ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស៊ីម៉ាក់ (CMAC)និងបង្កើតប្រព័ន្ធរាយការណ៍ឌីជីថល ដើម្បីងាយស្រួល ប្រជាពលរដ្ឋរាយការណ៏ មកអង្គភាពអំពីគ្រាប់មីន ដែលបងប្អូនបានឃើញ

36

ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថាស៊ីម៉ាក់ (CMAC) បានបង្កើតប្រព័ន្ធរាយការណ៍ឌីជីថលមួយ ដែលមានឈ្មោះថា “ CMAC Helps!” ហើយនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីបង្កើនភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការរាយការណ៍មកអង្គភាពស៊ីម៉ាក់ នៅពេលដែលបានជួប ឬប្រទះឃើញគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។

យោងតាមទំព័រហ្វេសប៊ុកអង្គភាព CMAC បានឱ្យដឹងបន្ថែមថា តាមរយៈប្រព័ន្ធ Application “ CMAC Helps!” នេះ បងប្អូនប្រជាពលរដ្ឋគ្រាន់តែថតរូបគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬផ្តល់ទីតាំងដែលបានប្រទះឃើញគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះ រួចផ្ញើមកអង្គភាព CMAC នោះក្រុមការងារអាចឆ្លើយតបបន្ទាន់ ឬធ្វើការទំនាក់ទំនងទៅបងប្អូនភ្លាម។

សម្រាប់ការភ្ជាប់ Application នេះ បងប្អូនគ្រាន់តែ Download Application ដែលមានស្លាកសញ្ញា Logo CMAC ដែលមានឈ្មោះថា “CMAC Helps!” ទៅក្នុងទូរស័ព្ទដៃទាំងប្រភេទ Andriod និង IOS ជាកាស្រេច ហើយក្រុមអ្នកបច្ចេកទេសនឹងផ្តល់ការពន្យល់លំអិតនៅពេលឆាប់ៗនេះ។
យោងតាមសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធខួបលើកទី២៣ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២២ កម្ពុជាត្រូវធ្វើការបោសសម្អាតផ្ទៃដីដែលមានមីនចំនួន ៧៩៤គីឡូម៉ែត្រការ៉េ និងសំណល់ជាតិផ្ទុះពីសង្គ្រាមរួមទាំងគ្រាប់បែកចង្កោមចំនួន ១ ២៤០គីឡូម៉ែត្រការរ៉េ បន្ថែមទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យតាមផែនការយុទ្ធសាស្ត្រជាតិ «កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥»។

សូមបញ្ជាក់ដែរថា៖ គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២១ ផ្ទៃដីទំហំ ២ ៣២៥ គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្ម ៧១ភាគរយ ហេដ្ឋារចនាសម្ព័ន្ធ ៨ភាគរយ និងផ្សេងៗ២១ភាគរយ រួមមានការសាងសង់លំនៅដ្ឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម ដោយមានប្រជាពលរដ្ឋទទួលផលចំនួន ៧ ៣២២ ៥៣៦នាក់។ មីនប្រឆាំងមនុស្ស ចំនួន ១ ១១៨ ៦៩៣គ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន ២៥ ៩១៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម រាប់បញ្ចូលទាំងគ្រាប់បែកចង្កោម ចំនួន ២ ៩៧៧ ២៦៧គ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោល។ ទន្ទឹមនឹងនេះ ចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៤៤នាក់ ក្នុងឆ្នាំ២០២១កន្លងទៅ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង