ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ

196

ភ្នំពេញ៖ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ នៅវេលាម៉ោង ១៧ និង ០០ នាទី នៅចំណុចភូមិកណ្ដឹងតូច ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ មានករណីអំពើលួច (លួចម៉ូតូ) របស់ជនរងគ្រោះឈ្មោះ ឡុង អូនទូច ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិកណ្ដឹងតូច ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ម៉ូតូធុនស្កុបពី ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1HB-4577 លេខតួ និងលេខម៉ាស៊ីន 5104401 ដែលបញ្ឈរទុកនៅមុខហាងកាត់សំលៀកបំពាក់យីហោ ថ្មីជានិច្ច ដែលបង្កឡើងដោយជនសង្ស័យ ចំនួន ០៣ នាក់។ ក្រោយធ្វើសកម្មភាពលួចយកម៉ូតូជនរងគ្រោះបានហើយ ក្រុមចោរជិះ គេចខ្លួនតាមផ្លូវជាតិលេខ២ ទៅទិសខាងជើង ។

ក្រោយទទួលបានពត៌មានពីជនរងគ្រោះ ដោយមានការចង្អុលបង្ហាញ ពី លោក ឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងការសម្របសម្រួលនីតិវិធី ពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងនគរបាលស្រុកបាទីបាន សហការពីកម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ពួនស្ទាក់គ្រប់ច្រកល្ហក។ លុះដល់វេលាម៉ោង ១៧ និង ៥០ នាទី បានឃាត់ខ្លួនជនសង្ស័យបាន ០១ នាក់ ឈ្មោះ ស្រៀវ រុន ហៅ ទី ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដកហូតបាន វត្ថុតាងម៉ូតូជនរងគ្រោះ និងទុណឺវីសចុងស្រួច (ប្រដាប់កាច់សោរកម៉ូតូ) ចំនួន១ នៅចំណុចភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីធ្វើការសាកសួរ។

ជនសង្ស័យបានសារភាពថា បក្សពួកខ្លួនមានគ្នា បីនាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកស្កុបពី ពណ៌ខ្មៅ គ្មានស្លាកលេខរបស់ឈ្មោះ រាជ ១/. រូបខ្លួន ២/. ឈ្មោះ ចិន ភេទប្រុស អាយុប្រហែល ២០ឆ្នាំ មិនស្គាល់អាស័យដ្ឋាន (គេចខ្លួន) ៣/. ឈ្មោះ រាជ ភេទប្រុស អាយុប្រហែល ១៧ឆ្នាំ មិនស្គាល់អាស័យដ្ឋាន (គេចខ្លួន)។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ កម្លាំងនគរបាលបានប្រគល់ម៉ូតូដល់ជនរងគ្រោះវិញ៕

អត្ថបទដែលជាប់ទាក់ទង