ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន អភិបាល និងអ្នកឧកញ៉ា ទ្រី ភាព អញ្ជើញចូលរួមក្នុងពិធីប្រគល់ ទទួលប៉មឆ្មាំសមុទ្រចំនួន១២ប៉ម នៅឆ្នេរអូរឈើទាល២ ដើម្បីដំណើរប្រើប្រាស់

334

ព្រះសីហនុ៖ ព្រឹកថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងអ្នកឧកញ៉ា ទ្រី ភាព អញ្ជើញចូលរួមក្នុងពិធីប្រគល់ ទទួលប៉មយាមចំនួន១២ប៉ម នៅឆ្នេរអូរឈើទាល២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ បុគ្គលិកសំអាតឆ្នេរ និងឆ្មាំសមុទ្រ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ថ្ងៃនេះយើងធ្វើពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប៉ុស្តិ៍យាម ឬប៉មយាមឆ្នាំសមុទ្រ របស់យើងនៅតាមបណ្តោយឆ្នេរសមុទ្រក្នុងក្រុងព្រះ សីហនុ មានចំនួន១២ប៉ម។ ដោយសារការខិតខំរបស់រាជរដ្ឋាភិបាល បានសម្រេចអនុញ្ញាតឱ្យ យើងប្រើប្រាស់នូវថវិកាសម្រាប់ ធ្វើការអភិវឌ្ឍខេត្តព្រះសីហនុ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចំណាយថវិកាយ៉ាងច្រើន ដើម្បីកែលម្អផ្លូវថ្នល់ ឆ្នេរសមុទ្រ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា។ ដោយយើងបានបើកឆ្នេរសមុទ្រ របស់យើងជាលំហរសាធារណៈ សម្រាប់ឱ្យភ្ញៀវជាតិ អន្តរជាតិមកលេងកម្សាន្តសប្បាយ។ ពីមុនឆ្នេរនេះ ត្រូវបានប្រើប្រាស់ របស់ឯកជន ពុំមានលំហរសាធារណ: ក្រោយកិច្ចខិតខំ ប្រឹងប្រែងរបស់យើង បានធ្វើឱ្យឆ្នេរនេះ ក្លាយជាលំហរសាធារណៈមានជាង១៦គីឡូម៉ែត្រ និងពយជាង ៤គីឡូម៉ែត្រ។ យើងបានរៀបចំដាក់ពោងសុវត្ថិភាព ដើម្បីបែងចែកតំបន់សម្រាប់ អ្នកហែលទឹកលេងឱ្យមានសុវត្ថិភាព ពីទូក កាណូត ឬមធ្យោបាយផ្សេងៗ និងជារបាំងសុវត្ថិភាព នៅពេលមានខ្យល់ ឬប្រការណាមួយ។

ឯកឧត្តមអភិបាលខេត្តបន្តថា ប៉មទាំង១២នេះ គឺអំណោយរបស់ អ្នកឧកញ៉ា ទ្រី ភាព សម្រាប់ជាចំណង ដៃជូនរដ្ឋបាលខេត្តប្រើប្រាស់ជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា។ សូមជម្រាបជូនផងដែរថាកន្លងមក អ្នកឧកញ៉ា ទ្រី ភាព ក៏បានជួយឧបត្ថម្ភគាំទ្រ ដល់រដ្ឋបាលខេត្ តជាបន្តបន្ទាប់ ពិសេសក្នុងដំណាក់កាលនៃការបិទខ្ទប់ក្រុងព្រះសីហនុ ដោយអ្នកឧកញ៉ាបានផ្តល់ស្បៀង អាហារសម្រាប់ចែកជូន ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុជាដើម។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់បងប្អូនឆ្មាំសមុទ្រ ត្រូវប្រើប្រាសប៉មឱ្យ បានត្រឹមត្រូវ ដោយឆ្មាំរបស់យើងត្រូវមានកញ្ចែ មេក្រូ និងសម្ភារៈមួយចំនួនទៀត ដើម្បីផ្តល់ពត៌មាន និងជួយសង្គ្រោះ ដល់អ្នកទេសចរមកលេងទឹក ក្នុងករណីមានឧប្បត្តិហេតុចៃដន្យណាមួយ។ ក្នុងនោះឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ មន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន និងបុគ្គលិកសម្អាត ត្រូវរួមគ្នាសម្អាត តាមតំបន់ឆ្នេរសមុទ្ររបស់យើង និងអំពាវនាវជូនចំពោះ ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ទាំងអស់ ត្រូវចូលរួមថែរក្ អនាម័យ បរិស្ថាននៅតាមបណ្តោយឆ្នេរ និងនៅតាមទីសាធារណៈ ដោយយើងដាក់ធុងសំរាម ដើម្បីឱ្យពួកគាត់យកសំរាម ឬកាកសំណល់ដែលប្រើប្រាស់រួច យកមកទុកដាក់ក្នុងធុងសំរាម ឱ្យបានត្រឹមត្រូវ និងស្នើឱ្យក្រុមហ៊ុនដឹកជញ្ជូនសំរាម ត្រូវបង្កើនការប្រមូលសំរាម នៅថ្ងៃសៅរ៍ អាទិត្យ និងពិធីបុណ្យផ្សេងៗ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការដោះស្រាយ ការកកស្ទះសំរាមនៅក្នុងក្រុង ពិសេសត្រៀមក្នុង ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាពេលខាងមុខ ធ្វើយ៉ាងណាឱ្យឆ្នេររបស់យើង មានភាពស្អាត និងចាំទទួលស្វាគមន៍ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ បុគ្គលិកសំអាតឆ្នេរ និងឆ្មាំសមុទ្រទាំងត្រូវនាំគ្នា ទៅចាក់វ៉ាក់សាំងដូសជម្រុញ ដូសទី៤ ដើម្បីបង្កើនភាពស៊ាំ ឱ្យបានគ្រប់ៗគ្នា ។

ក្នុងឱកាសនោះ អ្នកឧកញ៉ា ទ្រី ភាព បាននាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភជូនបុគ្គលិកសំអាតឆ្នេរ និងឆ្មាំសមុទ្រចំនួន៧៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល៕

 

អត្ថបទដែលជាប់ទាក់ទង