ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរអប្សរា ផ្សព្វផ្សាយច្បាប់នានា ពាក់ព័ន្ធនឹងការគ្រប់គ្រង និងប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២នៃរមណីយដ្ឋានអង្គរ

286

 

សៀមរាប ៖ អាជ្ញាធរជាតិអប្សរាបានផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងការគ្រប់គ្រង និងប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២នៃរមណីយដ្ឋានអង្គរ ដល់អាជ្ញាធរមូលដ្ឋាន មកពីសង្កាត់-ឃុំ និងតំណាងរដ្ឋបាលក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកពួក ស្រុកបន្ទាយស្រី និងស្រុកអង្គរធំ ដែលមានភូមិសាស្ត្ររដ្ឋបាល ក្នុងតំបន់១ និងតំបន់២នៃរមណីយដ្ឋានអង្គរ។

ការផ្សព្វផ្សាយនេះធ្វើឡើងតាមរយៈសិក្ខាសាលាស្ដីពីការគ្រប់គ្រងដីធ្លីតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ដែលត្រូវបានរៀបចំឡើងនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ក្នុងនោះមានមន្ត្រី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា និងមន្ត្រី-អាជ្ញាធរមូលដ្ឋាន សរុបប្រមាណជាង៦០នាក់។

លោក ឡុង កុសល អគ្គនាយករង នៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា បានលើកឡើងថា តំបន់១ និងតំបន់២របស់រមណីយដ្ឋានអង្គរ គឺជាតំបន់សំខាន់ជាងគេ ដែលត្រូវការពារខ្ពស់បំផុត ព្រោះនៅរៀងរាល់ពេលបោះឆ្នោតម្តងៗ គឺប្រជាពលរដ្ឋមួយចំនួន តែងតែឆ្លៀតឱកាស លួចសាងសង់សំណង់ខុសច្បាប់ នៅក្នុងតំបន់ការពារទាំងឡាយ នៃរមណីយដ្ឋានអង្គរ។

លោកថា បញ្ហាបំពានទៅលើតំបន់ការពារ នៃរមណីយដ្ឋានអង្គរទាំងឡាយ គឺទាំងអាជ្ញាធរជាតិអប្សរា និងទាំងអាជ្ញាធរមូលដ្ឋានភូមិ ឃុំ-សង្កាត់ ក្រុង-ស្រុក និងខេត្តសៀមរាប ត្រូវតែស្វែងរកដំណោះស្រាយទាំងអស់គ្នា ដើម្បីបញ្ជៀស នូវបញ្ហាទាំងឡាយ ដែលជាផលប៉ះពាល់ ដល់តម្លៃលេចធ្លោ ជាសកលនៃរមណីយដ្ឋានអង្គរ។

មេធាវីប្រចាំអាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញ អំពីឯកសារគតិយុត្តសំខាន់ៗ ជូនអង្គសិក្ខាសាលា និងពិភាក្សាអំពីតួនាទី កាតព្វកិច្ចរបស់ផ្នែកពាក់ព័ន្ធ ដើម្បីធានានូវប្រសិទ្ធភាពការងារ ដោយប្រកាន់ នូវគោលការណ៍ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង