ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ទទួលស្គាល់ថា កម្ពុជាមានខ្វះខាតនូវបរិក្ខារទំនើបៗ សម្រាប់ព្យាបាលប្រជាពលរដ្ឋ តែកម្ពុជាមិនខ្វះនូវទឹកចិត្ត សម្រាប់ការលើកកម្ពស់ នូវសុខុមាលភាពរបស់ប្រជាពលរដ្ឋនោះទេ

152

 

ត្បូងឃ្មុំ ៖នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា រួមជាមួយនឹងពិធីសម្ពោធ ព្រមគ្នានៅអាគារសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ផងដែរ។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ជាមន្ទីរពេទ្យដ៏ទំនើបជាលើកដំបូង នៅលើដីនៅខេត្តត្បូងឃ្មុំដែល ជាខេត្តដែលទើបបង្កើតចុងក្រោយគេ។ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ សាងសង់លើផ្ទៃដីទំហំ ២៤,៣០០ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥៥,៨១៥ម៉ែត្រការ៉េ។ មន្ទីរពេទ្យនេះ បានចំណាយទឹកប្រាក់ជិត ៥០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន។ មន្ទីរពេទ្យមានអគារចំនួន៩ ដែលតភ្ជាប់គ្នាទៅវិញទៅមក។ ក្នុងនោះមានបែងចែកជា អគារអ្នកជំងឺសម្រាកពេទ្យចំនួន ៥ជាន់, អគារសម្ភព រោគស្រី និងកុមារចំនួន ៥ជាន់, អគារវេជ្ជសាស្ត្រ អគាររដ្ឋបាល និងស្នាក់នៅចំនួន ២ជាន់ និងអគារផ្សេងៗទៀត។ មន្ទីរពេទ្យនេះ ត្រូវបានបំពាក់ទៅដោយគ្រឿងបរិក្ខារពេទ្យទំនើបៗ ដែលសុទ្ធសឹងជាបរិក្ខារប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ និងកម្រិតអន្តរជាតិ។ មន្ទីរពេទ្យនេះ ក៏បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងអ្នកជំងឺផងដែរ ដែលជួយឱ្យការផ្តល់សេវាព្យាបាលអ្នកជំងឺបានកាន់តែប្រសើរ។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយចំពោះសមិទ្ធផល នៃវិស័យសុខាភិបាលនៅក្នុង ទឹកដីនៃខេត្តត្បូងឃ្មុំនាថ្ងៃនេះ ដែលជាមន្ទីរពេទ្យដ៏ធំ និងទំនើបលើកដំបូងលើ ដីជនបទបែបនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់ប្រទេសកម្ពុជា ក្រោមចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជា និងចិន។ សម្តេចសង្ឃឹមថា អគារដ៏ស្កឹមស្កៃនៃមន្ទីរពេទ្យនេះ នឹងឆ្លើយតបកាន់តែប្រសើរឡើង សម្រាប់ការគាំពារសុខុមាលភាពប្រជាពលរដ្ឋ មិនថាតែនៅក្នុងខេត្តត្បូងឃ្មុំ ខ្លួនឯងប៉ុណ្ណោះនោះទេ តែវាអាចបម្រើដល់ខេត្តផ្សេងៗទៀត ដែលនៅភូមិភាពនេះ ដូចជាខេត្តព្រៃវែង ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរីជាដើម ក៏អាចមកទទួលសេវាព្យាបាលជំងឺផ្សេងៗនៅមន្ទីរពេទ្យនេះផងដែរ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចមិនទាន់មាន ការឯកភាពគ្នាលើពេលវេលា សម្រាប់កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិកនៅឡើយទេ ដោយសារសមាជិកអាស៊ាន មួយចំនួនចង់ឱ្យដូរពេលវេលា។ ការបញ្ជាក់របស់ សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីសេតវិមាន ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលអាមេរិកធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំឡើងនៅថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនា ខាងមុខនេះ។ សម្តេចតេជោ បានថ្លែងថា អាស៊ាន-អាមេរិក មិនទាន់ឯកភាពគ្នាលើពេលវេលា សម្រាប់កិច្ចប្រជុំពិសេសរវាងអាស៊ាន និងអាមេរិកនៅឡើយ ដោយក្នុងនោះមានប្រទេសអាស៊ានចំនួន៣ ស្នើឱ្យប្តូរពេលវេលា ក្នុងនោះ ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលមិនទាន់ បានសម្របសម្រួលពេលវេលា នៅឡើយទេ ហើយមេដឹកនាំអាស៊ានជាច្រើន ទាមទារឱ្យមានការប្រជុំ នៅថ្ងៃទី២៦-២៧ ខែមីនា ហើយខាងសហរដ្ឋអាមេរិកបញ្ជាក់ថា ថ្ងៃទី២៦-២៧ សហរដ្ឋអាមេរិក មិនអាចទទួលពេលវេលានោះបានទេ ឯមេដឹកនាំអាស៊ានចំនួន៣ថា មិនអាចចូលរួមប្រជុំ នៅថ្ងៃទី២៦-២៧ បានទេ ដូច្នេះត្រូវចាំមើលសិន។ សម្តេចតេជោ សង្ឃឹមថា អាស៊ាន-អាមេរិកនឹងរក បាននូវពេលវេលា សមស្របតាមការសម្រុះសម្រួលគ្នា ប៉ុន្តែសម្រាប់សម្តេច គឺស្វាគមន៍ នៅពេលវេលាណាមួយក៏បាន លើកលែងតែចាប់ពីពាក់ កណ្តាលខែឧសភា រហូតដល់ពាក់កណ្តាលខែមិថុនា ឆ្នាំ២០២២ នេះ ដែលកម្ពុជាត្រូវរៀបចំការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ ដែលសម្តេចមិនអាចចេញទៅក្រៅប្រទេសបាន។

