ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មវិធី Metaverse អនុញ្ញាតឱ្យក្មេងជំទង់ ចូលទៅក្នុងក្លឹបនិម្មិត សម្រាប់មនុស្សពេញវ័យ

269

ភ្នំពេញ៖បើតាមការស៊ើបអង្កេតរបស់សារព័ត៌មាន BBC កាលពីពេលថ្មីៗនេះបាន រកឃើញថាកម្មវិធីមួយចំនួនដែលមាននៅក្នុងកម្មវិធី Metaverse មានភាពប៉ះពាល់ខ្លាំងទៅ លើសុខមាលភាពរបស់កុមារ ដោយសារតែមិនមាន ការគ្រប់គ្រងច្បាស់លាស់ពីក្រុមហ៊ុន Meta។

Metaverse គឺជាបច្ចេកវិទ្យាសម្រាប់ អ្នកលេងហ្គេមដែលបានពាក់កាសនិម្មិត (virtual reality headset) ដើម្បីឱ្យពួកគេមានអារម្មណ៍ថា គេកំពុងតែស្ថិតនៅក្នុងស្ថានភាពនោះពិតៗ ប៉ុន្តែបច្ចេកវិទ្យានេះកំពុងត្រូវបាន កែសម្រួលសម្រាប់ការ ប្រើប្រាស់នៅក្នុង ស្ថានភាពផ្សេងទៀតមានដូចជា ការប្រកបការងារ ការប្រគំតន្ត្រី ដំណើរកម្សាន្ត ឬការទស្សនាភាពយន្តជាដើម។

នៅក្នុងការស៊ើបអង្កេតនេះ អ្នកស្រាវជ្រាវរបស់ BBC បានប្រើកាស Meta Quest និងបានទាញយកកម្មវិធី VRChat ដែលជាវេទិកានិម្មិតអនឡាញ ដោយឱ្យអ្នកប្រើប្រាស់អាចប្រើរូបតំណាង 3D។ ទោះជាកម្មវិធីនេះមិនត្រូវបានបង្កើតឡើងដោយ Facebook វាអាចត្រូវបានទាញយក ពីហាងកម្មវិធីនៅលើកាស Meta Quest របស់ Facebook ដោយមិនមានការត្រួតពិនិត្យ ឬផ្ទៀងផ្ទាត់អាយុឡើយ ហើយតម្រូវការតែមួយគត់នោះ គឺគណនី Facebook។ នៅខាងក្នុងកម្មវិធី VRChat មានបន្ទប់ដែលអ្នកប្រើប្រាស់អាចជួបជុំគ្នាបានជាធម្មតាមានដូចជាភោជនីយដ្ឋាន McDonald’s ប៉ុន្តែក៏មានក្លឹបរាំបែបអាសអាភាសផងដែរ។

បើទោះបីជាអ្នកស្រាវជ្រាវបាន ចុះឈ្មោះប្រើកម្មវិធីជាក្មេងស្រីអាយុ ១៣ឆ្នាំ ប៉ុន្តែនាងអាចចូលទៅ លេងបន្ទប់និម្មិតផ្សេងទៀត ដែលមានរូបតំណាង កំពុងធ្វើកាយវិការរួមភេទ។ នាងត្រូវបានគេបង្ហាញឱ្យឃើញឧបករណ៍ផ្លូវភេទ និងស្រោមអនាម័យជាដើម។ ជាងនេះទៅទៀតមាន បុរសពេញវ័យជាច្រើន បានព្យាយាមធ្វើការទាក់ទង ជាមួយនាងផងដែរ។

ដើម្បីសុវត្ថិភាព និងសុខុមាលភាពរបស់កុមារ ក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា លោកអ្នកគួរតែមាន ការប្រុងប្រយ័ត្នក្នុងពេល ដែលពួកគេធ្វើការទាញយកកម្មវិធី និងធ្វើការណែនាំ ពីហានិភ័យទាក់ទង និងការប្រើប្រាស់បច្ចេកវិទ្យា៕

អត្ថបទដែលជាប់ទាក់ទង