ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកបណ្ឌិត ជាម យៀប ស្នើឱ្យមេឃុំ បម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យបានល្អដើម្បី ទទួលបានការគាំទ្រ ពីការបោះឆ្នោតនាពេលខាងមុខ

263

ព្រៃវែង៖ នៅព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២២នេះ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាសមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាល ជាមួយក្រុមការងារថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋស្រុក ពាមជរចំនួន១៩០នាក់ រួមទាំងបេក្ខជនត្រៀមសម្រាប់ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅក្នុងមូលដ្ឋាននេះផងដែរ។

នៅក្នុងឱកាសនេះ លោកបណ្ឌិត ជាម យៀប បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃអង្គសន្និបាត ដែលបានបង្ហាញអំពីស្មារតីសាមគ្គីភាព និងឯកភាពគ្នាខ្ពស់របស់សមាជិក សមាជិកាទាំងអស់ដែលបានអញ្ជើញចូលរួមយ៉ាងផុសផុល និងបានបំពេញការងារយ៉ាង សកម្មតាមរបៀបវារៈដែលបានកំណត់ ដោយបានយកចិត្តទុកដាក់ ពិនិត្យ និងតាមដានក្តាប់លើរាល់ខ្លឹមសារសំខាន់ៗទាំងឡាយ ដែលមានអត្ថន័យដ៏ជ្រាលជ្រៅ ទាក់ទងទៅនឹងការដឹកនាំរបស់គណៈកម្មាធិការគណបក្សឃុំ និងការបំពេញភារកិច្ចរបស់ ក្រុមប្រឹក្សាឃុំ អាណត្តិទី៤ ពិសេសការងារពង្រឹង និងពង្រីកកម្លាំង គណបក្សប្រជាជនកម្ពុជា ជាពិសេសការរួមចំណែកយ៉ាង សកម្មក្នុងការអនុវត្ត កម្មវិធីនយោបាយ របស់គណបក្សឃុំ ជាមួយនឹងការរៀបចំគោលនយោបាយ ថ្មីសម្រាប់អាណត្តិទី៥(ឆ្នាំ២០២២-២០២៧) ឱ្យស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

លោកបានផ្ដល់អនុសាសន៍ណែនាំដល់គណៈកម្មាធិការបក្សឃុំ សាខា អនុសាខា ក្រុមបក្ស មន្ត្រី និងសមាជិកគណបក្សគ្រប់រូប ពិសេសបេក្ខជនក្រុមប្រឹក្សាឃុំ ត្រូវប្រកាន់ខ្ជាប់នូវចំណុច គន្លឹះ មានជំហររឹងមាំខាងនយោបាយ សតិអារម្មណ៍ និងការចាត់តាំងនានា មានវិន័យ របៀបរបបធ្វើការងារត្រឹមត្រូវតាមឋានានុក្រម ចុះជាប់ជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងខិតខំបម្រើប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងអនុវត្តគោលការណ៍ទទួលខុសត្រូវ ខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា និងតម្លាភាពបេក្ខជនដែលត្រូវឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ ត្រូវបែងចែកកម្លាំងចុះតាមភូមិ ដើម្បីធ្វើចលនាទាក់ទាញប្រជាពលរដ្ឋឱ្យគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា យើងចាប់ពីពេលនេះតទៅ។

