ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គយ កែសម្រួលវិធានការ ក្នុងការទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងការនាំចូលសាច់បង្កកនិង ទំនិញបង្កកផ្សេងទៀត ចូលមកកម្ពុជា

28

 

ភ្នំពេញ ៖ លោក គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចេញប្រកាសកែសម្រួលវិធានការ ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងការនាំចូលសាច់បង្កក និងទំនិញបង្កកផ្សេងទៀត ចូលមកព្រះរាជាណាចក្រកម្ពុជា។

លោក គុណ ញឹម បានឲ្យដឹងថា ដោយសង្កេតឃើញស្ថានភាព នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេសវីរ៉ុសប្រភេទ Delta នៅតាមបណ្តាប្រទេសប្រភពនាំចូលសាច់បង្កក និង ទំនិញបង្កកផ្សេងទៀត ចូលមកកម្ពុជាមានភាពធូរស្រាល ស្របពេលដែលស្ថានភាពការរីករាលដាល់ នៃវីរុសប្រភេទ បំប្លែងថ្មី Omicron ស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន ហើយលទ្ធផល នៃការធ្វើតេស្តលើសាច់បង្កក នាពេលកន្លងមក ពុំឃើញមានវត្តមានវីរុសកូវីដ-១៩ ទៀតនោះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សម្រេចលើកលែង “ការតម្រូវឱ្យមានវិញ្ញាបនបត្រ ឬលិខិតបញ្ជាក់ថា គ្មានវីរុសកូវីដ-១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ចនាំចេញ” ដូចមានចែងក្នុងចំណុច ២. នៃលិខិតលេខ ២២៩៤២១ អគរ ដូចយោងខាងលើ។

ដោយឡែក ចំពោះមុខទំនិញត្រជាក់ និងទំនិញបង្កកនាំចូលពីប្រទេសជិតខាង មន្ត្រីគយនិងរដ្ឋាករមាន សមត្ថកិច្ចត្រូវបន្តអនុវត្តវិធានការអនាម័យ និងវិធានការសុខាភិបាលឱ្យបានហ្មត់ចត់ ដោយបាញ់ថ្នាំសម្លាប់មេរោគ លើសំបករ៉េចខ្ចប់ និងមធ្យោបាយដឹកជញ្ជូនទំនិញ៕

អត្ថបទដែលជាប់ទាក់ទង