ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចបន្ដឃាត់ខ្លួនកូនកំលោះ និងពូកូនក្រមុំ ករណីប្រើប្រាស់អំពើហិង្សាក្នុងរោងការ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង

52

 

ស្វាយរៀង៖ ករណីផ្ទុះអំពើហិង្សាក្នុងរោងការមួយកន្លែង នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ មិនទាន់បានបញ្ចប់នោះទេ ពោលនេះកម្លាំងសមត្ថកិច្ចបានបន្ដឃាត់ខ្លួនកូនកំលោះ និងពូកូនក្រមុំ ចំនួន២នាក់បន្ថែមទៀត ដែលមានការពាក់ព័ន្ធនឹងករណីនេះ។

លោក ហែម សាមុត អធិការនគរបាលស្រុកកំពង់រោទិ៍ បានឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២នេះថា មនុស្សទាំង២នាក់ដែលត្រូវបានឃាត់ខ្លួន បន្ថែមទៀតនេះ ទី១៖ឈ្មោះ រ៉ា ដេតអាយុ៤៤ឆ្នាំ មុខរបរកសិកររស់ នៅភូមិពោធិ៍ថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ និងទី២៖ឈ្មោះ ស៊ុន រឿន អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ត្រូវជាកូនកំលោះ រស់នៅភូមិចេក ឃុំសំឡី ស្រុកកំពង់រោទិ៍។

បើតាមលោកអធិការ រហូតមកដល់ពេនេះ មនុស្សសរុបចំនួន៤នាក់ ត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់ ហើយបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការបន្ដតាមនីតិវិធី។

សូមរំលឹកថា មានការភ្ញាក់ផ្អើលពេញរោងការដោយសារក្រុមក្មេងទំនើងមួយក្រុម ដែលភ្ញៀវកូនក្រមុំ និងកូនកំលោះ ទាស់សំដីគ្នារហូតបានបើកការវាយតប់គ្នាបណ្ដាលឲ្យរងរបួសម្នាក់ តែត្រូវសមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំស្វាយតាយាន ឃាត់ខ្លួនបានជនសង្ស័យ២នាក់ដើម្បីធ្វើការសាកសួរ។ ហេតុការណ៍វាយតប់គ្នាដ៏កក្រើកនេះ បានកើតឡើងកាលពីវេលាម៉ោង ៨៖៤០នាទីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិពោធ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកកំពង់រោទិ៍ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សិ ហូត អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិសំឡី ឃុំសំឡី ស្រុកកំពង់រោទិ៍ និងឈ្មោះ ហេង ហៃ អាយុ១៨ឆ្នាំ មុខរបរកម្មកររោចក្រ រស់នៅនៅភូមិសាឡាង ឃុំវាលវែង ស្រុកអង្គបូរី ខេត្តកំពង់ចាម។ ចំណែកម្ចាស់ផ្ទះការមានឈ្មោះ ព្រាប សូត ភេទប្រុស អាយុ៤២ឆ្នាំ ស្ថិតនៅក្នុងភូមិពោធ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

សមត្ថកិច្ចបានបន្តថា បុរសរងគ្រោះមានឈ្មោះ ថាលី ជុង មុខរបររោងចក្រអាយុ២៥ឆ្នាំ រស់នៅភូមិពោធិថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ រងរបួសចំក្បាលបណ្តាលឲ្យរងស្រាល។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានភ្ញៀវជាច្រើនបាននាំគ្នាអញ្ជើញចូលរួមហូប មង្គលការម្នាក់ៗមានទឹកមុខយ៉ាងសប្បាយរីករាយទាំងភ្ញៀវកូនកំលោះ និងកូនស្រី។ លុះនៅវេលាកើតហេតុស្រាប់តែមានក្មេងពីរក្រុម បានផឹកស៊ីឡើងអាការៈស្រវឹងជោគក៏មានជម្លោះពាក្យសំដីគ្នាក៏ឈានទៅរកការបើកឆាកប្រយុទ្ធគ្នាផ្អើលបណ្ដាលឲ្យភ្ញៀវរត់ប្រសេចប្រសាចពេញរោងការ៕

អត្ថបទដែលជាប់ទាក់ទង