ទាក់ទងនឹងសមិទ្ធផលនៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បាន ថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយសាងសង់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ក៏ដូចជាមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម:
(ពេទ្យលោកសង្ឃ) នៅភ្នំពេញដែលនឹងត្រូវ សម្ពោធដាក់ឲ្យប្រើប្រាស់ ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា តាមរយៈវត្តមាន មន្ទីរពេទ្យទាំងអស់នេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ លើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោបានមានប្រសាសន៍ថា សម្តេចទទួលស្គាល់ថា កម្ពុជាមានខ្វះខាតនូវបរិក្ខារទំនើបៗសម្រាប់ព្យាបាលប្រជាពលរដ្ឋ តែកម្ពុជាមិនខ្វះនូវទឹកចិត្តសម្រាប់ការលើកកម្ពស់ នូវសុខុមាលភាពរបស់ ប្រជាពលរដ្ឋនោះទេ។ សម្តេចតេជោបានថ្លែងថា មន្ទីរពេទ្យមានបរិក្ខារទំនើប ជារឿងសំខាន់ហើយ តែអ្វីកាន់តែសំខាន់ទៀតនោះ គឺមនសិការវិជ្ជាជីវៈ របស់ក្រុមគ្រូពេទ្យ។ សម្តេចសង្ឃឹមថា ក្រុមគ្រូពេទ្យទាំងអស់ នឹងប្រឹងប្រែងយកចិត្តទុក ដាក់ចំពោះសុខភាព និងការសង្គ្រោះអ្នកជំងឺ។

សម្តេចតេជោបានបញ្ជាក់ថា ទោះបីមានការខ្វះខាតសម្ភារៈបរិក្ខារ តែមនសិការវិជ្ជាជីវៈ និងការដាក់ចេញគោលនយោបាយរបស់កម្ពុជា បានធ្វើឱ្យកម្ពុជាអាចលុប បំបាត់ជំងឺគ្រុនស្វិតដៃជើងនាពេលកន្លងមក ហើយពេលនេះ កម្ពុជាក៏បាននឹងកំពុងប្រយុទ្ធប្រឆាំង និងលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង