ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកឧកញ៉ា គិត ម៉េង ជំរុញឲ្យនិយោគិនហុងគ្រី មកបំពេញទស្សនកិច្ចនៅកម្ពុជា ស្វែងយល់ពីសក្តានុពលពិតប្រាកដ និងចាប់យកកាលានុវត្តភាពធុរកិច្ច ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

36

 

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងជំរុញឲ្យនិយោគិន ហុងគ្រី មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីបានឃើញពីសក្តានុពលពិតប្រាកដ និងចាប់យកកាលានុវត្តភាពធុរកិច្ច ដោយទាញយកប្រយោជន៍ ពីកិច្ចព្រមព្រៀងសេរីនានា សម្រាប់ទីផ្សារដ៏ទំលាយរបស់ផលិតផលកម្ពុជា រួមមាន៖ កិច្ចព្រមព្រៀងភាព ជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ កិច្ចព្រមព្រៀងសេរីកម្ពុជាចិន និងកិច្ចព្រមព្រៀងសេរីកម្ពុជាកូរ៉េជាដើម។

ការជំរុញយ៉ាងដូច្នេះរបស់អ្នកឧកញ៉ា គិត ម៉េង ធ្វើឡើងក្នុងឱកាសចូលរួម និងថ្លែងសុន្ទរកថាស្វាគមន៍ក្នុង ជំនួបធុរកិច្ចកម្ពុជា-ហុងគ្រី លើកទី១ តាមប្រព័ន្ធអនឡាញ ក្រោមមូលបទ «ការតភ្ជាប់ធុរកិច្ចកម្ពុជា-ហុងគ្រី៖ គន្លឹះក្នុងការជំរុញភាពជាដៃគូសេដ្ឋកិច្ច សម្រាប់ការស្តារសេដ្ឋកិច្ច ដែលធន់នឹងវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩» នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

ជំនួបធុរកិច្ចនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងមានការអញ្ជើញចូលរួមដោយផ្ទាល់ពី មន្ត្រីជាន់ខ្ពស់ វិនិយោគិន និងធុរជនប្រមាណ៧០នាក់។

អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្ម ហុងគ្រី ដែលបានរៀបចំជំនួបធុរកិច្ច ដ៏មានសារៈសំខាន់មួយនេះ ក្នុងការចូលរួមចំណែកពង្រឹង កិច្ចសហប្រតិបត្តការរវាងប្រទេសទាំងពីរ ទៅលើលើវិស័យសក្តានុពលសំខាន់រួមមាន៖ កសិកម្ម និងកសិឧស្សាហកម្ម ធារាសាស្ត្រ និងឧស្សាហកម្មវិស័យបរិស្ថាន សុវត្ថិភាពម្ហូបអាហារ សេវាកម្មទេសចរណ៍ បច្ចេកវិទ្យាវេជ្ជសាស្ត្រនិង ឱសថ និងកម្មន្តសាលនិងកាត់ដេរសម្លៀកបំពាក់។

អ្នកឧកញ៉ាប្រធាន បានកត់សម្គាល់ថា ប្រទេសទាំងពីរមានចំណងមិត្តភាពយូរអង្វែង ក៏ប៉ុន្តែទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅមានកម្រិតទាបនៅឡើយ បើប្រៀបធៀបនឹងទំហំសេដ្ឋកិច្ច និងសក្តានុពលពិតប្រាកដ ដែលទាមទារឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាងមុន និងកំណត់សកម្មភាពច្បាស់លាស់ ដើម្បីធានាឲ្យបាននូវស្ថិរភាព និងការស្តារសង្គម-សេដ្ឋកិច្ច។ ប្រទេសទាំងពីរ មានលក្ខណៈបំពេញឲ្យគ្នាទៅវិញទៅមក ដែលក្នុងនេះ ហុងគ្រី ជាច្រកចូលដ៏សំខាន់ក្នុងនាំផលិតផលកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប ចំណែកឯកម្ពុជា មានទីតាំងភូមិសាស្ត្រ ស្ថិតនៅចំចំណុច កណ្តាលអាស៊ាន ដែលជាច្រកចូលដ៏សំខាន់ សម្រាប់ផលិតហុងគ្រីមកកាន់ទីផ្សារ
អាស៊ាន និងប្រទេសជាដៃគូ ផ្សេងទៀត របស់អាស៊ាន។

ក្នុងឱកាសនៃជំនួបពាណិជ្ជកម្មនេះ ភាគីកម្ពុជា និងហុងគ្រី ជជែកពិភាក្សាអំពី គោលនយោបាយលើកទឹកចិត្ត ចំពោះការវិនិយោគ ស្ថានភាពបច្ចុប្បន្នក៏ដូចជា តម្រូវការនានាក្នុងវិស័យ កសិកម្ម ការកែច្នៃ និងសុវត្ថិភាពម្ហូបអាហារ សេវាកម្មទេសចរណ៍ ធនធានទឹក និងឧស្សាហកម្មក្នុងវិស័យបរិស្ថាន កម្មន្តសាលនិងកាត់ដេរសម្លៀកបំពាក់ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រនិងឱសថ។ វិនិយោគិន និងធុរជន នៃប្រទេសទាំងពីរ បានស្វែងយល់ពីទិដ្ឋភាព សក្តានុពល និងស្ថានភាពនៃ ការវិនិយោគនៃប្រទេសទាំងពីរ ព្រមទាំងបានពិភាក្សាអំពីលទ្ធភាព ក្នុងការសហការវិនិយោគ និងធ្វើធុរកិច្ចរួមគ្នា នាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង