ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាំពាក្យក្រសួងការបរទេស ចេញសេចក្តីបំភ្លឺ អំពីការលើកពេល កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក

295

 

ភ្នំពេញ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃកម្ពុជា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីបំភ្លឺ២ចំណុច ជុំវិញការប្រកាសលើកពេល កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក ដែលគ្រោងនឹងធ្វើឡើងចុងខែនេះ។

ជុំវិញការលើកពេលនេះ អ្នកនាំពាក្យក្រសួងការបរទេសបានបំភ្លឺដូចតទៅ៖

១៖ បច្ចុប្បន្ន ឥណ្ឌូនេស៊ីគឺជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងសហរដ្ឋអាមេរិក។ កិច្ចប្រជុំកំពូល ពិសេសអាស៊ាន-សហរដ្ឋអាមេរិក បានស្នើឡើងដោយ សហរដ្ឋអាមេរិក ហើយត្រូវបានឯកភាព ដោយថ្នាក់ដឹកនាំកំពូលអាស៊ាន។ កាលបរិច្ឆេទបានស្នើឡើងសម្រាប់កិច្ចប្រជុំកំពូល ហើយឥណ្ឌូនេស៊ីបាន ខិតខំអស់ពីសមត្ថភាពក្នុង ការសម្របសម្រួលដើម្បីស្វែងរក កាលបរិច្ឆេទមួយដែលអាចទទួលយកបានដោយថ្នាក់ដឹកនាំទាំងអស់។ គួរអោយសោកស្តាយ កាលបរិច្ឆេទដែលបានស្នើឡើង គឺមិនសមស្របសម្រាប់ថ្នាក់ដឹកនាំ ដោយសារភាពជាប់រវល់ច្រើនរបស់ថ្នាក់ដឹកនាំ។ ដោយហេតុនេះហើយ ភាគីទាំងសងខាង អាស៊ាន និងសហរដ្ឋអាមេរិកបាន សម្រេចលើកពេល កិច្ចប្រជុំកំពូលនេះ និងបន្តធ្វើការ ដើម្បីស្វែងរកកាលបរិច្ឆេទ ដែលសមស្របសម្រាប់ភាគីទាំងសងខាង។

២៖ កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន គឺប្រកាន់ភាពបត់បែន ទៅលើកាលបរិច្ឆេទដែលបានស្នើឡើង និងបានធ្វើការសម្របសម្រួល ជាពិសេសទៅលើរបៀបវារៈ នៅក្នុងប្រទេស ដើម្បីបំពេញកាតព្វរបស់ខ្លួនក្នុងតំបន់ និងអន្តរជាតិ។ ប៉ុន្តែដើម្បីភាពសមស្រប និងលទ្ធភាពចូលរួមរបស់ថ្នាក់ដឹកនាំ កម្ពុជាបានឯកភាពជាមួយ ប្រទេសសមាជិកអាស៊ាន ក្នុងការលើកពេលកិច្ចប្រជុំនេះ។

សូមបញ្ជាក់ថា កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅចុងខែនេះ ត្រូវបានលើកទៅ ពេលក្រោយទៀត ដោយសារមេដឹកនាំអាស៊ានខ្លះ មិនអាចប្រជុំតាម ពេលវេលាស្នើឡើង។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានថា «ត្រូវលើកទៅពេល ក្រោយដោយសារមេដឹកនាំ អាស៊ានខ្លះ មិនអាចប្រជុំតាមពេលវេលាស្នើឡើង»។

កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលសហរដ្ឋអាមេរិក ធ្វើជាម្ចាស់ផ្ទះ ត្រូវបានសេតវិមាន ប្រធានាធិបតីសហរដ្ឋអាមេរិកប្រកាសថា នឹងរៀបចំឡើងនៅថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ បន្ទាប់ពីបានលើក ពេលជាង១ខែ។ ទោះជាយ៉ាងនេះក្តី មេដឹកនាំអាស៊ាន មួយចំនួន មិនទាន់ឯកភាពនឹងពេលវេលា ដែលប្រកាសដោយ សហរដ្ឋអាមេរិកនៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង