ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ក៏បានជំរុញឱ្យខិតខំបំរើសេវាសាធារណៈជូន ប្រជាពលរដ្ឋបានល្អប្រសើរ

73
បាត់ដំបង ៖ នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបសកម្មភាពការងារប្រចាំឆ្នាំ២០២១ និងលទ្ធផលអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនិងសមាជិក សមាជិការគណបក្សគ្រប់ជាន់ថ្នាក់ និងគ្រប់ផ្នែក ដែលបានខិតខំជំរុញការបំពេញភារកិច្ចបំរើជាតិ និងប្រជាជននៅតាមមូលដ្ឋាន ព្រមទាំងការបំពេញភារកិច្ចសំខាន់ៗជាច្រើនទៀតជូនគណបក្ស ក្នុងដំណើរឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ។
សម្ដេចក្រឡាហោម ក៏បានជំរុញឱ្យថ្នាក់ដឹកនាំ និងសមាជិកសមាជិការគណបក្សដែលស្ថិតក្នុង មុខតំណែងសាធារណៈផ្សេងៗនៅតាមមូលដ្ឋានខេត្តបាត់ដំបង សូមបន្តខិតខំបំពេញភារកិច្ចបំរើប្រជាពលរដ្ឋឱ្យបានល្អ រួមគ្នាដោះស្រាយភាពអសកម្មទាំងឡាយ ដែលប៉ះពាល់ដល់ប្រយោជន៍ជាតិ និងប្រជាជន ក្នុងនោះរាប់ទាំងការដោះស្រាយបញ្ហា រំលោភដីព្រៃលិចទឹកជាប់បឹងទន្លេសាប ចាប់ពីស្រុកមោងឬស្សី ស្រុកសង្កែរ ស្រុកឯកភ្នំ និងស្រុកថ្មគោល។ សម្ដេចបានណែនាំឱ្យផ្ដល់ព័ត៌មានជូនសម្ដេចអំពីបញ្ហានេះ ដើម្បីចូលរួមចំណែកជំរុញការដោះស្រាយ ទៅតាមយន្តការដែលអាចធ្វើទៅបាន។
នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានផ្ដល់ឱកាសជូនអង្គសន្និបាតឡើង ថ្លែងបញ្ចេញមតិយោបល់ អំពីប្រធានបទផ្សេងៗ ពាក់ព័ន្ធ នឹងកិច្ចការបំរើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន រួមទាំងកិច្ចការផ្សេងៗរបស់គណបក្ស។ តាមរយៈការស្ដាប់មតិយោបល់ទាំងនោះ សម្ដេចបានលើកទឹកចិត្តឱ្យតួអង្គគណបក្សនៅ តាមមូលដ្ឋានដែលកាន់មុខតំណែងនានា បន្តការខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ដើម្បីរួមចំណែក ប្រមូលកម្លាំងគាំទ្រជូនគណបក្ស។
ភ្ជាប់នឹងការងារនេះ សម្ដេចក្រឡាហោម ក៏បានជំរុញឱ្យខិតខំបំរើសេវាសាធារណៈជូន ប្រជាពលរដ្ឋបានល្អប្រសើរ ពិសេសក្រុមប្រឹក្សាឃុំសង្កាត់ ស្មៀនឃុំសង្កាត់ ប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ និងមេភូមិ។
ក្នុងកិច្ចពិភាក្សាជាមួយ អង្គសន្និបាតនោះដែរ សម្ដេចក្រឡាហោមប្រធានក្រុមការងារ គណបក្សចុះជួយមូលដ្ឋាន ខេត្តបាត់ដំបង និងព្រៃវែង ក៏បានផ្ដល់អនុសាសន៍ជំរុញការដោះស្រាយ ទំនាស់ដីធ្លីប្រកបដោយតម្លាភាព និងយុត្តធម៌ ៕
អត្ថបទដែលជាប់ទាក់ទង