ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួល ជួបពិភាក្សាការងារ ជាមួយប្រធានអង្គការ SOS

39

ភ្នំពេញ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី ១៧ ខែមីនាឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Wordofa Dereje ប្រធានអង្គការកុមារ SOS អន្តរជាតិ។

នៅក្នុងជំនួបនេះ លោកប្រធានអង្គការ SOS អន្តរជាតិបានគោរពជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថា លោកពិតជាមានកិត្តិយស ជាអនេកដែលបាន សម្ដេចតេជោអញ្ជើញ ចូលរួមជាអធិបតីក្នុងការសម្ពោធដាក់ឱ្យប្រើប្រាស់ភូមិកុមារ SOS នៅព្រៃវែងកាលពីព្រឹកមិញនេះ ។ ប្រធានអង្គការ SOS បានពេញចិត្តចំពោះ ការថ្លែងសន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន អំពីការបារម្ភ និងយកចិត្តទុកដាក់ចំពោះសុខមាលភាព និងអនាគតរបស់កុមារ។

នៅក្នុងឱកាសនេះ លោកក៏បានគោរពសម្ដែង នូវការថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាដែលបានអនុញ្ញាតឲ្យអង្គការSOS ធ្វើជាដៃគូកន្លងមក ហើយដៃគូនេះទៀតសោត បានអនុញ្ញាតឲ្យអង្គការ SOS មានដំណើរការកាន់តែខ្លាំងឡើង ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ក្នុងការបំពេញបេសកកម្មជួយដល់កុមារ និងផ្ដល់ជូន កុមារ និងក្រុមគ្រួសារនូវ ក្តីស្រឡាញ់ ការថែទាំ និងជាពិសេសការអប់រំដើម្បីជួយដល់កុមារទាំងនោះឲ្យបានប្រែក្លាយសុបិនរបស់ពួកគេទៅជាការពិត ។ លោកក៏បានប្ដេជ្ញាចំពោះសម្ដេចតេជោ ហ៊ុន សែន ថា អង្គការ SOS នឹងប្រឹងប្រែងបន្តទៀត ដើម្បីជួយដល់កុមារឲ្យកាន់តែច្រើនឡើង ក្នុងការសម្រេចបានក្នុងក្តីសុបិន្តរបស់ពួកគេ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវសេចក្តីរីករាយជាមួយនឹងភាពជាដៃគូ SOS ដែលចំណងទាក់ទង ២០ឆ្នាំមិនមានការថយចុះនេះបង្ហាញ នូវភាពរឹងមាំ ភាពជាដៃគូរបស់អង្គការ SOS និងរាជរដ្ឋាភិបាលកម្ពុជា។ នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅលើពិភពលោកយើងនេះ មិនមានប្រទេសណារងគ្រោះខ្លាំងជាងគេដូចប្រទេសកម្ពុជានោះទេ ប៉ុន្តែយ៉ាងណាក៏ដោយ កម្ពុជាមិនអនុញ្ញាតឲ្យកុមារ និងយុវជនកម្ពុជាអត់បាយនោះទេ។ សម្តេចតេជោ បានបញ្ជាក់ថា ការិយាល័យល្អមិនមែន ជាអាទិភាពរបស់កម្ពុជា សម្រាប់មន្ត្រីកម្ពុជានោះទេ ប៉ុន្តែជម្រកនឹងសេចក្តីត្រូវការរបស់កុមារទេ ដែលជាអាទិភាពរបស់កម្ពុជា។ សម្ដេចតេជោ បានឯកភាពជាមួយអង្គការ SOS ក្នុងការថែរក្សាកុមារ ដើម្បីឱ្យកុមារចេញទៅមានចំណេះវិជ្ជាអាចរកការងារធ្វើ អាចបម្រើការងារ ឬអាចប្រកប អាជីវកម្មតាមក្តីសុបិនរបស់ពួកគេ៕

អត្ថបទដែលជាប់ទាក់ទង