ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរងរាជធានី ៖ ការរស់នៅល្អរបស់មនុស្ស មិនអាស្រ័យលើអាគារខ្ពស់ៗ អាគារល្អៗ នោះទេ គឺការរស់នៅដែលមាន បរិយាកាសល្អនិងបរិស្ថានល្អ

323

 

ភ្នំពេញ៖ ការរស់នៅដ៏ល្អរបស់មនុស្សជាតិ មិនអាស្រ័យលើ ការរស់នៅលើអាគារខ្ពស់ៗ អាគារល្អៗ នោះទេ។ គឺការរស់នៅដែលមានបរិយាកាសល្អនិងបរិស្ថានល្អ។ នេះជាការលើកឡើងរបស់លោក នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងអង្គរសិក្ខាសាលាស្តីពីការសិក្សា ការផ្លាស់ប្តូរឆ្ពោះទៅទីក្រុងអេកូឡូសុី ឆ្នាំ២០២២ នៃការអនុវត្តគម្រោងលំនៅដ្ឋាន ដែលមានចីរភាព សម្រាប់ប្រជាពលរដ្ឋបង្កើនគុណភាព ការរស់នៅនៃប្រជាជនក្នុងទីក្រុង Build4People ក្រោមវត្តមានលោក នួន ផារ័ត្ន និង លោកChristian Berger ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំ ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ខែឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ។

លោកនួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា ឆ្លងតាមសិក្ខាសាលា ពាក់ព័ន្ធនឹង ទីក្រុងស្អាត អភិបាលក្រុងសាំងហ្គាពួ ធ្លាប់បានប្រសាសន៍លើកឡើងហើយថា ការរស់នៅដ៏ល្អរបស់មនុស្សជាតិ មិនអាស្រ័យទៅលើការរស់នៅ ក្នុងអគារដ៏ល្អ អាគារដ៏ខ្ពស់នោះទេ។ ការរស់នៅដែលល្អគឺជាការរស់នៅ ក្នុងបរិយាកាស ដ៏ល្អមានបរិស្ថានល្អ ។

លោកបានជំរុញឲ្យការសិក្សាពីគម្រោងនេះ ឲ្យបានលឿនដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញ ពីចារណាក្នុងការអនុម័តក្នុងពេលឆាប់។ ក្នុងអង្គសិក្ខាសាលានេះដែរ ក៏មានការចូលរួមពីម្ចាស់បុរីមួយចំនួនផងដែរ ដែលលោកជំរុញ ឲ្យម្ចាស់បុរីទាំងអស់ ស្វែងយល់ ពីទិសដៅអ្វីដែលរាជធានីភ្នំពេញចង់បាន សំខាន់ធ្វើយ៉ាងណាកុំឲ្យដើរឆ្ងាយ ពីប្លង់គោលរបស់រដ្ឋបាលរាជធានីភ្នំពេញ។

លោកChristian Berger បានមានប្រសាសន៍លើកឡើងថា៖ ការអភិវឌ្ឍក្រុង ជារឿងសំខាន់ដែលយើងត្រូវរួមគ្នា ដើម្បីធ្វើដូចជាទីក្រុងវៃឆ្លាតជាដើម ។ ការសិក្សាស្រាវជ្រាវនេះ គឺដើម្បីឱ្យភ្នំពេញកាន់តែមានការអភិវឌ្ឍ។ គម្រោងនេះមិន អាចទៅរួចនោះទេ បើមិនមានការគាំទ្រពីរដ្ឋបាលរាជធានីភ្នំពេញ។

គម្រោងនេះមានគោលបំណងកសាង សម្រួលទំនាក់ទំនងថ្មីៗប្រកបដោយអត្ថន័យ រវាងផ្នែកឥរិយាបថ និងបរិស្ថាន ព្រមទាំងទំនាក់ទំនងរវាងបច្ចេកវិទ្យា និងគោលន យោបាយ។ គោលបំណងនៃគម្រោងនេះ គឺដើម្បីផ្លាស់ប្តូរបន្តិច ម្តងៗពីវប្បធម៌ធ្វើផែនការ ដែលមានការចូលរួមតែពីអ្នកបច្ចេក ទេសពីលើមកក្រោមទៅជាដំណើរការ និងវប្បធម៌ពិគ្រោះ យោបល់ជាមួយនឹងប្រជាពលរដ្ឋ។ តាមរយៈការធ្វើបែបនេះគេ អាចកសាងនៅមូលដ្ឋាន សម្រាប់ការអភិវឌ្ឍទីក្រុង បែបចម្រុះ។ គោលបំណងជារួម គឺដើម្បីលើកកម្ពស់ជីវិត នៅក្នុងទីក្រុងតាមរយៈការសាងសង់អាគារ ប្រកបដោយចីរភាព ការអភិវឌ្ឍសហគមន៍ ប្រកបដោយចីរភាព និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធបៃតង។ លើសពីនេះ ក៏មានការផ្តោតការយកចិត្តទុកដាក់លើការពង្រឹង ភាពធន់ទៅនឹង ផលវិបាកបណ្តាល មកពីការប្រែប្រួលអាកាស ធាតុផងដែរ។ ដូច្នេះ ការផ្ទេរជាបន្តបន្ទាប់ នូវចំណេះដឹងពីអ្នក ជំនាញអន្តរជាតិ ក្នុងវិស័យវិទ្យាសាស្ត្រ នយោបាយ និងពលរដ្ឋ ក្នុងទីក្រុង និងវិស័យឯកជន ត្រូវបានចាត់ទុកថាមានសារសំខាន់ និងចាំបាច់ ដើម្បីឱ្យទីក្រុងមានការអភិវឌ្ឍដោយចីរភាព។ គម្រោង Build4People ផ្តោតលើការរិះរក ដំណោះស្រាយសម្រាប់ការអភិវឌ្ឍទីក្រុង ដែលមានលក្ខណៈបរិយាបន្ន និងយកចិត្តទុកដាក់ ចំពោះពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង