ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ផែនការនិងគោលដៅ គណបក្សប្រជាជនកម្ពុជា មានតែមួយគត់ គឺប្ដេជ្ញាថែរក្សាការពារ បូរណភាពទឹកដី និងសេចក្ដីសុខប្រជាជន

286

ស្វាយរៀង៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ផែនការនិងគោលដៅ គណបក្សប្រជាជនកម្ពុជា មានតែមួយគត់ គឺប្ដេជ្ញាថែរក្សាការពារ សន្ដិភាព បូរណភាពទឹកដី និងសេចក្ដីសុខប្រជាជន ។ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារគណបក្សចុះជូយមូលដ្ឋានខេត្តស្វាយរៀង បានបញ្ជាក់បែបនេះ ខណៈលោកស្រីចូលរួម  ជាអធិតបីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការ ណ៍ ស្តីពីសភាពការណ៍ទូទៅ និងបូកសរុបការងារគណបក្សប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តបន្ត របស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នាព្រឹក ថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២២ ។

 

ថ្លែងក្នុងឱកាសនោះ លោកស្រីក៏បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរតែងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង។

 

លោកស្រីកិត្តិសង្គហបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលគណបក្សបានទទួល នៅក្នុងកាលៈទេសៈដែល ពិភពលោកទាំងមូល និងកម្ពុជា កំពុងប្រឈមនឹងការរីករាលដាល នៃជំងឺកូវីដ-១៩ ហើយក៏មិនភ្លេចសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណបក្សគ្រប់ថ្នាក់ អាជ្ញាធរ ដែនដីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការ និងប្រជាជនខេត្តស្វាយរៀងទាំងមូលបានរួមគ្នាកសាង និងអភិវឌ្ឍន៍ខេត្តស្វាយរៀង ទទួលបានលទ្ធផលគួរជាទីមោទនៈ  ។      នៅក្នុងកិច្ចប្រជុំនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានធ្វើការផ្សព្វផ្សាយនូវខ្លឹមសារទាំងស្រុងនៃរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ។

 

លោកស្រី កិត្តិសង្គហបណ្ឌិត លោក លោកស្រី ថ្នាក់ដឹកនាំទាំងអស់ ក្នុងកិច្ចប្រជុំនេះ មេត្តាយកចិត្តទុកដាក់សហការផ្តោតទៅលើកិច្ចការសំខាន់ៗ មួយចំនួនចំពោះមុខ ដូចខាងក្រោម ៖ ១. គណៈកម្មាធិការគណបក្សគ្រប់ក្រុង-ស្រុក ដែលទទួលបានការផ្ទេរសិទ្ធិពីសម្តេចតេជោប្រធានគណបក្ស ត្រូវទទួលដឹកនាំក្នុងការបំពេញបែបបទ រៀបចំបញ្ជីបេក្ខជនតាមកម្មវិធីរបស់ គ ជ ប និងត្រូវដាក់ពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅគណៈកម្មការឃុំ-សង្កាត់រៀបចំការ បោះឆ្នោត (គឃ.សប) ឱ្យបាន ទាំង ៨០ឃុំ-សង្កាត់ នាថ្ងៃដំបូងគឺ ថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២២ ជាកំណត់។  ២. គណៈកម្មការផ្នែកច្បាប់ និងគណៈកម្មការឃោសនារបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតខេត្ត ត្រូវរួមគ្នាយកចិត្តទុកដាក់ធ្វើការបណ្តុះបណ្តាល ច្បាប់ បទបញ្ជា និងនីតិវិធីនៃការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ជូនដល់ក្រុមបេក្ខជនឈរឈ្មោះ និងភ្នាក់ងារសង្កតការណ៍ របស់គណបក្ស ព្រមទាំងមន្រ្តីពាក់ព័ន្ធទាំងអស់ ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការចាត់តាំងអនុវត្ត ទទួលខុសត្រូវតាមភារកិច្ចរៀងៗខ្លួន ឱ្យបានជោគជ័យក្នុងការបោះឆ្នោតនាថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២២។ ៣. ត្រូវបន្តការឃោសនាអប់រំ និងចលនាមហាជនតាមគ្រប់រូបភាព និងគ្រប់ មធ្យោបាយឱ្យបានទូលាយ និងស៊ីជម្រៅក្នុងប្រជាជនគ្រប់ស្រទាប់វណ្ណៈ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងគ្រប់មជ្ឈដ្ឋានក្នុងសង្គម ដើម្បីបង្កើនជំនឿលើការដឹកនាំ របស់គណបក្ស ហើយចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តទិសដៅ និងវិធានការទាំងឡាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងទប់ស្កាត់រាល់ ឧបាយកលបំផ្លិចបំផ្លាញរបស់ពួកប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិនានា និងជាមួយនេះ ត្រូវយក ចិត្តទុកដាក់អនុវត្តសេចក្តីណែនាំរបស់គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ស្តីពីការងារឃោសនា ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឱ្យមានប្រសិទ្ធភាព។       ៤. បង្កើនការខិតខំលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពស្អាតស្អំ ក្នុងការផ្តល់សេវាសាធារណៈ ដែលជាកាតព្វកិច្ចរបស់មន្រ្តីគណបក្សយើងស្ថិតនៅក្នុង មន្ទីរ-អង្គភាពវិស័យនីមួយៗ របស់រដ្ឋ និងជាសេចក្តីត្រូវការនៃជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយផ្តោតជាពិសេសលើវិស័យអប់រំ សុខាភិបាល ការដោះស្រាយដីធ្លី និងសេវារដ្ឋបាលសាធារណៈគ្រប់ប្រភេទ ទាំងនៅរដ្ឋបាលថ្នាក់ខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងភូមិ។ ៥.បន្តការខិតខំជំរុញយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដូចដែលបានអនុវត្តកន្លងមក ជាពិសេស សមាជិក សមាជិការ គណបក្សប្រជាជនគ្រប់ថ្នាក់ ត្រូវដើរតួនាទីក្នុងការផ្សព្វផ្សាយ និងការជម្រុញក្នុងការ ចាក់វ៉ាក់សាំង ដើរតួក្នុងបំផុសដល់កុមារទៅចាក់វ៉ាក់សាំងនៅតាម ទីតាំងដែលបានកំណត់ ពីអាយុ ៣-៥ឆ្នាំ និងការចាក់ដូសចម្រុញសម្រាប់កុមារដែល មានអាយុចាប់ពី៦-១២ឆ្នាំ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់នូវការឆ្លងរីករាល ដាលនៃជំងឺកូវីដ ១៩ នៅក្នុងសហគមន៍។ ៦. គណបក្សគ្រប់ថ្នាក់ ក្រុមការងារគណបក្សគ្រប់ថ្នាក់ ត្រូវបន្តគាំទ្រ និងសហការជាមួយ សកម្មជនជាបេក្ខជនឈរ ឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ចាប់ពីពេលនេះទៅត្រូវសកម្មក្នុងការ ចុះជួបសួរសុខទុក្ខប្រជាជនម្ចាស់ឆ្នោតតាមខ្នងផ្ទះ ដោយត្រូវចលនាទាក់ទាញសមានចិត្តអ្នកបោះឆ្នោត ឱ្យបោះឆ្នោតគាំទ្របេក្ខជនគណបក្សប្រជាជនកម្ពុជា តាមរយៈ ការឃោសនាបង្ហាញអំពីសមិទ្ធផលធំៗ ថ្មីៗជាច្រើន ដែលជាស្នាដៃកសាងឡើង ដោយគណបក្សប្រជាជនកម្ពុជា តែមួយគត់នៅគ្រប់មូលដ្ឋាន។ ពិសេសការចាក់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ.១៩ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ៧. ត្រូវរៀបចំតិទិនច្បាស់ លាស់ពីពេលនេះរហូតដល់ ថ្ងៃយុទ្ធនាការឃោសនា និងក្នុងវគ្គយុទ្ធនាការឃោសនា រយៈពេល ១៤ថ្ងៃ (២១ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២២)៕. សំរិត

អត្ថបទដែលជាប់ទាក់ទង