ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងរៀបចំដែនដី ហាមឃាត់ការសាងសង់ ឬរុះរើសំណង់ ដែលមិនទាន់ទទួលបានលិខិតអនុញ្ញាត ពីក្រសួងសាមី

55

 

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកជា សុផារ៉ា បានជម្រាបជូនលោក លោកស្រី ប្រធានក្រុមហ៊ុនសាងសង់ និងក្រុមជាងសំណង់ ស្ដីពីការហាមឃាត់ ឬរុះរើសំណង់ ដែលមិនទាន់ទទួលបានលិខិតអនុញ្ញាត។

លោកជា សុផារ៉ា សូមជម្រាបជូន លោក លោកស្រីប្រធាន ជ្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មិនអនុញ្ញាតឱ្យធ្វើការចុះកិច្ចសន្យាម៉ៅការ សាងសង់ ឬរុះរើសំណង់ ដែលមិនទាន់ទទួលបានលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាត និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ ពីអាជ្ញាធរឬមន្ត្រីមានសមត្ថកិច្ចឡើយ។ សកម្មភាពទាំងនេះ ជាអំពើខុសច្បាប់ ព្រោះតម្រោងសាងសង់សំណង់នោះ មិនមានប្លង់ស្ថាបត្យកម្មនិង ប្លង់គ្រឿងផ្គុំសំណង់ ដែលទទួលបានការយល់ព្រម ពីអាជ្ញាធរ ឬមន្ដ្រីមានសមត្ថកិច្ច ដែលអាចបង្កឱ្យ ប៉ះពាល់ដល់បទប្បញ្ញត្តិ ស្តីពីធ្លាគម្លាត សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គុណភាព សុវត្ថិភាពសំណង់ សោភ័ណភាព ទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន និងអាចបង្កឱ្យមានវិវាទ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចាត់មន្ត្រីអធិការកិច្ចសំណង់ ចុះត្រួតពិនិត្យ បទល្មើសតាមការដ្ឋានសំណង់ ដើម្បីចាត់វិធានការដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម សាងសង់ និងការដាក់ទណ្ឌកម្មផ្សេងៗទៀត ចំពោះក្រុមហ៊ុន ឬក្រុមជាងរបស់ លោក លោកស្រី ដូចជា ការកសាងសំណុំរឿងបញ្ជូន ទៅតុលាការ ដើម្បីស្នើសុំការរឹបអូសសម្ភារៈ បរិក្ខារ និងឧបករណ៍ផ្សេងៗទៀត ។

ការផ្តន្ទាទោសពិន័យជាប្រាក់ ការផ្ដន្ទាទោសដាក់ពន្ធនាគារ ការរំលាយក្រុមហ៊ុនឬក្រុមជាង ការដាក់ឱ្យ ស្ថិតនៅក្រោមការត្រួតពិនិត្យតាមដាន របស់តុលាការ ការហាមឃាត់ចំពោះការធ្វើសកម្មភាព ការបណ្ដេញ ចេញពីលទ្ធកម្មសាធារណៈ ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោស និងការផ្សាយសេចក្តីសម្រេចផ្តន្ទា ទោសជាសាធារណៈ៕

អត្ថបទដែលជាប់ទាក់ទង