ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ីឆ្នាំ២០២២ សំដៅជំរុញទាក់ទាញ ការវិនិយោគក្នុងគន្លងប្រក្រតីភាពថ្មី នៃវិបត្តិជំងឺកូវីដ-១៩

53

 

ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ វេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ីឆ្នាំ២០២២ ត្រូវបានសហការរៀបចំឡើង ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និង សភាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា (Malaysian Business Chamber of Cambodia) ដើម្បីផ្សព្វផ្សាយច្បាប់ស្ដីពីវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជាជូនវិនិយោគិននិងធុរជនម៉ាឡេស៊ីនៅកម្ពុជា និងនៅបណ្តាប្រទេសនានា ដោយមានអ្នកចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ សរុបចំនួនប្រមាណ ២៦០នាក់។ វេទិកានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានវត្តមានចូលរួមរបស់ឯកឧត្ដម Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា ឯកឧត្តម ចឺយ វិចិត្រ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និងលោកឧកញ៉ា Tan Khee Meng ប្រធានសភាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា។

បើតាមសេចក្ដីប្រកាសព័ត៌មាន , នៅក្នុងវេទិកានេះ ឯកឧត្តម Eldeen HusainiMohd_Hashimឯកអគ្គរដ្ឋទូតវិសាមញ្ញនិង ពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា បានសម្តែងសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំតាក់តែងច្បាប់ ស្ដីពីវិនិយោគនេះឡើង ដែលបានប្រកាសឱ្យប្រើកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។
ឯកឧត្តមយល់ឃើញថា ច្បាប់ស្តីពីវិនិយោគនេះ បានបង្ហាញកាន់តែច្បាស់នូវការលើកទឹកចិត្តដល់វិនិយោគិនក្នុងស្រុក និងបរទេស ហើយច្បាប់នេះក៏ផ្ដោតសំខាន់លើនិន្នាការធុរកិច្ចសកលថ្មីៗ ដោយបានដាក់បញ្ចូលវិស័យ ឧស្សាហកម្មបៃតង, បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ និងឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់។ ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា រាល់ប្បញ្ញត្តិក្នុងច្បាប់នេះសុទ្ធតែបង្ហាញពីកិច្ចសម្រួលតាមរយៈការ លើកលែងពន្ធក្នុងកញ្ចប់លើកទឹកចិត្ត និងការការពារវិនិយោគ សំដៅធ្វើឱ្យកាន់តែមានភាពងាយស្រួល រលូន និងប្រសិទ្ធភាពក្នុងការអនុវត្តនីតិវិធីចុះបញ្ជីសម្រាប់ក្រុមហ៊ុនវិនិយោគ។ ឯកឧត្តមបានសម្តែងនូវ សុទិដ្ឋិនិយមថា កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំច្បាប់ស្តីពីវិនិយោគនេះនឹងទទួល បាននូវលទ្ធផលផ្លែផ្កានៅក្នុងរយៈពេលខ្លីខាងមុខ ហើយឯកឧត្តមមានជំនឿយ៉ាងមុតមាំទៀតថា តាមរយៈច្បាប់នេះកម្ពុជាអាចច្បាមយកកាលានុវត្តភាពជាអតិបរមាក្នុងការជំរុញវិនិយោគឱ្យកាន់តែមាន សន្ទុះទៅមុខជាបន្តបន្ទាប់។

ឯកឧត្តម ចយ វិចិត្រ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានសម្តែងអំណរសាទរចំពោះកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជាក្នុងការរៀបចំឱ្យមានវេទិការធុរកិច្ចកម្ពុជា- ម៉ាឡេស៊ីនេះឡើងដើម្បី ផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោតថ្មីនៃព្រះរាជាណាចក្រកម្ពុជាដល់វិនិយោគិន និងធុរជនម៉ាឡេស៊ីដែល កំពុងរកទទួលទាននៅកម្ពុជា និងនៅតាមបណ្តាប្រទេសនានា។ ឯកឧត្តមក៍បានរំលេចពីទំនាក់ទំនង ការទូត ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរដែលបានពូនជ្រុំ និងលើកកម្ពស់ឱ្យកាន់តែប្រសើរជាបន្តបន្ទាប់។

ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ ក. អ. ក. បានថ្លែង អំណរគុណដល់ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា, សភាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា និងភ្នាក់ងារជំរុញវិនិយោគ ម៉ាឡេស៊ី ព្រមទាំងតួអង្គពាក់ព័ន្ធដទៃទៀត ដែលបានខិតខំប្រឹងប្រែង និងចូលរួមយ៉ាងសកម្ម សហការ រៀបចំវេទិកានេះ។ កាយវិការនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយជ្រោមជ្រែង ផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដល់ធុរជននិងវិនិយោគិនម៉ាឡេស៊ីដែលមាន សកម្មភាពនៅកម្ពុជាក៏ដូចជានៅតាមបណ្តាប្រទេសនានាឱ្យទទួលបានព័ត៌មានកាន់តែទូលំទូលាយ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពចាំបាច់របស់កម្ពុជាក្នុងការកែលម្អបរិស្ថានវិនិយោគសំដៅជំរុញទាក់ទាញ ការវិនិយោគក្នុងគន្លងប្រក្រតីភាពថ្មីនៃវិបត្តិជំងឺកូវីដ-១៩ ដែលទាមទារឱ្យកម្ពុជាប្រកាន់យកនូវអភិក្រម បុរេសកម្មជាងមុន ក្នុងការជំរុញ និងទាក់ទាញវិនិយោគប្រកបដោយគុណភាព និងចីរភាព។ ឯកឧត្តម រដ្ឋមន្ត្រីបានជម្រាបជូនអង្គវេទិកាថាច្បាប់នេះត្រូវបានតាក់តែងឡើង ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួល នៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច បដិវត្តន៍ឧស្សាហកម្ម៤.០ បរិវត្តកម្មឌីជីថល និងការរអាក់រអួល នៃខ្សែច្រវាក់តម្លៃសាកលដែលបណ្ដាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩ សំដៅច្បាមយកកាលានុវត្តភាព ជាអតិបរមាពីនិម្មាបនកម្មសេដ្ឋកិច្ចក្នុងតំបន់ដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស។ ឯកឧត្តមរដ្ឋមន្ដ្រីមាន សុទិដ្ឋិនិយម ថាតាមរយៈវេទិកានាថ្ងៃនេះវិនិយោគិនម៉ាឡេស៊ីនឹងបានយល់កាន់តែច្បាស់ និងស៊ីជម្រៅ បន្ថែមទៀតពីច្បាប់នេះ និងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។

លោកឧកញ៉ា Tan Khee Meng ប្រធានសភាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា បានថ្លែងចំណាប់ អារម្មណ៍ថាច្បាប់ស្តីពីវិនិយោតនៃព្រះរាជាណាចក្រកម្ពុជា នឹងក្លាយជាមូលដ្ឋានច្បាប់ និងបទប្បញ្ញត្តិដ៍រឹងមាំមួយ សម្រាប់ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងជួយជំរុញដល់ការលូតលាស់សេដ្ឋកិច្ច របស់កម្ពុជា។ លោកឧកញ៉ាបានលើកឡើងថា កំណើនសេដ្ឋកិច្ចកម្ពុជាបានបន្តរីកចម្រើនឥតឈប់ឈរ ក្នុងអំឡុងពេលពីរទស្សវត្សចុងក្រោយ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

វេទិកានេះក៏មានការធ្វើបទបង្ហាញស្តីពីច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជាដោយ លោក សួន សុផល ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងការជំរុញគម្រោងវិនិយោគឯកជនន ក.អ. ក ដោយផ្តោតលើចំណុចសំខាន់ៗ នៃច្បាប់នេះ ដែលមានគោលបំណងបង្កើតនូវក្របខ័ណ្ឌគតិយុត្តិដែល បើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកបដោយភាព អំណោយផលសម្រាប់ការវិនិយោគ ដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគ ដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេសប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។

គួរកត់សម្គាល់ថា គិតត្រឹមដំណាច់ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ របស់ម៉ាឡេស៊ី ចំនួន ១៦២គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៣,១៥ប៊ីលានដុល្លារអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង