ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុងសប្ដាហ៍ទី១ខែមីនានេះ កម្ពុជាទទួលបានភ្ញៀវជិត២០ម៉ឺននាក់

234

 

ភ្នំពេញ៖ ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី៥-៦ ខែមីនា ឆ្នាំ២០២២ មានសន្ទុះវិជ្ជមានឡើងវិញបន្ទាប់ពីមានការថមថយ៣សប្តាហ៍ជាប់គ្នា ដោយភ្ញៀវសរុបមានចំនួន១៩៩,៤២៩នាក់ ក្នុងនោះភ្ញៀវជាតិ១៨៨,៣៣៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១១,០៩១នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៤០,០១២នាក់
* រាជធានីភ្នំពេញ ២៤,១០១នាក់
* ខេត្តពោធិ៍សាត់ ២៣,៥១៨នាក់
* ខេត្តបាត់ដំបង ២០,៥៩០នាក់
* ខេត្តកំពត ១៩,៣៦១នាក់
* ខេត្តសៀមរាប ១៨,៦០៩នាក់
* ខេត្តកែប ៦.៣១៦នាក់
* ខេត្តកំពង់ស្ពឺ ៥,៨៧៧នាក់
* ខេត្តមណ្ឌលគិរី ៥,០៣១នាក់។

ឯកឧត្ដម ថោង ខុន បានអះអាងថា ចរន្តភ្ញៀវទេសចរក្នុងសប្តាហ៍នេះ មានសន្ទុះវិជ្ជមានឡើងវិញបន្ទាប់ពីមានការថមថយ៣សប្តាហ៍ជាប់គ្នា។ ជាក់ស្តែង តួលេខខាងលើមានការកើនឡើងប្រមាណ២០.៨៣% ធៀបនឹងចុងសប្តាហ៍កន្លងមក។

ជាមួយអត្រាឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ដែលមានលក្ខណៈថមថយខ្លះ ធៀបនឹងសប្តាហ៍កន្លងមក ភ្ញៀវទេសចរបានចាប់ផ្តើមដើរ កម្សាន្តនៅតាមគោលដៅ ទេសចរណ៍តាមខេត្តឡើងវិញ ជាបណ្តើរៗ ប៉ុន្តែតាមការសង្កេតជាក់ស្តែង ចរន្តភ្ញៀវពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត ក៏នៅមិនទាន់មាន ចំនួនច្រើននៅឡើយធៀប នឹងរយៈពេលមុនមាន ការកំរើកឡើងនៃវីរុសប្រភេទអូមីក្រុង។ បើសិនជានិន្នាការ នៃការរីករាលដាលនៃ អូមីក្រុង បន្តថមថយចុះ ចរន្តភ្ញៀវទេសចរផ្ទៃក្នុង នឹងមានភាពផុសផុលត្រលប់មកវិញ ពិសេសអាចវិលទៅរក ស្ថានភាពមុនការកម្រើក នៃប្រភេទអូមីក្រុងនេះ ដូចកាលពីកំឡុងចុងខែមករា និងដើមខែកុម្ភៈកន្លងមក។

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមានការយកចិត្តទុកដាក់ខ្លាំងជាមុន ពិសេសការអនុវត្តវិធានការជាមូលដ្ឋាន «៣កុំ និង ៣ការពារ» ដោយបារម្ភខ្លាច ប្រភេទអូមីក្រុង ដែលមានការចម្លងលឿន។

ក្រសួងទេសចរណ៍ រដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍ មន្ទីរសុខាភិបាលនៅ តែបន្តសហការជាមួយមន្ទីរ និងស្ថាប័នពាក់ព័ន្ធ ខិតខំជំរុញការអនុវត្តន៍វិធានការ៣កុំ និង៣ការពារ វិធាន សុវត្ថិភាពទេសចរណ៍ និង SOP ជាប្រចាំ បើទោះអត្រាឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង មានការស្រាកស្រាន្តខ្លះក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង