ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៉ី ព្រមានវាយប្រហារលើ ក្បួនដឹកសព្វាវុធ ដែលលោកខាងលិច បញ្ជូនឱ្យអ៊ុយក្រែន

230

មូស្គូ៖ នៅថ្ងៃសៅរ៍នេះ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ រីយ៉ាបកូវ (Sergey Ryabkov) បាននិយាយថា ការដែលក្រុមប្រទេសលោកខាងលិចនាំគ្នា ផ្គត់ផ្គង់សព្វាវុធឱ្យអ៊ុយក្រែន គឺមានតែធ្វើឱ្យវិបត្តិជម្លោះបច្ចុប្បន្ន រវាងអ៊ុយក្រែននិងរុស្ស៉ីធ្ងន់ធ្ងរឡើងៗប៉ុណ្ណោះ ហើយលោកបានព្រមានថា យោធារុស្ស៉ីអាចនឹងដាក់គោលដៅ វាយប្រហារលើ ក្បួនដឹកជញ្ជូនអាវុធទាំងនោះ ថែមទៀតផង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន RT នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២។

ក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី ឆាណែល វាន់ (Channel One) លោក Ryabkov បានថ្លែងយ៉ាងដូច្នេះថា «យើងបានព្រមានសហរដ្ឋអាមេរិករួចហើយថា ការបញ្ជូនសព្វាវុធពីប្រទេសមួយចំនួន ឱ្យទៅអ៊ុយក្រែន ដែលជាសកម្មភាពផ្តួចផ្តើម ឡើងដោយទីក្រុងវ៉ាស៉ីនតោន គឺមិនត្រឹមជាទង្វើដ៏គ្រោះថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចធ្វើឱ្យក្បួនដឹកជញ្ជូន អាវុធទាំងនេះ ក្លាយជាគោលដៅស្របច្បាប់ សម្រាប់ការវាយប្រហារផងដែរ»។

គួរបញ្ជាក់ថា ក្រុមសម្ព័ន្ធមិត្តលោកខាងលិច បានរួមគ្នាថ្កោលទោស និងដាក់ទណ្ឌកម្មយ៉ាង ចាស់ដៃ ទៅលើប្រទេសរុស្ស៉ី ដោយសារតែការបើកប្រតិបត្តិការ យោធានៅអ៊ុយក្រែន។ ពួកគេក៏បានសន្យាផ្តល់ជំនួយយោធា ដល់អ៊ុយក្រែនថែមទៀតផង ដោយកាលពីខែកុម្ភៈ អាមេរិកតែឯងបាន អនុម័តឱ្យបញ្ចេញ កញ្ចប់ជំនួយយោធាគិតជាទឹកប្រាក់ស្មើនឹង ៣៥០លានដុល្លារ សម្រាប់អ៊ុយក្រែន ខណៈអាល្លឺម៉ង់ ហូឡង់ ប៉ូឡូញ និងស្លូវ៉ាគី ជាដើម បានសន្យាផ្តល់ អាវុធឱ្យអ៊ុយក្រែន រួមមានទាំងមីស៉ីលប្រឆាំងរថក្រោះ និងកាំភ្លើងធំ៕

អត្ថបទដែលជាប់ទាក់ទង