ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

និយ័តករទូរគមនាគមន៍កម្ពុជា បិទខ្ទប់ឈ្មោះដែន (DomainName) សរុបចំនួន១៥ ដែលកំពុងដំណើរការល្បែងឆ្នោតខុសច្បាប់

34

 

ភ្នំពេញ ៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានចាត់វិធានការ បិទខ្ទប់ឈ្មោះដែន(DomainName) សរុបចំនួន១៥ ដែលកំពុងដំណើរការល្បែងឆ្នោត ខុសច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា និងឈ្មោះដែន ដែលក្លែងបន្លំជាឈ្មោះដែន សម្រាប់ការស្នើសុំទិដ្ឋាការ នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន។

បើតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១៦ ខែ កុម្ភៈ ឆ្នាំ២០២២នេះ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ខ.ក.) សូមជូនដំណឹងដល់ សាធារណជន ឱ្យបានជ្រាបថា ន.ទ.ក. បានចាត់វិធានការបិទខ្ទប់ឈ្មោះដែនសរុបចំនួន ១៥ (ដូចមានភ្ជាប់ជូន) ដែលកំពុង ដំណើរការល្បែងឆ្នោតខុសច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងឈ្មោះដែន ដែលក្លែងបន្លំជាឈ្មោះដែន សម្រាប់ការស្នើសុំទិដ្ឋាការ នៃសាធារណរដ្ឋ អ៊ីស្លាមប៉ាគីស្ថាន។

កន្លងមក ន.ទ.ក. ធ្លាប់បានចាត់វិធានការបិទខ្ទប់ឈ្មោះដែន ដែលដំណើរការល្បែង ឆ្នោតខុសច្បាប់ ចំនួន ២៥ រួចមកហើយ ដូចមានក្នុងសេចក្តីប្រកាសព័ត៌មានលេខ ០៦៦០ ន.ទ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។

ន.ទ.ក.នឹងបន្តសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរពាក់ព័ន្ធនិង ប្រតិបត្តិករ ទូរគមនាគមន៍ទាំងអស់ ដើម្បីលុបបំបាត់រាល់ឈ្មោះដែន ដែលធ្វើប្រតិបត្តិការ និងផ្តល់សេវាល្បែងស៊ីសងអនឡាញ និងល្បែងឆ្នោត ដែលផ្ទុយច្បាប់ និងសារាចរណែនាំ របស់រាជរដ្ឋាភិបាលលេខ ០៧ សរណន ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ស្តីពីការពង្រឹងការគ្រប់គ្រង អាជីវកម្មល្បែងភ្នាល់ តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៊ីនធឺណិតអនឡាញ ក្នុងនិងក្រៅប្រទេសត្រប់ប្រភេទ ព្រមទាំងឈ្មោះដែនផ្សេងទៀត ទាំងឡាយណា ដែលធ្វើប្រតិបត្តិការខុសច្បាប់ ក្នុងគោលដៅចូលរួមថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម។

ជាមួយគ្នានេះដែរ ន.ទ.ក. សូមអំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមរាយការណ៍ មក ន.ទ.ក. តាមរយៈលេខទូរស័ព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការ ឬតាមបណ្ដាញសង្គម Facebook: “និយ័តករទូរគមនាគមន៍កម្ពុជា -Telecommunication Regulator of Cambodia” នូវឈ្មោះដែនដែលធ្វើប្រតិបត្តិការ និងផ្តល់សេវាល្បែងស៊ីសង អនឡាញ ល្បែងឆ្នោតខុសច្បាប់ និងបង្ហោះរូបភាពនិងវីដេអូអាសអាភាស កុមារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយ ន.ទ.ក.នឹងរក្សាការសម្ងាត់ជូន៕

អត្ថបទដែលជាប់ទាក់ទង