ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា និងសហភាពអឺរ៉ុប រៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះ លើកទី១១

126

 

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មានរួម៖ កម្ពុជា និងសហភាពអឺរ៉ុប រៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី១១។

កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១១ ត្រូវបានរៀបចំឡើងនៅ រាជធានីភ្នំពេញ ក្នុងទម្រង់ដោយផ្ទាល់ផង និងតាមរយៈប្រព័ន្ធវីដេអូផង នៅថ្ងៃទី១០-១១ ខែមីនា ឆ្នាំ ២០២២ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំអនុក្រុមចំនួន០៣ រួមមាន៖ (១) ពាណិជ្ជកម្ម និងការវិនិយោគ (២) កិច្ចសហប្រតិបត្តិការ និង (៣) ការកសាងស្ថាប័ន កំណែទម្រង់រដ្ឋបាល កំណែទម្រង់ច្បាប់ និងយុត្តិធម៌ អភិបាលកិច្ច និងសិទ្ធិមនុស្ស រួចមក។ កិច្ចប្រជុំអនុក្រុមនីមួយៗបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ ២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយត្រូវបានពន្យារពេលចាប់តាំងពីពេលនោះមក ដោយសារតែការរំខានបណ្ដាល មកពីជំងឺកូវីដ-១៩។ កិច្ចប្រជុំគណៈកម្មាធិការចម្រុះនេះ ដឹកនាំដោយ ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Paola PAMPALONI អនុប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកនៃមន្ទីរកិច្ចការបរទេសសហភាពអឺរ៉ុប។

កិច្ចប្រជុំបានពិនិត្យលើវឌ្ឍនភាពសម្រេចបាន គិតចាប់តាំងពីកិច្ចប្រជុំគណៈកម្មាធិការចម្រុះ កម្ពុជា-សហភាពអឺរ៉ុបលើកទី១០ ដែលបានប្រព្រឹត្តទៅនៅទីក្រុងប៊្រុចសែល ក្នុងឆ្នាំ២០១៨ ព្រមទាំងបាន ផ្លាស់ប្តូរទស្សនៈលើប្រធានបទជាច្រើនពាក់ព័ន្ធនឹងបញ្ហាទ្វេភាគី និងពហុភាគី ក្នុងនោះរួមទាំងការវិវត្ត នយោបាយថ្មីៗទាំងនៅកម្ពុជា និងសហភាពអឺរ៉ុប ផងដែរ។ កិច្ចប្រជុំក៏បានពិភាក្សាផងដែរពីស្ថានភាព នៅប្រទេសអ៊ុយក្រែន ស្ថានភាពសេដ្ឋកិច្ចសកល ការប្រែប្រួលអាកាសធាតុ ព្រមទាំងការធ្វើជាប្រធាន អាស៊ានរបស់កម្ពុជា ស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា ភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការ សហភាពអឺរ៉ុប-អាស៊ាន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

សហភាពអឺរ៉ុបក៏បានកោតសរសើរកម្ពុជាផងដែរ ចំពោះជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) កាលពីឆ្នាំ២០២១ កន្លងទៅ ដែលបានបង្ហាញពីកិច្ចខិតខំ ប្រឹងប្រែង និងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការដោះស្រាយជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជាក្នុងការធានាឱ្យ បានថាពហុភាគីនិយមនៅតែបន្តមានភាពពាក់ព័ន្ធ និងមានប្រសិទ្ធភាពដោះស្រាយបញ្ហាតំបន់ និងសកល។ បន្ថែមលើសពីនេះ សហភាពអឺរ៉ុបបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើជាប្រធានអាស៊ាន របស់កម្ពុជានៅឆ្នាំ២០២២ ក៏ដូចជាការតែងតាំង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាប្រេសិតពិសេសរបស់អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ាផងដែរ។ សហភាពអឺរ៉ុបបានគូសបញ្ជាក់បន្ថែមថាការតែងតាំង ឯកឧត្តម Igor Driesmans ជាប្រេសិតពិសេសរបស់ EU សម្រាប់ប្រទេសមីយ៉ាន់ម៉ា សរបញ្ជាក់ឱ្យឃើញពីការគាំទ្រ យ៉ាងខ្លាំងក្លារបស់សហភាពអឺរ៉ុបចំពោះអាស៊ាន និងប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ធប្រាំចំណុចរបស់អាស៊ាន។

