ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅក្នុងខែកុម្ភៈ ឆ្នាំនេះ មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងទូទាំងប្រទេស ចំនួន២៥៦លើក បណ្ដាលឱ្យមានអ្នកស្លា.ប់១៤៣នាក់ និងរបួស៣៤៩នាក់

213

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្ងៃទី៩ខែមីនាឆ្នាំ២០២២ បានជម្រាបជូនបងប្អូនជនរួមជាតិនូវស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ ក្នុងខែកុម្ភៈ ឆ្នាំ២០២២នេះ ដែលចំនួនគ្រោះថ្នាក់មានការថយចុះជាងខែមករា ប៉ុន្តែ និងករណីស្លា.ប់បានកើនឡើងធៀបនឹងខែកុម្ភៈ ឆ្នាំ២០២១ ខណៈចំនួនអ្នករងរបួសបានថយចុះ។

យោងតាមរបាយការណ៍ផ្ដល់ដោយមន្ត្រីជំនាញ នៃក្រសួងមហាផ្ទៃ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២នេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងទូទាំងប្រទេសចំនួន២៥៦លើក បណ្ដាលឱ្យមានអ្នកស្លាប់១៤៣នាក់ និងរបួស៣៤៩នាក់ ក្នុងនោះរបួសធ្ងន់២១៩នាក់។

ស្ថានភាពនេះបើប្រៀបធៀបនឹងខែមករា គឺករណីគ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន៨៧លើក ស្លាប់ថយ៥២នាក់ និងរបួសថយចុះ១០៤នាក់ ប៉ុន្តែចំនួននេះបើប្រៀបធៀបនឹងខែកុម្ភៈ ឆ្នាំ២០២១វិញ គឺមានការកើនឡើងចំនួន៥លើក ស្លាប់កើនឡើង១៦នាក់ និងដោយឡែកករណីរងរបួសបានថយចុះ៦៦នាក់។

ជារួមស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ នៅតែស្ថិតក្នុងការប្រឈមខ្ពស់នៅឡើយ ទាំងចំនួនករណីអ្នកស្លា.ប់ និងអ្នករងរបួស ដែលក៏អាចឱ្យយើងប្រៀបធៀបបានថាមានកម្រិតខ្ពស់ជាងអ្នកស្លា.ប់ដោយជំងឺកូវីដ-១៩ នៅកម្ពុជានាបច្ចុប្បនេះ និងគ្រោះថ្នាក់ សង្គមផ្សេងទៀត។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា បងប្អូនជនរួមជាតិ!
ក្នុងចំណោមការប្រឈមនៃស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នេះ មន្ត្រីជំនាញបានកត់សម្គាល់ ឃើញថាបញ្ហាធំជាងគេគឺការមិនគោរពច្បាប់ ដូចជាការបើកបរធ្វេសប្រហែស ការបើកបរលឿន ការបើកបរមិនគោរពសិទ្ធ មិនប្រកាន់ស្តាំ ការបើកបរជែង បត់ឆ្វេង-ស្តាំមិនប្រយ័ត្ន និងបើកបរពេលស្រវឹងជាដើម។
ជាថ្មីម្ដងទៀត ខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិ សូមចូលរួមគោរព និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ពេលធ្វើដំណើរ មានស្មារតីប្រុងប្រយ័ត្ន យោគយល់អធ្យាស្រ័យដើម្បីការពារសេចក្ដីសុខខ្លួន យើង អ្នកដទៃ និងរួមចំណែក និងកាត់បន្ថយហានិភ័យខ្លាំងដល់ជីវិតពលរដ្ឋយើង ។

សម្ដេចក្រឡាហោម បានបន្តថា “ខ្ញុំក៏សូមក្រើនរំលឹកដល់មន្ត្រីមានសមត្ថកិច្ចដឹកនាំ និងប្រតិបត្តិការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងអស់ បង្កើនការបន្តរឹតបន្តឹងការអនុវត្តច្បាប់ឱ្យបានសកម្ម គ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់ ពីព្រោះនេះជាភារកិច្ចការពារសេចក្ដីសុខសុវត្ថិ ភាព និងអាយុជីវិតប្រជាពលរដ្ឋ។
ខ្ញុំក៏សូមឲ្យស្ថាប័នពាក់ព័ន្ធបង្កើនការរៀបចំឱ្យមានគំនូសសញ្ញា ភ្លើងសញ្ញា និងស្លាកសញ្ញាចរាចរណ៍ផ្សេងៗឲ្យបានគ្រប់គ្រាន់តាមដងផ្លូវ ដើម្បីក្រើនរំលឹក និងពញ្ញាក់អារម្មណ៍អ្នកបើកបរឲ្យគោរពច្បាប់ និងមានការប្រុងប្រយ័ត្ន ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍”។

បើតាមសម្ដេចក្រឡាហោម ស ខេង សូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា ចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាព របស់យើងតាមពាក្យស្លោករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសារអំពាវនាវរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកគឺ៖
– ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍
– គោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប
– បើកបរលើសល្បឿនដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់
– បើស្រវឹង សូមកុំបើកបរ
– គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺគោរពជីវិតខ្លួនឯង និងអ្នកដទៃ
– គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺលើកកម្ពស់កិត្យានុភាពជាតិ
– ការពារជីវិតអ្នក ត្រូវពាក់មួកសុវត្ថិភាព ៕

អត្ថបទដែលជាប់ទាក់ទង