ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជប៉ុនផ្តល់ថវិកា ៨១៧,៧៥៦ ដុល្លារអាមេរិក សម្រាប់ការលើកកម្ពស់ ការយល់ដឹងអំពី បញ្ហាបរិស្ថាន និងការលុបបំបាត់អំពើហិង្សា លើកុមារនៅក្នុងសាលារៀន

51

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមីនា រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៨១៧,៧៥៦ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។

ក្នុងនោះ ថវិកាចំនួន ១២០,៤៦១ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅអង្គការមិនរកប្រាក់ចំណេញ Nature Center Risen ដើម្បីអនុវត្ត “គម្រោងការសម្រេចឱ្យបាន នូវបរិស្ថានរស់នៅ ប្រកបដោយចីរភាព របស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការលើកកម្ពស់ និងអប់រំការយល់ដឹង អំពីបញ្ហាបរិស្ថាន (ឆ្នាំទី២)” ហើយថវិកាចំនួន ៦៩៧,២៩៥ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅអង្គការ Save the Children Japan (SCJ) ដើម្បីអនុវត្ត “គម្រោងលុបបំបាត់អំពើហិង្សា លើកុមារនៅតាម សាលារៀនក្នុងខេត្តកំពង់ចាម ប្រទេសកម្ពុជា (ឆ្នាំទី ១)”។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងមកពីអង្គការទាំងពីរ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ ជំនួយឥតសំណងនេះ ហើយឯកឧត្តម បានថ្លែងអំណរគុណ ចំពោះអង្គការទាំងពីរ ដែលបានចូលរួម ក្នុងគំនិតផ្តួចផ្តើមរបស់ រដ្ឋាភិបាលជប៉ុន។ ខណៈដែលគម្រោងជំនួយ អភិវឌ្ឍន៍ផ្លូវការខ្នាតធំ ដូចជាគម្រោងកំពង់ផែក្រុងព្រះសីហនុ គម្រោងផ្លូវជាតិលេខ៥ និងកម្ចីហិរញ្ញប្បទាន ចំនួន២០ពាន់លានយេន សម្រាប់ការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជារឿយៗត្រូវបានផ្តោតសំខាន់ នៅលើប្រព័ន្ធផ្សព្វផ្សាយ វានៅតែជាអាទិភាពមួយ សម្រាប់រដ្ឋាភិបាលជប៉ុន ក្នុងការធ្វើការជាមួយ អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដើម្បីចូលរួមចំណែក ក្នុងការកែលម្អគុណភាព ជីវិតនៅក្នុងបណ្តាខេត្តនានា។ យើងជឿជាក់ថា ជំនួយឥតសំណងទាំងនេះ នឹងជួយពង្រឹងគុណភាព ជីវិតរបស់ប្រជាជនដែល រស់នៅក្នុងទីតាំង គម្រោងនីមួយៗ។

អត្ថបទដែលជាប់ទាក់ទង