ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រួតពិនិត្យលទ្ធផល នៃការអនុវត្តវិធានការ បង្រ្កាបការទន្ទ្រានដីរដ្ឋ ក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប

37

 

ភ្នំពេញ ៖ លោក ជា សុផារ៉ា បានស្នើឲ្យរដ្ឋបាលខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប ត្រូវបន្តជំរុញនីតិវិធីតុលាការ លើករណីសំណុំរឿងបទល្មើសទន្ទ្រាន កាន់កាប់ដីរដ្ឋក្នុងដែន ព្រៃលិចទឹកនៃតំបន់ទន្លេសាប ហើយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ត្រូវបន្តជួយជំរុញការអនុវត្ត នីតិវិធីក្រោយពេលទទួលបានបណ្ដឹង។

ក្រសួងរៀបចំដែនដី បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល នៃកិច្ចប្រជុំក្រុមការងារអន្តរក្រសួងតាមប្រព័ន្ធនិម្មិត ដើម្បីត្រួតពិនិត្យលទ្ធផល នៃការអនុវត្តវិធានការបង្រ្កាបការទន្ទ្រានដីរដ្ឋ ក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប និងលើកទិសដៅការងារបន្ត ក្រោមអធិបភាពលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២។

ជារួម លទ្ធផលសម្រេចបានសម្រាប់ខេត្តទាំង ៦ ជុំវិញបឹងទន្លេសាបមានដូចខាងក្រោម ៖

– ប្រជាពលរដ្ឋស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញចំនួន ១៥ ០០២គ្រួសារ ស្មើ ៦៣ ១៩០,៨០ហិកតា និងធ្វើការ វាស់វែងជាក់ស្តែងបានចំនួន ៨ ៨៦០គ្រួសារ ស្មើ ១០ ៨៣៧ក្បាលដី និងមានទំហំ ៨៧ ០៤២,៤៥ហិកតា

– កប់គ្រាប់ត្នោតបានចំនួន ៣៤៣ ៤០០គ្រាប់, ដើមត្នោត ១៣៩ដើម, ដើមច្រកែង ២០០ដើម, ដើមរាំង ១៩ ០១៣ដើម, ដើមប្ញស្សី ១៣ ៧០៩ដើម, ដើមផ្ទាល ២០០ដើម, ដើមរំដេញ ៦ ៩៣៤ដើម, ដើម សណ្តាន់ ៣៤៨៥ដើម, ដើមត្រស់ ៧៦៤ដើម, ដើមអញ្ចាញ ១៥៦ដើម, ដើមផាំ ៦៥០ដើម ,ដើម ថ្លើមអណ្ដើក ៣៥៦ដើម, ដើមបបួយ ១៥០ដើម, ដើមខ្នាយមាន់ ៣៥០ដើម, ដើមកន្សែង ២០០ដើម និងដើមផ្សេងៗ ៩ ៥០០ដើម

– បង្ហោះជូនថតរូបភាពបានចំនួន ១១៨ ៧៥៣ហិកតា ស្មើ ១៨,៣៥% និងថតវីឌីអូបានចំនួន ៩៦ ៩៥០ហិកតា ស្មើ ១៤, ៩៨%

– បោះបង្គោលកំណត់ព្រំតំបន់៣ថ្មី និងកែសម្រួលបង្គោលចាស់សរុបបានចំនួន ៦៦១បង្គោល ស្មើ៨២,៤២%នៅខ្វះចំនួន ១៤១បង្គោលត្រូវបោះបន្ត ក្នុងនោះខេត្តបាត់ដំបងចំនួន ៣បង្គោល និងខេត្តសៀមរាបចំនួន ១៣៨បង្គោល

– លើកប៉ាណូផែនទីកំណត់ដែនព្រៃលិចទឹកក្នុងតំបន់៣ បានចំនួន ៦៣ផ្ទាំង ត្រប់តាមផែនការ ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៣៤នាក់ ក្នុងនោះ ៥ នាក់បានដោះលែងវិញ នៅសល់ ២៩ នាក់។

ជាមួយគ្នានេះ កិច្ចប្រជុំបានដាក់ចេញទិសដៅការងារបន្តដូចខាងក្រោម:

១. ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្ត ត្រូវបន្តអនុវត្តបទបញ្ជារបស់ សម្តេចតេជោនាយករដ្ឋមន្តី នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។

២. រដ្ឋបាលខេត្ត ត្រូវពង្រឹងការចុះល្បាត ទប់ស្កាត់ការចូលទន្ទ្រាន និងផ្សព្វផ្សាយអំពីវិធានការបង្ក្រាបការ ទន្រ្ទានដីក្នុងតំបន់៣ ឱ្យបានម៉ឺងម៉ាត់ ដើម្បីឱ្យប្រជាពលរដ្ឋដែលបានចូលទន្ទ្រានប្រគល់ដីជូនរដ្ឋវិញ។

៣. រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត បន្តចាត់វិធានការការពារនិងបង្ក្រាបការទន្ទ្រានកាន់កាប់ដីរដ្ឋ នៅក្នុងដែនព្រៃលិចទឹកជុំវិញបឹងទន្លេសាប ដើម្បីធានានិរន្តរភាព និងត្រូវពង្រឹងការអនុវត្តបានម៉ឺងម៉ាត់នូវលិខិតបទដ្ឋានគតិយុត្ត និងបទបញ្ជានានារបស់រាជរដ្ឋាភិបាល ដែលនៅជាធរមានជាអាទិ៍ – អនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ស្តីពីការកំណត់ដែនប៉ៃលិចទឹក ស្ថិតនៅក្នុងខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប -បទបញ្ជារបស់រាជរដ្ឋាភិបាល លេខ ០១ បប ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការចាត់វិធានការ និងការការពារតំបន់ជុំវិញបឹងទន្លេសាប

៤. រដ្ឋបាលខេត្ត ត្រូវជំរុញការចុះបញ្ជីដីរដ្ឋតាមសំណើរបស់ក្រសួងធនធានទឹក និងឧតុនិយម។

៥. រដ្ឋបាលខេត្តនិងស្ថាប័នពាក់ព័ន្ធ ត្រូវថែទាំបង្គោលដែលបានបោះរួច និងជំរុញការបោះបង្គោល ដែលនៅខ្វះ ចំនួន ១៤១ បង្គោល ក្នុងនោះខេត្តបាត់ដំបងចំនួន ៣បង្គោល និងខេត្តសៀមរាបចំនួន ១៣៨បង្គោល។

៦. រដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ត្រូវថែទាំដើមឈើ និងគ្រាប់ត្នោតដែលបានដាំកន្លងមក និងបន្តដាំដើមឈើដែលស៊ាំជាមួយភូមិសាស្ត្រ។

៧. រដ្ឋបាលខេត្ត ត្រូវបន្តជំរុញនីតិវិធីតុលាការលើករណីសំណុំរឿងបទល្មើសទន្ទ្រានកាន់កាប់ដីរដ្ឋក្នុងដែន ព្រៃលិចទឹកនៃតំបន់ទន្លេសាប ហើយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្រូវបន្តជួយជំរុញការអនុវត្ត នីតិវិធីក្រោយពេលទទួលបានបណ្ដឹង។

៨. អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបន្តចាត់វិធានការចំពោះមន្ត្រីស៊ីវិល និងកងកម្លាំងដែលបានចូលរួម ប្រព្រឹត្តបទល្មើសទន្ទ្រានដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប៕

អត្ថបទដែលជាប់ទាក់ទង