ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង OHCHR រៀបចំសិក្ខាសាលា ពិគ្រោះយោបល់លើកទី៦ លើសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្ស

327

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសហការជាមួយការិយាល័យ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកទី៦ លើសេចក្តីព្រាងច្បាប់ស្តីពី «ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា»

កិច្ចពិគ្រោះយោបល់លើកទី៦នេះ ធ្វើឡើងជាមួយក្រុមតំណាងជន មានពិការភាពប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោក កែវ រ៉េមី ប្រធានគណៈ កម្មធិការសិទ្ធិមនុស្សកម្ពុជា និងលោកស្រី Claudia Dela Fuente (ក្លូឌៀ ដឺឡា ហ្វុងតេ) តំណាង OHCHR នៅ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

នាឱកាសនោះដែរលោក កែវ រ៉េមី បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លើវិស័យសិទ្ធិមនុស្ស ទើបអនុញ្ញាតឱ្យ គ.ស.ម.ក. ធ្វើសេចក្តីព្រាងច្បាប់នេះឡើង។

លោកក៏បានស្នើសុំឱ្យសិក្ខាកាមទាំងអស់ចូលរួមបញ្ចេញមតិយោបល់ ដែលជាធាតុចូលសំខាន់ៗ ដើម្បីក្រុមការងារអាចរួមបញ្ចូលទៅក្នុងសេចក្ដីព្រាងច្បាប់នេះ។ សិក្ខាសាលាពិគ្រោះយោបល់នេះធ្វើឡើងក្នុងគោលបំណង ប្រមូលធាតុចូលពីតំណាងបងប្អូន ជនមានពិការភាពនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាបាននូវតម្លាភាពនិងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

លោកបានបន្តថា ការពិគ្រោះយោបល់ជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យសេចក្តីព្រាងច្បាប់នេះ ពេលដាក់ចេញទៅឱ្យមានតម្លាភាព និងទទួលយកពីគ្រប់ស្ថាប័ន។ នៅពេលកម្ពុជាបង្កើនស្ថាប័នសិទ្ធិមនុស្សជាតិនេះហើយ មិនមែនត្រូវជិះសេះលែងដៃនោះទេ គឺមានការវាយតម្លៃពីអង្គការសមាគម នៃស្ថាប័នសិទ្ធិមនុស្សជាតិនេះទៀត ហើយបើគេវាយតម្លៃឃើញល្អ នឹងឈរលើគោលការណ៍ទីក្រុងប៉ារីស សំដៅទៅលើពហុនិយម។

លោក កែវ រ៉េមី បានបញ្ជាក់ថា នេះលើកទី៦ ដែល CHRC បានជួបពិគ្រោះយោបល់ជាមួយដោយមានពិគ្រោះយោបល់ទាំងថ្នាក់តំបន់ និងស្ថាប័នជាច្រើនទៀត ហើយនឹងមានការចុះទៅ ដល់មូលដ្ឋានជួបជាមួយ ពលរដ្ឋតាមបណ្ដាខេត្ត រួមទាំងជួបគណបក្សនយោបាយ ដែលមិនមានអាសនៈ នៅក្នុងរដ្ឋសភា ក្នុងការទទួលយកនូវទស្សនៈ មតិយោបល់ និងធាតុចូលផ្សេងៗ ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះកាន់តែល្អប្រសើរ។

លោកស្រី Claudia Dela Fuente (ក្លូឌៀ ដឺឡា ហ្វុងតេ) បានលើកឡើងថា ការបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា នេះគឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងការពារសិទ្ធិមនុស្សនៅកម្ពុជា ហើយលោកស្រីគាំទ្រ និងបន្តសហការជាមួយ គ.ស.ម.ក. ក្នុងការបង្កើត គណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា។

លោក ជេត ជាលី បានថ្លែងថា ការរៀបចំនូវសេចក្ដីព្រាងច្បាប់នេះ សំដៅបង្កើត គណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ដែលជាស្ថាប័នជាតិ ឯករាជ្យ អព្យាក្រឹត្យ ក្នុងការបំពេញការងារលើវិស័យសិទ្ធិមនុស្ស។

សេចក្តីព្រាងច្បាប់នេះ បានរៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងមានការសហការផ្ដល់ជាបច្ចេកទេសពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងវេទិកាអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Forum-APF) ដែលមានទីតាំងនៅប្រទេសអូស្ត្រាលី។ ច្បាប់នេះមាន៨ ជំពូក និង៣២ មាត្រា បង្កើតឡើងដើម្បីធានាការលើកតម្លៃសិទ្ធិមនុស្ស ដូចដែលអង្គការសហប្រជាជាតិ បានកំណត់ និងស្របតាមគោលការណ៍ទីក្រុងប៉ារីស។

គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះត្រូវបានរៀបចំរួចរាល់កាលពីខែកក្កដា ឆ្នាំ២០២១ ហើយត្រូវបានប្រកាសបើកឱ្យមានការផ្ដល់នូវធាតុចូលពីសាធារណជនទូទៅតាមរយៈហ្វេសហ៊ុកផេក https://www.facebook.com/chrc.gov.kh/ និង Telegram Channelមានឈ្មោះថា https://t.me/comment_on_NHRC_Law តាំងពីខែកក្កដា ឆ្នាំ២០២១ រហូតមក។ ទន្ទឹមនឹងនេះ ក៏មានការរៀបចំធ្វើកិច្ចពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធ ហើយនេះគឺជាកិច្ចពិគ្រោះយោបល់លើកទី២ បន្ទាប់ពីការពិគ្រោះយោបល់លើកទី១បានរៀបចំធ្វើឡើងជាមួយអង្គការសង្គមស៊ីវិល។

អង្គសិក្ខាសាលា បានពិភាក្សាផ្តល់យោបល់ និងផ្តល់ធាតុចូលយ៉ាង សកម្មផុសផុលចំពោះ មាត្រា និងជំពូកនីមួយៗ ក្នុងស្មារតីសាមគ្គីភាព និងស្និទ្ធស្នាល៕

អត្ថបទដែលជាប់ទាក់ទង