ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា បានលើកពីបំណងចង់ បើកស្ថានទូតកម្ពុជាប្រចាំនៅប៉ាគីស្ថាន នាពេលអនាគត

41

 

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានថា នៅព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានអនុញ្ញាតឲ្យឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតថ្មី ន សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះ ឯកឧត្តម Zaheeruddin Babar Thaheem ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ប្រចាំនៅកម្ពុជា និងបានសម្តែងនូវជំនឿជាក់ថា ក្នុងអាណត្តិរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ទំនាក់ទំនង និងកិច្ចសហប្រតិ បត្តិការទ្វេភាគី នឹងត្រូវបានលើកកម្ពស់បន្ថែមទៀត ព្រមទាំងបានបញ្ជាក់អំពីការត្រៀមផ្ដល់កិច្ច សហការពេញលេញរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដល់ ឯកឧត្តម ក្នុងការបំពេញបេសកកម្មឱ្យទទួលបានជោគជ័យ។

ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា នឹងខិតខំធ្វើយ៉ាងណាឱ្យ ទំនាក់ទំនងទ្វេភាគីនឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ក្នុងអាណត្តិការទូតរបស់ឯកឧត្តម។ ឯកឧត្តម បានអបអរសាទរកម្ពុជា ចំពោះតួនាទីជាប្រធានអាស៊ាន និងបានសម្តែងក្តីសង្ឃឹមថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នឹងសម្រេចបានជោគជ័យក្នុងតួនាទីជា ប្រេសិតពិសសរបស់ ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ជាពិសេស ក្នុងការស្វែងរកដំណោះស្រាយសម្រាប់វិបត្តិមីយ៉ាន់ម៉ា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះរដ្ឋាភិបាលប៉ាគីស្ថាន ដែលបានគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ បានល្អ តាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួន ហើយឯកឧត្តម ក៏បានលើកឡើងអំពីលទ្ធផលជោគជ័យត្រចះត្រចង់នៃយុទ្ធនាការចាក់វ៉ាក់សាំង របស់កម្ពុជា ដែលប្រជាជនប្រមាណ ៩២% នៃប្រជាជនសរុប បានចាក់វ៉ាក់សាំងរួច ហើយដែល អនុញ្ញាតឱ្យកម្ពុជាអាចបើកសកម្មភាពសង្គម-សេដ្ឋកិច្ច និងទេសចរណ៍របស់ប្រទេសឡើងវិញ ជាបណ្តើរៗ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តម ឯកអគ្គរដ្ឋទូត បានកត់សម្គាល់ដោយពេញចិត្ត ចំពោះការកើនឡើងនូវទំនាក់ទំនងជាមិត្តភាពរវាងប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច កម្រិតខ្ពស់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងបានឯកភាពពង្រឹងនិងពង្រីកបន្ថែមទៀតនូវ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងការពារជាតិ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការត្រៀមទទួលស្វាគមន៍ គម្រោងទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំនេះរបស់ឯកឧត្តមរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន ដែលជាឱកាស ដ៏សំខាន់សម្រាប់ការលើកស្ទួយថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានលើកពីបំណងចង់ បើកស្ថានទូតកម្ពុជាប្រចាំនៅប៉ាគីស្ថាន នាពេលអនាគត ហើយបានពិភាក្សាជាមួយឯកឧត្តម ឯកអគ្គរដ្ឋទូត អំពីលទ្ធភាពនៃការផ្លាស់ប្តូរការសម្របសម្រួល រវាងប្រទេសទាំងពីរសម្រាប់គោលដៅនេះ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់អំពីការគាំទ្រដ៏ពេញលេញ របស់រដ្ឋាភិបាលប៉ាគីស្ថាន ចំពោះកម្ពុជា ដើម្បីក្លាយ ជាអ្នកសង្កេតការណ៍ ក្នុងអង្គការកិច្ចសហប្រតិបត្តិការអីស្លាម (Organisation of Islamic Cooperation-OIC) ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍រួមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង