ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពុំមានពលរដ្ឋកម្ពុជា កំពុងស្នាក់នៅ ឬនិស្សិតកំពុងសិក្សា នៅប្រទេសអ៊ុយក្រែននោះទេ

303

ភ្នំពេញ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានថ្លែងថា ដោយយើងពុំមានស្ថានទូតប្រចាំនៅប្រទេសអ៊ុយក្រែន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើអោយស្ថានទូតកម្ពុជាប្រចាំនៅរុស្សីស្វែងរកព័ត៌មាន ថាតើមានពលរដ្ឋកម្ពុជាកំពុងស្នាក់នៅ ឬសិក្សារៀនសូត្រនៅប្រទេសអ៊ុយក្រែន ឬទេ? ហើយប្រសិនបើមាន សូមអោយយកចិត្តទុកដាក់ អំពីករណីសុវត្ថិភាពរបស់ពួកគេ ហើយរាយការណ៍ ជូនក្រសួងបានទាន់ពេលវេលា ដើម្បីមានវិធានការណ៍។

ក្រសួងការបរទេស បានទទួលបានព័ត៌មានបឋម ពីស្ថានទូតថា តាមការផ្តល់ព័ត៌មានរបស់ សមាគមនិស្សិតកម្ពុជានៅរុស្សី គឺពុំមានពលរដ្ឋកម្ពុជាកំពុងស្នាក់នៅ ឬសិក្សារៀនសូត្រនៅប្រទេសអ៊ុយក្រែនឡើយ ហើយស្ថានទូតនឹងបន្តតាមដានបន្តទៅទៀត ។

សូមរម្លឹកថា បន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារ លើអ៊ុយក្រែន កាលពីថ្ងៃម្សិលមិញ បណ្តាប្រទេសនានា បានសម្តែងនូវការ ព្រួយបារម្ភអំពីសុវត្ថិភាព ប្រជាជនរបស់ខ្លួនដែលកំពុង ស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន ខណៈសម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន កាលពីពេលថ្មីៗនេះ អំពាវនាវឱ្យមានកិច្ចសន្ទនា និងស្វែងរកដំណោះស្រាយ ដោយសន្តិវិធីរវាងប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង