ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិន បានដឹងជាមុនពី ផែនការយោធារបស់រុស្ស៊ី លើអ៊ុយក្រែន

66

វ៉ាស៊ីនតោន៖ ក្រុមមន្ត្រីជាន់ខ្ពស់ចិន ធ្លាប់បានស្នើទៅកាន់ក្រុមមន្ត្រីជាន់ខ្ពស់រុស្ស៊ី កាលពីដើមខែកុម្ភៈកន្លងទៅ កុំឱ្យបើកការវាយប្រហារលើ អ៊ុយក្រែន រហូតចាំដល់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាប្រចាំទីក្រុងប៉េកាំង បិទបញ្ចប់សិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន New York Times នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២។

សារព័ត៌មាន New York Times ធ្វើសេចក្ដីរាយការណ៍បែបនេះដោយ ផ្អែកលើមន្ត្រីរដ្ឋបាលលោក បៃដិន និងមន្ត្រីអឺរ៉ុប ដែលបានបញ្ជាក់ថា ពួកគេបានដឹងរឿងមួយនេះ ពីរបាយការណ៍សម្ងាត់របស់លោកខាងលិច។ សារព័ត៌មានអាមេរិកមួយនេះ បានឱ្យដឹងទៀតថា បើតាមរបាយការណ៍សម្ងាត់ដដែល ក្រុមមន្ត្រីចិនបានដឹងមុនខ្លះៗពីផែនការ ឬចេតនារបស់រុស្ស៊ីក្នុងការបើក ប្រតិបត្តិការយោធាលើអ៊ុយក្រែន នៅមុនពេលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បញ្ជាឱ្យកងទ័ពរុស្ស៊ីវាយលុកចូលអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ។

ប៉ុន្តែ ឆ្លើយតបទៅនឹងការចុះផ្សាយរបស់ New York Times អ្នកនាំពាក្យស្ថានទូតចិន ប្រចាំសហរដ្ឋអាមេរិក លោក លុយ ប៉េងយូ (Liu Pengyu) បានអះអាងថាវាគឺជារឿងមិនពិត។ លោកបញ្ជាក់ដូច្នេះថា «ការអះអាងទាំងឡាយនៅ ក្នុងរបាយការណ៍នោះ គឺជាការប៉ាន់ស្មាន ដោយមិនមានមូលដ្ឋានអ្វីទាល់តែសោះ និងមានចេតនាមួលបង្កាច់ ទម្លាក់កំហុសលើចិនតែប៉ុណ្ណោះ»

ចំណែកឯ ក្រសួងការបរទេសអាមេរិក ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក និងក្រុមប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន ក៏មិនទាន់បានធ្វើ អត្ថាប្បាយអ្វីពាក់ព័ន្ធនឹងការចុះផ្សាយរបស់ New York Times នោះដែរ៕

អត្ថបទដែលជាប់ទាក់ទង