កិច្ចប្រជុំអនុក្រុមស្ដីពីការកសាងស្ថាប័ន កំណែទម្រង់រដ្ឋបាល កំណែទម្រង់ច្បាប់ និងយុត្តិធម៌ អភិបាលកិច្ច និងសិទ្ធិមនុស្ស បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈលើការអភិវឌ្ឍសំខាន់ៗស្តីពីសិទ្ធិមនុស្ស (រួមទាំងសិទ្ធិស៊ីវិល និងនយោបាយ ការងារ ដីធ្លី និងសិទ្ធិស្ត្រី ផងដែរ) គោលនយោបាយប្រឆាំងការ ជួញដូរមនុស្ស និងការផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់ ពហុទិដ្ឋភាព និងការត្រៀមខ្លួនរបស់កម្ពុជាឆ្ពោះទៅការរៀបចំបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ នាពេលខាងមុខនេះ។ សហភាពអឺរ៉ុបបានគូសបញ្ជាក់អំពីសារសំខាន់យ៉ាងខ្លាំងនៃការប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យពហុនិយម សិទ្ធិមនុស្ស សេរីភាពជាមូលដ្ឋាន សិទ្ធិការងារ និងនីតិរដ្ឋ។ សហភាពអឺរ៉ុបបាន កត់សម្គាល់ពីកិច្ចសហប្រតិបត្តិការ និងការចូលរួមរបស់កម្ពុជា ជាមួយនឹងយន្តការសិទ្ធិមនុស្សរបស់អង្គការ សហប្រជាជាតិ ក៏ដូចជាការប្តេជ្ញាចិត្ត និងកាតព្វកិច្ចដែលកម្ពុជាបានទទួលយក ស្ថិតក្រោមច្បាប់ និង អនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស។ ភាគីទាំងពីរបានកត់សម្គាល់ពីសារសំខាន់នៃការគាំទ្ររបស់សហភាព អឺរ៉ុបលើការកសាងសមត្ថភាព និងជំនួយហិរញ្ញវត្ថុនៅក្នុងវិស័យកិច្ចសហប្រតិបត្តិការនេះ ក៏ដូចជានៅ ក្នុងទិដ្ឋភាពនីតិរដ្ឋ និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ។

កិច្ចប្រជុំអនុក្រុមស្ដីពីពាណិជ្ជកម្ម និងការវិនិយោគ បានពិនិត្យមើលឡើងវិញទៅលើពាណិជ្ជកម្ម ទ្វេភាគីកម្ពុជា-សហភាពអឺរ៉ុប និងបរិយាកាសវិនិយោគនៅកម្ពុជា។ ក្នុងឆ្នាំ២០២០ និង២០២១ ពាណិជ្ជកម្មទ្វេភាគីរវាងភាគីទាំងពីរមានតម្លៃ ៤,៣ ពាន់លានអឺរ៉ូ និង ៤,៥ ពាន់លានអឺរ៉ូ ក្នុងឆ្នាំនីមួយៗ។ កិច្ចប្រជុំក៏បានពិភាក្សាផងដែរអំពីវិធានការស្តារសេដ្ឋកិច្ចឡើងវិញ ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី រួមទាំងការដកជាបណ្តោះអាសន្ននូវផ្នែកខ្លះនៃការអនុគ្រោះពន្ធពាណិជ្ជកម្ម របស់សហភាពអឺរ៉ុបក្រោមគម្រោងគ្រប់យ៉ាងលើកលែងតែសញ្ចអាវុធ (EBA) កិច្ចសហប្រតិបត្តិការ បច្ចេកទេស បញ្ហានៃការចូលទៅកាន់ទីផ្សារ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងជាបន្តដើម្បីធ្វើឱ្យកាន់តែ ប្រសើរឡើងថែមទៀតនូវបរិយាកាសធុរកិច្ច រួមទាំងច្បាប់វិនិយោគថ្មី និងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។ ភាគីទាំងពីរក៏បាន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីធានាថាបរិយាកាសវិនិយោគរបស់ កម្ពុជានៅតែបើកចំហ មានការសម្របសម្រួលយ៉ាងល្អ មានលក្ខណៈប្រកួតប្រជែង និងអំណោយផល ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព។ កិច្ចប្រជុំក៏បានផ្លាស់ប្តូរទស្សនៈអំពីការអភិវឌ្ឍ ពាណិជ្ជកម្មតំបន់ និងសកល ដែលក្នុងនោះរួមបញ្ចូលទាំងបច្ចុប្បន្នភាពស្ដីពីសមហរណកម្មសេដ្ឋកិច្ចនៅ ក្នុងអាស៊ាន និងនៅទូទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ទំនាក់ទំនងពាណិជ្ជកម្មតំបន់អាស៊ាន-សហភាពអឺរ៉ុប ព្រមទាំងបច្ចុប្បន្នភាពស្តីពីកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក ជាដើម។

