្នុងការស្វែងរក ទទួលបាន និងចែកចាយព័ត៌មាន និងគំនិតនានា ក៏ដូចជាសិទ្ធិឯកជនភាព គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន។

ផ្ទុយទៅវិញ រាជរដ្ឋាភិបាលគោរពសិទ្ធិឯកជនភាព និងសេរីភាពក្នុងការបញ្ចេញមតិរបស់បុគ្គល និងការពារទិន្នន័យផ្ទាល់ខ្លួន ដែលទាំងអស់នេះមានចែងក្នុងច្បាប់ រដ្ឋធម្មនុញ្ញ សន្ធិសញ្ញាស្តីពីសិទ្ធិមនុស្សអន្តរជាតិដែលបានផ្តល់សច្ចាប័នរួច ក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ និងច្បាប់ស្ដីពីទូរគមនាគមន៍៕

អត្ថបទដែលជាប់ទាក់ទង