ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការងារ បង្ហាញលទ្ធផល នៃការដោះស្រាយ វិវាទការងាររួម នៅក្រុមហ៊ុន Naga, អតីតបុគ្គលិក១៤៧នាក់ ក្នុងចំណោម៣៧៣នាក់ ទទួលយកដំណោះស្រាយ

39

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញពីវឌ្ឍនភាព នៃការដោះស្រាយវិវាទ ការងារួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍។

ក្នុងសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន ទទួលបានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈគណៈកម្មការ សម្រាប់ដោះស្រាយបញ្ហា កូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា បានអញ្ជើញភាគីវិវាទមកចរចាបាន ចំនួន៧លើក ដើម្បីស្វែងរកលទ្ធភាព សម្របសម្រួលបន្តស្របតាម ច្បាប់ស្តីពីការងារ។ ភាគីកម្មករនិយោជិតនៅតែបន្តទាមទារ ឲ្យក្រុមហ៊ុនត្រូវតែទទួល យកកម្មករនិយោជិតចំនួន ៣៧៣នាក់ ឲ្យចូលធ្វើការវិញ ជាដាច់ខាតដដែល ទើបពិភាក្សាលើចំណុចទាមទារដទៃផ្សេងទៀត។

តបតាមការសម្របសម្រួលដោះស្រាយរបស់ក្រសួង មានបងប្អូនអតីតបុគ្គលិកជាបន្តបន្ទាប់បានយល់ព្រមទទួល យកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ដែលគិតមកដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ មានអតីតបុគ្គលិកចំនួន ១៤៧នាក់ ក្នុងចំណោម៣៧៣នាក់ ទទួលយកការទូទាត់ ដែលធ្វើឲ្យចំនួនអតីតបុគ្គលិក ដែលមិនព្រមទទួលយកសំណងនៅសល់ត្រឹមតែ ២២៦នាក់ប៉ុណ្ណោះ។

ជាថ្មីម្តងទៀត ដោយផ្អែកតាមនីតិវិធីជាធរមានដែល មានកំណត់នៅក្នុងច្បាប់ និងក្នុងគោលបំណងឈានទៅ បញ្ចប់ករណីវិវាទនេះដោយសន្តិវិធី ក៏ដូចជាដើម្បីរក្សា បាននូវផល ប្រយោជន៍របស់ភាគីកម្មករនិយោជិត ភាគីនិយោជក និងដើម្បីរួមចំណែក ក្នុងការរក្សាផលប្រយោជន៍សាធារណៈ ក្រសួងសូមអំពាវនាវដល់បងប្អូន បាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិករបស់ក្រុមហ៊ុន ណាហ្គាវើលដ៏ ដែលបានចូលរួមធ្វើ បាតុកម្មដោយអវត្តមានពីកន្លែងការងារ សូមបញ្ឈប់នូវសកម្មភាព ដែលបង្កជាកំហុសនាំឲ្យប៉ះពាល់ ដល់ផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។

ក្រសួងនឹងបន្តសហការ ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយរាល់ កង្វល់នានារបស់បងប្អូនបាតុករ ក៏ដូចជាគិតគូរផ្ដល់សិទ្ធិស្របច្បាប់ របស់វិនិយោគិនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង