ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អូស្រ្តាលី បានកំពុងធ្វើការជាច្រើន ដើម្បីជួយដល់ការ ស្តារសេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩

31

ភ្នំពេញ៖ ថ្ងៃពុធនេះ អនុលេខាធិការ Cooper មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកអាស៊ាន និងជាអនុលេខាធិការ បានជួបពិភាក្សាជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅក្នុង ក្រសួងពាណិជ្ជកម្ម Ministry of Commerce។

ឯកឧត្តម និងលោកជំទាវ បានពិភាក្សាអំពីកម្មវិធីភាពជាដៃគូមេគង្គនិងអូស្រ្តាលី (Mekong-Australia Partnership) និងជំនួយរបស់យើងទៅដល់អាទិភាពសេដ្ឋកិច្ចផ្នែកអាស៊ានរបស់កម្ពុជា។ ឯកឧត្តម និងលោកជំទាវ ក៏បានផ្តោតសំខាន់ទៅលើ ការតភ្ជាប់ ការចាប់យកប្រព័ន្ធឌីជីថល និងការអនុវត្តន៍ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន ប្រទេសអូស្រ្តាលី និងប្រទេសនូវែលសេឡង់ (AANZFTA)។

អនុលេខាធិការ Cooper បានមានប្រសាសន៍ថា “អូស្រ្តាលីបានកំពុងធ្វើការជាច្រើន ដើម្បីជួយដល់ការស្តារសេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ រួមទាំង តាមរយៈគំនិតដែលផ្តោតលើការការពារអ្នកប្រើប្រាស់ ការកែច្នៃកសិផល ការគ្រប់គ្រងធនធានទឹក ការបង្កើនការបញ្ជូននិសិត្សទៅសិក្សាវគ្គខ្លីៗ និងការអនុវត្តន៍កិច្ចព្រមព្រៀង RCEP ។ អូស្រ្តាលីនឹងបន្តផ្តល់ជំនួយដល់អាទិភាពសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២២ ព្រមទាំងក្នុងក្របខណ្ឌអាស៊ានផងដែរ”។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្រ្ដី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកជំទាវ Katrina Cooper និងសហការី ព្រមទាំងបានអបអរសាទរដែលលោកជំទាវបានទទួលភារកិច្ចថ្មីជាអនុលេខាធិការទទួលបន្ទុកអាស៊ីអគ្នេយ៍ និងក្រុមដៃគូសកលនៃក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្រ្តាលី និងបានថ្លែងអបអរសាទរចំពោះការបង្កើតចំណងការទូតរយៈពេល ៧០ ឆ្នាំមកនេះ រវាងកម្ពុជានិងអូស្រ្តាលី។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្ដី បានជម្រាបជូនអំពីការរីកចម្រើនវិស័យពាណិជ្ជកម្មទ្វេភាគី ទោះបីជាស្ថិតក្នុងកាលៈទេសៈនៃវិបត្តិកូវីដ-១៩ ក៏ដោយ ក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២១ មានទំហំ ៣២៤ លានដុលា្លរ កើនទ្បើង ៥២% បើធៀបនឹងឆ្នាំ២០២០។ បន្ថែមពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីវឌ្ឍនភាពនៃការរៀបចំបញ្ជីសមិទ្ធផលសេដ្ឋកិច្ចអាទិភាពរបស់កម្ពុជា ក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានស្របតាមមូលបទ “អាស៊ានរួមគ្នាធ្វើ – ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” (ASEAN : Addressing Challenges Together) ក្នុងនោះ ក៏បានសង្កត់ធ្ងន់លើការជំរុញ និងពន្លឿននូវកិច្ចខិតខំប្រឹងប្រែងសំដៅស្តារឡើងវិញលើគ្រប់វិស័យ ដើម្បីកសាងសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាលើការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន-អូស្រ្តាលី-នូវែលស្សេឡង់ (AANZFTA) ដែលកម្ពុជា និងអូស្រ្ដាលីជាសមាជិក ផងដែរ។ បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាលើកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌភាពជាដៃគូមេគង្គនិងអូស្រ្តាលី (Mekong-Australia Partnership) និងការគាំទ្ររបស់អូស្រា្តលីសម្រាប់សមិទ្ធផលសេដ្ឋកិច្ចអាទិភាពរបស់កម្ពុជា។

ក្នុងឱកាសនោះ លោកជំទាវអនុលេខាធិការ បានអបអរសាទរចំពោះការរីកចម្រើនពាណិជ្ជកម្មទ្វេភាគី និងប្តេជ្ញាបន្តជំរុញកំណើនពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត។ ជាមួយគ្នានេះ លោកជំទាវក៏បានបញ្ជាក់ពីការគាំទ្ររបស់អូស្រ្តាលី ចំពោះកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្លាស់វេនឆ្នាំ២០២២ និងប្តេជ្ញាបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា សំដៅអាចសម្រេចបាននូវសមិទ្ធផលអាទិភាពកម្ពុជាប្រកបដោយជោគជ័យ។

នៅកិច្ចបញ្ចប់ ភាគីទាំងបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង