ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុងសប្ដាហ៍ទី២ខែមីនា កម្ពុជាទទួល បានភ្ញៀវទេសចរផ្ទៃក្នុង ជាង២៥ម៉ឺននាក់

152

ភ្នំពេញ៖ លោក ថោង ខុ ន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា នាថ្ងៃចុងសប្ដាហ៍ថ្ងៃទី១២-១៣ ខែមីនា ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវ សរុបមានចំនួន២៥៣,៨៧៦នាក់ ក្នុងនោះភ្ញៀវជាតិ២៤២,១៨៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១១,៦៨៨នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៣៧,១១០នាក់
* ខេត្តពោធិ៍សាត់ ២៨,៧២៤នាក់
* រាជធានីភ្នំពេញ ២៨,៤១៩នាក់
* ខេត្តសៀមរាប ២៧,៥៤៣នាក់
* ខេត្តបាត់ដំបង ២៣,៩៩០នាក់
* ខេត្តកំពត ២៦,១៣៦នាក់
* ខេត្តកំពង់ស្ពឺ ១២,៥០៩នាក់
* ខេត្តកែប ១១,៤៤៣នាក់។

លោករដ្ឋមន្ត្រី ថោង ខុន បានបន្តថា ចរន្តភ្ញៀវទេសចរ នាចុងសប្តាហ៍កន្លងមក បន្តមានសន្ទុះវិជ្ជមានគួរកត់សម្គាល់។ ជាក់ស្តែង តួលេខខាងលើបន្តកើន ឡើងប្រមាណ២៧.៣០% ធៀបនឹងចុងសប្តាហ៍កន្លងមក ដែលជាអត្រាកំណើនមួយខ្ពស់ និងកើនឡើងរហ័ស។

លោកបានបន្តទៀតថា ចំនួនភ្ញៀវទេសចរប្រមាណ ២៥ម៉ឺននាក់ក្នុងសប្តាហ៍នេះ គឺចាប់ផ្តើមមាន ចំនួនប្រហាក់ប្រហែល នឹងស្ថានភាពធម្មតាមុនពេលការកម្រើកឡើងនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងនាដើមខែកុម្ភៈ ឆ្នាំ២០២២នេះ។

បើតាមលោក ថោង ខុន ចំនួននិងអត្រាកំណើនខាងលើ បានស្តែងឲ្យឃើញថា ការគ្រប់គ្រងជំងឺកូវីដកូវីដ-១៩ បានល្អ ពិសេសការថយចុះ នៃអត្រាឆ្លងប្រចាំថ្ងៃ បានបង្កើតទំនុកចិត្ត (Trust and Confidence) និងបានជំរុញឲ្យមាន ចរន្តភ្ញៀវដើរកម្សាន្ត ខណៈដែលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នាពេលខាងមុខ គឺជាឱកាសដើរកម្សាន្ត ដ៏ធំសម្រាប់ភ្ញៀវទេសចរ និងចរន្តសេដ្ឋកិច្ចសម្រាប់ ប្រតិបត្តិករទេសចរណ៍ និងវិស័យឯកជន៕

 

អត្ថបទដែលជាប់ទាក់ទង