ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចប្រធានរដ្ឋសភា ស្នើឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ជំរុញវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងបណ្តុះបណ្តាលធនធានមនុស្ស ដល់កម្ពុជា

316

 

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម ដាតុ ស្រ៊ី អ៊ីស្មាអែល ប៊ីន យ៉ាកុប (Dato Sri Ismail Sabri Bin YAAKOB) នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិមានរដ្ឋសភា ក្នុងកំឡុងពេល ឯកឧត្តមនាយករដ្ឋមន្រ្តីបានដឹកនាំគណប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅកម្ពុជា ពីថ្ងៃទី២៣ ដល់ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។

ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រីហេង សំរិន បានសម្តែងក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមាន ឯកឧត្តមនាយករដ្ឋមន្រ្តីនិងគណៈប្រតិភូ ហើយបានចាត់ទុកដំណើរទស្សនកិច្ចនាពេលនេះជាការរួមចំណែកដ៏សំខាន់បន្ថែមទៀតដល់ ការពូនជ្រុំលើកកម្ពស់ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រជាជាតិទាំងពីរ ដែលមានជាង៦០ឆ្នាំ មកនេះ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។

ក្រៅពីការថ្លែងអំណរគុណចំពោះម៉ាឡេស៊ីដែលជួយគំាទ្រកម្ពុជានៅក្នុងការស្វែងរកសន្តិភាពនិងការអភិវឌ្ឍប្រទេសរហូតមក សម្តេចប្រធានរដ្ឋសភាបានស្នើដល់ភាគីម៉ាឡេស៊ីជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ពីប្រទេសម៉ាឡេស៊ី មកកម្ពុជាបន្ថែមទៀត។ ជាមួយគ្នានេះ សម្តេចបានស្នើសូមឯកឧត្តមនាយករដ្ឋមន្រ្តី ពិនិត្យលទ្ធភាព បន្តជួយបណ្តុះបណ្តាលធនធានមនុស្ស ដល់មន្រ្តីរាជការ និងនិស្សិតកម្ពុជា ដើម្បីជាការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តម ដាតុ ស្រ៊ី អ៊ីស្មាអែល ប៊ីន យ៉ាកុប បានជម្រាបសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ពីលទ្ឋផលនៃជំនួបពិភាក្សាការងារនាព្រឹកមិញ ជាមួយសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ដោយបានឯកភាពគ្នាការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសំ ខាខ់ៗ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិទ្យាព័ត៌មាន និងសន្តិសុខព័ត៌មានវិទ្យា ជាដើម។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងក្តីរីករាយដោយសងេ្កតឃើញថា រដ្ឋាភិបាលទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នា ទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ពិសេសក្នុងក្រខណ្ឌអាស៊ាន។ រដ្ឋសភាកម្ពុជាបានវាយតំលៃខ្ពស់ចំពោះ រដ្ឋាភិបាល ប្រទេសទាំងពីរ ដែលបានបង្កើតកិច្ចព្រមព្រៀងនិងអនុស្សរណៈនានា ជាមួយគ្នា សំដៅត្រួសត្រាយឱ្យមានយន្តការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាតំបន់ និងអន្តរជាតិ។

បន្ថែមពីនេះសម្តេចបានបញ្ជាក់បន្ថែមទៀតថា រដ្ឋសភាកម្ពុជាពេញចិត្ត និងគាំទ្រកិច្ចសហប្រតិបត្តិការ ពហុវិស័យ ដែលស្ថាប័ននីតិប្រតិបត្តិ នៃប្រទេសទាំងពីរបានធ្វើរួមគ្នា និងសូមលើកទឹកចិត្តឱ្យបង្កើន កិច្ចសហប្រតិបត្តិការថ្មីៗថែមទៀត ស្របតាមការវិវឌ្ឍន៍នៃសភាពការណ៍ សកលលោកបច្ចុប្បន្ន។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា ស្ថាប័ននីតិប្បញ្ញត្តិកម្ពុជានិងម៉ាឡេស៊ី ក៏បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងច្រើនផងដែរ តាមរយៈការគាំទ្រគ្នាទៅវិញទៅមក ក្នុងវេទិកាអន្តរសភាតំបន់ និងសកលលោក មានដូចជា AIPA និង IPU ជាដើម។

ឯកឧត្តម ដាតុ ស្រ៊ី អ៊ីស្មាអែល ប៊ីន យ៉ាកុប បានថ្លែងអំគុណចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងតាមរយៈក្រុមមិត្តភាពសភាកម្ពុជា-ម៉ាឡេស៊ី ។ នៅចុងបញ្ចប់ឯកឧត្តម នាយករដ្ឋមន្រ្តី បានគោរពអញ្ជើញ សម្តេចប្រធានរដ្ឋសភាដឹកនាំ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី តាមពេលវេលាសមស្របណាមួយ៕

អត្ថបទដែលជាប់ទាក់ទង