ក្នុងអំឡុងពេលកិច្ចប្រជុំអនុក្រុមស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ភាគីទាំងពីរបានកត់សម្គាល់ អំពីវឌ្ឍនភាពសម្រេចបានពាក់ព័ន្ធនឹងការបន្តគាំទ្ររបស់សហភាពអឺរ៉ុបដល់ការអភិវឌ្ឍរបស់កម្ពុជា។ ក្នុងន័យនេះ អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះការអនុម័តកម្មវិធីសូចនាករពហុឆ្នាំនៃកិច្ចសហប្រតិបត្តិការ របស់សហភាពអឺរ៉ុប (២០២១-២០២៧) ថ្មី ដែលមានតម្លៃ ១៥៥ លានអឺរ៉ូ សម្រាប់រយៈពេល៣ឆ្នាំ គិតចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ ដោយផ្ដោតលើវិស័យអាទិភាពចំនួនបីគឺ៖ “កំណើនបៃតង និង ការងារសមរម្យ” “ការអប់រំ និងការអភិវឌ្ឍជំនាញ និង “អភិបាលកិច្ចល្អ ស្របតាមរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងជាមួយនឹងការពង្រឹងការចូលរួមរបស់ក្រុមអឺរ៉ុប (Team Europe) ក្រោមគំនិតផ្តួចផ្តើមរួមរបស់អឺរ៉ុប។ លើសពីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ ទៅលើវឌ្ឍនភាពកំណែទម្រង់គោលនយោបាយ ជាពិសេសលើវិស័យទាំងឡាយណាដែលទទួលបាន ការគាំទ្រពីសហភាពអឺរ៉ុប ដូចជា ការអប់រំ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការការពារសង្គម និងជលផល ជាដើម។ ជាមួយគ្នានេះ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពក្នុងកម្មវិធីកិច្ចសហប្រតិបត្តិការ តាមប្រធានបទ និងតំបន់ ក្នុងនោះរួមទាំងការគាំទ្រសមាហរណកម្មតំបន់អាស៊ានពីសហភាពអឺរ៉ុប (ARISE Plus) ផងដែរ។ សហភាពអឺរ៉ុបបានអបអរសាទរកម្ពុជាចំពោះការអនុម័តយុទ្ធសាស្ត្ររយៈពេល វែងសម្រាប់អព្យាក្រឹត្យភាពកាបូន និងបានសម្តែងនូវការប្ដេជ្ញាចិត្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ទ្វេភាគីលើសកម្មភាពអាកាសធាតុ។

កិច្ចប្រជុំបានបញ្ចប់ទៅប្រកបដោយបរិយាកាសស្ថាបនា និងស្និទ្ធស្នាល ព្រមទាំងបានឯកភាព ថាកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី១២ និងកិច្ចប្រជុំអនុក្រុមចំនួនបីទៀត នឹងត្រូវរៀបចំឡើងនៅក្នុងឆ្នាំ២០២៣ នៅទីក្រុងហ្កិចសែល៕

អត្ថបទដែលជាប់ទាក់ទង