ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លទ្ធផលនៃសិក្ខាសាលាស្តីពី “ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់៖ ផលបច្ច័យ បញ្ហាប្រឈម និងកំណើនសេដ្ឋកិច្ចនាពេលអនាគតសម្រាប់តំបន់អាស៊ីបូព៌ា និងអាស៊ាន”

196

 

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២២ខែមីនាឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសិក្ខាសាលាស្តីពី “ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់៖ ផលបច្ច័យ បញ្ហាប្រឈម និងកំណើនសេដ្ឋកិច្ចនាពេលអនាគត សម្រាប់តំបន់អាស៊ីបូព៌ា និងអាស៊ាន”។

ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកស្រាវជ្រាវ បញ្ញវន្ត វិស័យឯកជន និងបណ្តាញសារព័ត៌មាន ឱ្យបានជ្រាបថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ វិទ្យាស្ថានបណ្តុះបណ្តាល ពាណិជ្ជកម្មនិងស្រាវជ្រាវ (TTRI) នៃក្រ ណិជ្ជកម្ម សហការជាមួយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់ អាស៊ាននិងអាស៊ីបូព៌ា (ERIA) បានរៀបចំសិក្ខាសាលាអន្តរជាតិមួយលើប្រធានបទ “ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយតំបន់ (អាសិប)៖ ផលបច្ច័យ បញ្ហាប្រឈម និងកំណើនសេដ្ឋកិច្ចនាពេលអនាគតសម្រាប់តំបន់អាស៊ីបូព៌ានិង អាស៊ាន” ក្រោមគណៈអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តម សាស្ត្រាចារ្យ អុដេតូស៊ិនីស៊ីមូរ៉ា ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់តំបន់អាស៊ាននិងអាស៊ីបូព៌ា។ អង្គសិក្ខ សាលានេះត្រូវបានធ្វើឡើងនៅសណ្ឋាគារ ហាយ៉ាតរីជិនស៊ី ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូហ្សូម (Zoom) ពីឯកឧត្តម-លោកជំទាវតំណាងក្រសួង-ស្ថាប័ន ឯកឧត្តម-លោកជំទាវតំណាងស្ថានទូតប្រចាំនៅកម្ពុជា អ្នក សិក្សាស្រាវជ្រាវ និងវិស័យឯកជន សរុបប្រមាណ ២០០នាក់។ ក្នុងអង្គសិក្ខាសាលានេះ ក៏មានការសម្ភោធដាក់ឱ្យប្រើ ប្រាស់សៀវភៅស្តីពីកិច្ចព្រមព្រៀងអាសិប (RCEP) ក្រោមគណៈអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មកម្ពុជា និងឯកឧត្តមសាស្ត្រាចារ្យប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាននិងអាស៊ីបូព៌ា។

អង្គសិក្ខាសាលានេះ មានការធ្វើបទបង្ហាញចំនួនបី និងកិច្ចពិភាក្សាចំនួនមួយ ធ្វើឡើងដោយអ្នកជំនាញជាតិនិង អន្តរជាតិ ព្រមទាំងមន្ត្រីជាន់ខ្ពស់ដែលមានបទពិសោធន៍ក្នុងការចរចាកិច្ចព្រមព្រៀងនេះ។ ខាងក្រោមនេះជាលទ្ធផល សង្ខេបនៃបទបង្ហាញទាំងបី និងកិច្ចពិភាក្សា ដែលជះឥទ្ធិពលលើសេដ្ឋកិច្ចកម្ពុជា៖

ក. បទបង្ហាញទី១៖ ផលបច្ច័យ និងបញ្ហាប្រឈមនៃកិច្ចព្រមព្រៀងអាសិប

ក្នុងបទបង្ហាញនេះ អ្នកជំនាញលើកឡើងអំពីកិច្ចព្រមព្រៀងអាសិបដែលជាកាតាលីករក្នុងការជំរុញសមាហរណកម្ម តំបន់ ខណៈដែលតំបន់អាស៊ាននិងអាស៊ីបូព៌ាបានចាប់ផ្តើមចាប់យកនិន្នាការសមាហរណកម្មចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៨០ មកម្ល៉េះ។ បទបង្ហាញនេះ បានពិភាក្សាអំពីផលប៉ះពាល់ដែលជាផលបច្ច័យនៃកិច្ចព្រមព្រៀងអាសិបមកលើ សមាហរណកម្មតំបន់អាស៊ីរួមទាំងអាស៊ានផងដែរ។ ជាលទ្ធផល បទបង្ហាញនេះមានខ្លឹមសារសង្ខេបដូចខាងក្រោម៖

