ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្តីត្រូវដឹងថាសិទ្ធិរបស់ខ្លួនមានអ្វីខ្លះ និងមិនត្រូវយកសិទ្ធិទាំងនោះ ទៅជាន់លើសិទ្ធិអ្នកដទៃឡើយ

94

ភ្នំពេញ៖ លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខណ្ឌកំបូល រាជរដ្ឋាភិបាលភ្នំពេញ បានលើកឡើងថា ស្រ្តីត្រូវដឹងថាសិទ្ធិរបស់ខ្លួនមានអ្វីខ្លះ និងមិនត្រូវយកសិទ្ធិទាំងនោះ ទៅជាន់លើសិទ្ធិអ្នកដទៃនោះទេ ម្យ៉ាងទៀតស្ត្រីគ្រប់រូបត្រូវដឹងថា សិទ្ធិរបស់ខ្លួននៅទីណាខ្លះ អាចទាមទារអ្វីខ្លះ។

ថ្លែងនៅក្នុងពិធីអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា កាលពីវេលាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ នៅសាលាខណ្ឌកំបូល រាជធានីភ្នំពេញ លោកស្រីរដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានឱ្យដឹងថា ស្រ្តីពុំមែនមានសិទ្ធិតែ១ថ្ងៃ នៃទិវាសិទ្ធិនារី៨មីនានោះទេ តាមច្បាប់គឺស្រ្តីមានសិទ្ធិរហូតដល់ទៅ៣៦៥ថ្ងៃគឺក្នុង១ឆ្នាំ។ ស្រ្តីមានសិទ្ធិជ្រើសរើស នូវអ្វីដែលពួកគេចង់ធ្វើនៅក្នុងជីវិត បំពេញការងាររបស់ខ្លួន ទៅតាមការពេញចិត្ត ដូចជា ការសិក្សារៀនសូត្រ ការបំពេញការងារផ្សេងៗ ធ្វើជាម្ដាយ និងជាភរិយាជាដើម ដែលទាំងអស់នេះ ជាសិទ្ធិរបស់នារីគ្រប់រូប។

លោកស្រីបានថ្លែងទៀតថា សិទ្ធិនារី បានមកពីការតស៊ូមតិរវាងស្រ្តី និងដៃគូនៅក្នុង សង្គមគ្រួសារ ក៏ដូចជា ដៃគូនៅក្នុងសង្គមការងារ និងដៃគូសង្គមជាតិ មានន័យថាសិទ្ធិរបស់ស្រ្តីពឹងផ្អែក នៅលើអ្នកទាំងអស់គ្នាផងដែរ។

លោកស្រី អ៉ឹង កន្ថាផាវី បានថ្លែងយ៉ាងដូច្នេះថា «ស្រ្តីក៏ត្រូវដឹងថាសិទ្ធិរបស់ខ្លួនមានអ្វីខ្លះ និងមិនត្រូវយកសិទ្ធិទាំងនោះ ទៅជាន់លើសិទ្ធិអ្នកដទៃនោះទេ ម្យ៉ាងទៀតស្ត្រីគ្រប់រូប ត្រូវដឹងថាសិទ្ធិរបស់ខ្លួន នៅទីណាខ្លះ អាចទាមទារអ្វីខ្លះ ហើយកុំឱ្យសិទ្ធិរបស់ខ្លួន ទៅជាន់សិទ្ធិរបស់អ្នកដទៃឡើយ»។

មួយវិញទៀត សិទ្ធិរបស់ស្ត្រី មនុស្សទូទៅទទួលស្គាល់ ធ្វើម៉េចឱ្យក្រុមគ្រួសាររបស់ខ្លួន សង្គមជាតិរបស់ខ្លួន ទទួលស្គាល់និងមាន ការការពាតាមប្រព័ន្ធច្បាប់ និងតាមប្រព័ន្ធ គោលនយោបាយ។ នេះបើតាមការបន្ថែម របស់រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។

រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានគូសបញ្ជាក់ថា ហេតុអ្វីបានជាប្រទេសកម្ពុជា ក៏ដូចជាប្រទេសនៅ លើសកលលោករម្លឹកនូវទិវានេះជារៀងរាល់ឆ្នាំ? នោះគឺដើម្បីរម្លឹក ពីការតស៊ូរបស់ជីដូន ព្រោះមានអ្នកខ្លះបានស្លាប់ នៅពេលធ្វើបាតុកម្ មដើម្បីតស៊ូតមតិ ស្ដីពីសិទ្ធិនៅក្នុងសង្គមរបស់គាត់ ដើម្បីឱ្យគេទទួលស្គាល់នូវសិទ្ធិរបស់ស្រ្តី។

អ្វីដែលមនុស្សជំនាន់ក្រោយ ទទួលបានផលប្រយោជន៍សិទ្ធិស្រ្តីនាថ្ងៃនេះ គឺបានមកពីការតស៊ូ របស់ជីដូនរបស់ពួកគេ ហើយពួកគេដឹងហើយថា នៅក្នុងប្រទេសកម្ពុជា ស្រ្តីទើបតែទទួលបាន ការបោះឆ្នោតនៅ១៩៥៥។ រីឯប្រទេសមួយចំនួនទៀត ទើបតែឆ្នាំ១៩៦០ជាងទេ ដោយឡែក ផលដែលស្ត្រីជំនាន់ក្រោយ ទទួលបានថ្ងៃនេះ ក៏ពុំមែនបានន័យថាអមតៈនោះដែរ ដូច្នេះទើបស្រ្តីនៅ ក្នុងប្រទេសនីមួយៗនៅលើសកលលោកនេះ សម្រេចចិត្តថា ត្រូវតែអបអរសាទរ ទិវាអន្តរជាតិនារី ដើម្បីរម្លឹកនូវការតស៊ូនេះ។

សូមបញ្ជាក់ថា ការប្រារព្ធពិធីអបអរសាទរ ខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២នេះ ស្ថិតក្រោមមូលបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនា ពេលអនាគត» ដោយមាន គោលបំណងរំលេច អំពីតម្លៃនៃសមភាពយេនឌ័រ ដែលរាជរដ្ឋាភិបាល បាននិងកំពុងគាំទ្រ ជំរុញឱ្យមានការចូលរួម ពីគ្រប់ស្ថាប័ន រួមទាំងបុរសទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្រ្តី និងសុខមាលភាពសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព និងប្រសិទ្ធិភាព ស្របតាមកម្មវិធី នយោបាយរបស់ រាជរដ្ឋាភិបាលលើការ អនុវត្តកំណែទម្រង់ស៉ីជម្រៅ៕

អត្ថបទដែលជាប់ទាក់ទង