លោកកិត្តិសេដ្ឋាបណ្ឌិត បានបន្ថែមអោយឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន រួមជាមួយនឹងឥស្សរជនទាំងអស់ បានកំណត់យកការ សង្រ្គោះប្រជាពលរដ្ឋនៅទូទាំងប្រទេសជាកត្តាអាទិភាពខ្ពស់បំផុត តាមរយៈគំរូវីរភាព ក្នុងដំណាក់កាលសំខាន់ៗ ក្នុងប្រវត្តិសាស្ត្រកម្ពុជា រួមមានជាអាទិ៍ការយក អាយុជីវិតធ្វើជាដើម ទុនក្នុងការរំដោះពីការសម្លាប់រង្គាលក្នុងរបបប៉ុលពត ការប្តូរជីវិតចូលតំបន់ឧទ្ទាមដើម្បីអនុវត្តនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាព ពេញផ្ទៃប្រទេស និងថ្មីៗនេះ គឺការសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ ចេញពីមាត់មច្ចុរាជកូវីដ-១៩ ដោយមិនមានការរើសអើង និងមិនប្រកាន់និន្នាការ នយោបាយណាមួយទ្បើយ ដែលផ្ទុយពីអ្នកនយោបាយជ្រុលនិយមមួយចំនួន តែងតែចិញ្ចឹមចិត្តរង់ចាំតែរកចន្លោះ ដើម្បីកេងចំណេញមហិច្ឆិតានយោបាយរបស់ខ្លួន ដោយមិនខ្វល់ពីសុខទុក្ខ និងការស្លាប់រស់ របស់ប្រជាពលរដ្ឋឡើយ។

បន្ថែមពីនេះ ក្នុងសង្រ្គាមកូវីដ-១៩ សម្តេចតេជោ បានរក្សានូវលំនឹងពីហានិភ័យ នៃវិនាសកម្មបង្កដោយ ជំងឺនេះ តាមរយៈការសម្រេចរៀបចំ មូលដ្ឋាននៃការព្យាបាលរឹងមាំ រួមមានជាអាទិ៍ ការបើកដំណើរការ មណ្ឌលព្យាបាលទាំងថ្នាក់មូលដ្ឋាន និងថ្នាក់តំបន់នៅទូទាំងប្រទេស ការសម្រេចចិត្តរហ័សទាន់ ពេលវេលាក្នុងការ ជ្រើសរើសយកថ្នាំព្យាបាល និងវ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ព្រមទាំងការសម្រេចអនុញ្ញាតិ ឱ្យព្យាបាលតាមផ្ទះ ដោយមានការចូលរួមពិចារណា ពិគ្រោះយោបល់ និង សិក្សាស្រាវជ្រាវច្បាស់លាស់ ត្រឹមត្រូវរបស់ក្រុមបច្ចេកទេស ជំនាញនៃក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធនានា។ ចំណាត់ការដ៏ស័ក្តិសិទ្ធិ និងប្រកបដោយភាពហ្មត់ចត់នេះ បានជួយឱ្យកម្ពុជាឈានទៅបើកប្រទេសទ្បើងវិញ លើគ្រប់វិស័យ ដែលជាការធានាបាននូវតុល្យភាពនៃសុខភាព សុខុមាលភាពប្រជាពលរដ្ឋ និងដំណើរការជាប្រក្រតីនៃចរន្តសេដ្ឋកិច្ចរបស់ប្រទេសជាតិទាំងមូល។

ឆ្លៀតក្នុងឱកាសនោះដែរ លោកបណ្ឌិតក៏បានថ្លែងអំណរគុណ ដល់ក្រុមការងារ ថ្នាក់កណ្តាល និងក្រុមការងារថ្នាក់ខេត្ត-ក្រុង-ស្រុក ក៏ដូចជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ស្រុកពាមជរទាំងអស់ដែលកន្លងមក បានខិតខំប្រឹងប្រែងអស់ ពីកម្លាំងកាយចិត្ត ក្នុងការបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត ដោយឈរលើមូលដ្ឋាន គ្រឹះរឹងមាំនៃស្មារតីសាមគ្គីភាព ការតម្កល់ផលប្រយោជន៍ជាតិជាធំ ការបន្តលើកកម្ពស់ សមត្ថភាព ការប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ និងការយល់ដឹងច្បាស់ពីតួនាទី ភារកិច្ចក្នុងនាមជា សមាជិកបក្ស ដើម្បីបម្រើប្រជាជន ថែរក្សាសុខសន្តិភាព និងចូលរួមចំណែកទាំងអស់គ្នា បន្តដឹកនាំនាវាកម្ពុជា ទៅកាន់វឌ្ឍនភាព ភាពសម្បូរសប្បាយ ប្រកបដោយកិត្តិយស និងសុភមង្គលជានិរន្តន៍៕

អត្ថបទដែលជាប់ទាក់ទង