ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការ​ផ្សព្វផ្សាយផែនការ បញ្រ្ជាបយេនឌ័រក្នុងវិស័យ សកម្មភាពមីន

233

ភ្នំពេញ៖ ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២​ ឯកឧត្ដម​ ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ អនុប្រធាន​ទី​១​ អាជ្ញាធរ​មីន​ បានអញ្ជើញជា​អធិបតី​ក្នុង​ពិធី​បើកសិក្ខាសាលាផ្សព្វផ្សាយផែនការបញ្រ្ជាប យេនឌ័រក្នុងវិស័យសកម្មភាពមីន (GMAP) ២០២១-២០២៥ ក្នុងគោលបំណងដើម្បីប្រកាសផ្សព្វផ្សាយដល់ប្រតិបត្តិករ និងភាគីពាក់ព័ន្ធឲ្យប្រើប្រាស់ជាផ្លូវការនូវ GMAP និងជម្រុញឲ្យគ្រប់ភាគីទាំងអស់ចូលរួមអនុវត្តការបញ្រ្ជាបយេនឌ័រក្នុងវិស័យមីន ដោយប្រើប្រាស់ GMAP នេះ ជាឯកសារគោលក្នុងការរៀបចំផែនការសកម្មភាព និងការប្រើប្រាស់សូចនាករ ដែលបានកំណត់ជាឧបករណ៍ដើម្បីត្រួតពិនិត្យ​ តាមដាន និងវាយតម្លៃលើសកម្មភាពរបស់ខ្លួន។

ឯកឧត្ដម​ ទេសរដ្ឋមន្រ្តី​ បាន​មាន​ប្រសាសន៍​លេីក​ឡើង​ថា​ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹងសមភាពយេនឌ័រនៅគ្រប់កម្រិត និងគ្រប់វិស័យ និងពង្រឹងតួនាទីស្ត្រីដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គមជាតិ ដោយដាក់បញ្ចូលការបញ្ជ្រាបយេនឌ័រទៅក្នុងគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រ ជាតិ សំខាន់ៗ។ ផ្អែកលើមូលដ្ឋាននេះ ការបញ្ជ្រាបយេនឌ័រ ក្នុងវិស័យសកម្មភាពមីន ត្រូវបានកំណត់ជាគោលដៅដ៏សំខាន់មួយនៅក្នុងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ (NMAS 2018-2025) ដែលជាផែនទីបង្ហាញផ្លូវដល់គ្រប់ប្រតិបត្តិករ សកម្មភាពមីនជាតិ-អន្តរជាតិទាំងអស់ រួមទាំងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងទៀត ដែលចូលរួមអនុវត្តសកម្មភាពមីននៅកម្ពុជា។

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និង សង្រ្គោះជនពិការដោយសារមីន (អាជ្ញាធរមីន ) ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាលក្នុងការ សម្របសម្រួលវិស័យសកម្មភាពមីននៅកម្ពុជា បានសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ធ្វើបច្ចុប្បន្នភាព និងកសាងផែនការបញ្ជ្រាបយេនឌ័រក្នុងវិស័យសកម្មភាពមីន (GMAP) ២០២១-២០២៥ ស្របតាមអាណត្តិរបស់ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ដើម្បីធានាថាសេចក្តីកង្វល់ បទពិសោធន៍ និងតម្រូវការរបស់ស្ត្រី បុរស កុមារី កុមារា និងជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់ពិចារណាក្នុងការរៀបចំ អនុវត្តន៍ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃក្នុងកម្មវិធីសកម្មភាពមីននានា ដែលនេះទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ និងការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធដទៃទៀត ដែលជាការរួមចំណែកដល់កិច្ចអភិវឌ្ឍន៍សង្គមជាតិ។

ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន​ ឯកឧត្តម​ ទេសរដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណចំពោះកិច្ចសហការយ៉ាង ល្អពីគ្រប់ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីនជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់ក្នុងការផ្តល់ធាតុចូល និងអនុសាសន៍ដ៏មានតម្លៃមកកាន់អាជ្ញាធរមីន ជាពិសេសកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP Cambodia) ដែលបានផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ការកសាងផែនការនេះ ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម​ ទេសរដ្ឋមន្ត្រី​ ​ជឿជាក់ថា គ្រប់ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាព មីនជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់ នឹងបន្តចូលរួមផ្តល់កិច្ចសហប្រតិបត្តិការក្នុងការអនុវត្តផែនការបញ្ជ្រាបយេនឌ័រក្នុងវិស័យសកម្មភាពមីន ២០២១-២០២៥ នេះ ប្រកបដោយជោគជ័យប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាន នូវការលើកកម្ពស់សមភាពនិងសមធម៌យេនឌ័រ និងគោលដៅរួមឆ្ពោះទៅរកកម្ពុជាមួយគ្មានមីនត្រឹមឆ្នាំ២០២៥។

សិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរមីន តំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ ក្រុមការងារផែនការសកម្មភាពមីន(ម៉ាពូ)២៥រាជធានី/ខេត្ត និងប្រតិបត្តិករបោសសម្អាតមីន ។

អត្ថបទដែលជាប់ទាក់ទង