ការសម្លឹងឃើញរបបពាណិជ្ជកម្ម ដែលកំណត់ការធ្វើកិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកនៃកិច្ច ព្រមព្រៀងនេះសម្រាប់ ជាដំណោះស្រាយចំពោះនិន្នាការនៃការអនុវត្តកិច្ចគាំពារនិយម ដែលកើតឡើងពីវិបត្តិ ជម្ងឺរាតត្បាតកូវីដ-១៩ និងនិន្នាការថ្មីៗផ្សេងទៀត ដែលប្រទេសមួយចំនួនប្រកាន់យកពេលជួបបញ្ហាទាក់ទង នឹងសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន។ ដូចនេះ កិច្ចព្រមព្រៀងអាសិបនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាគាំពារនិយមនៅក្នុងសេដ្ឋកិច្ចសកល និងជាមធ្យោបាយសម្រាប់ជំរុញការធ្វើសមាហរណកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាសមាជិក។

ស្ថិតក្នុងដំណាក់កាលនៃការស្ដារសេដ្ឋកិច្ចឡើងវិញ និងការរស់នៅក្នុងប្រក្រតីភាពថ្មីនៃជម្ងឺកូវីដ-១៩ ខ្សែ ច្រវាក់តម្លៃសកលគឺជាដំណោះស្រាយដ៏ប្រសើរមួយសម្រាប់ផ្តល់ផលប្រយោជន៍ដល់ប្រទេសជាសមាជិក។ កិច្ចព្រមព្រៀងអាសិប បានបង្ហាញនូវអត្ថប្រយោជន៍ និងឥទ្ធិពលវិជ្ជមានសម្រាប់ប្រទេសសមាជិក ជាពិសេស កម្ពុជាដែលជាប្រទេសទទួលបានផលប្រយោជន៍ធំជាងគេទី៣ ពីកិច្ចព្រមព្រៀងនេះ ព្រមទាំងបង្ហាញនូវបញ្ហា ប្រឈមមួយចំនួនដែលកម្ពុជានិងសមាជិកដទៃទៀតនឹងរួមគ្នាដោះស្រាយក្រោមកិច្ចព្រមព្រៀងនេះ។

– កិច្ចព្រមព្រៀងអាសិបក៏បានបង្ហាញផងដែរនូវបញ្ហាប្រឈមសំខាន់ៗ ហើយក៏ផ្តល់នូវដំណោះស្រាយចំពោះ ប្រទេសជាសមាជិកនីមួយៗដោយផ្អែកលើដំណាក់កាលនៃការអភិវឌ្ឍរបស់ប្រទេសទាំងនោះ ជាពិសេស ចំពោះប្រទេសកម្ពុជា ដែលវាជាដំណាក់កាលមួយក្នុងការជួយជំរុញការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍ តិចតួចទៅជាប្រទេសកំពុងអភិវឌ្ឍន៍។

ទន្ទឹមនឹងនេះ កិច្ចព្រមព្រៀងនេះក៏ផ្ដល់សារប្រយោជន៍ផងដែរសម្រាប់បង្កើតជាក្រុមរួមមួយនៃបណ្តាប្រទេស អាស៊ាន ដែលនឹងធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មជាមួយនឹងប្រទេសជាសមាជិកដទៃទៀតក្នុង រូបភាពសម្របសម្រួលដែលអាចផ្តល់ប្រយោជន៍ទៅវិញទៅមក ជាពិសេសការប្រើប្រាស់សន្ធិកម្មបច្ចេកវិទ្យា ការធ្វើឱ្យមានសេរីភាវូបនីយកម្មពាណិជ្ជកម្មទំនិញនិងសេវាកម្ម និងការវិនិយោគ ការប្រើប្រាស់បណ្តាញ ផលិតកម្មសកល និងការសម្រួលវិធានមួយចំនួនដែលជាមូលដ្ឋាននៃកិច្ចសម្រួល និងជំរុញពាណិជ្ជកម្ម។

ខ. បទបង្ហាញទី២៖ ផលប៉ះពាល់នៃកិច្ចព្រមព្រៀងអាសិបលើតំបន់អាស៊ីបូព៌ា និងអាស៊ាន អ្នកជំនាញបានប្រើប្រាស់ម៉ូឌែលសម្រាប់វិភាគ (រួមមាន Computational General Equillbrium) ដែលបង្កើត ជាសេណារីយ៉ូផ្សេងៗគ្នា ដើម្បីសិក្សាពីផលប៉ះពាល់នៃកិច្ចព្រមព្រៀងអាសិប លើតំបន់អាស៊ីបូព៌ា និងអាស៊ាន ដែលរួម មានកម្ពុជាផងដែរ។ នៅក្នុងបទបង្ហាញនេះ អ្នកជំនាញបានធ្វើការវិភាគទាំងផ្នែកគុណភាព និងបរិមាណទៅលើផល បច្ច័យដែលជាកំណើនសេដ្ឋកិច្ចដែលពឹងផ្អែកគ្នាទៅវិញទៅមក ក្នុងតំបន់រវាងប្រទេសជាសមាជិក ដូចជា ការប្រើប្រាស់ ប្រព័ន្ធឌីជីថលនិងស្វ័យប្រវត្តិកម្មក្នុងតំបន់ ដែលជាឧបករណ៍ជំរុញកំណើន និងការគាំទ្រផ្នែកសេដ្ឋកិច្ចតាមរយៈជំនួយ បច្ចេកទេសសំដៅពន្លឿនការកែទម្រង់វិធានច្បាប់ និងហេដ្ឋារចនាសម្ព័ន្ធនានាជាដើម។ បទបង្ហាញនេះក៏មានការប្រៀប ធៀបរវាងកិច្ចព្រមព្រៀងអាសិប ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងទៀត ដូចជា កិច្ចព្រមព្រៀងភាពជាដៃគូ អន្តរប៉ាស៊ីហ្វិកគ្រប់ជ្រុងជ្រោយនិងមានវឌ្ឍនភាព (CPTPP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោមក្របខ័ណ្ឌអាស៊ាន (ASEAN+1 FTAs) ជាដើម។ ជាលទ្ធផល បទបង្ហាញនេះមានខ្លឹមសារសង្ខេបដូចខាងក្រោម៖

ភាពចាំបាច់នៃការបំពេញឱ្យគ្នាទៅវិញទៅមកក្នុងតំបន់គឺជាកត្តាដ៏សំខាន់ដែលកិច្ចព្រមព្រៀងបានផ្តល់ជូន – ការប្រើប្រាស់វិធានប្រភពដើមទំនិញ ដែលអនុញ្ញាតឱ្យមានលំហូវត្ថុធាតុដើម ពីប្រទេសជាសមាជិកនៃកិច្ចព្រម ព្រៀង និងធ្វើឱ្យប្រទេសជាសមាជិកទទួលប្រយោជន៍ កាន់តែច្រើននៅក្នុងការអនុវត្ត និងតួនាទីរបស់ខ្លួនក្នុងខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់និងសកល។

បទបង្ហាញក៏បានជម្រាបជូនអំពីបច្ច័យវិជ្ជមានពីការកាត់បន្ថយអត្រាពន្ធគយ កិច្ចសម្រួលពាណិជ្ជកម្មសេវា ការពង្រីកបណ្ដាញឡូហ្ស៊ីស្ទិក និងការប្តេជ្ញាចិត្តលើវិស័យវិនិយោគដែលធ្វើឱ្យមានការកាត់បន្ថយហានិភ័យ ដែលរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់អត្ថប្រយោជន៍ ដល់ប្រទេសជាសមាជិកនីមួយៗ ទៅតាមដំណាក់ កាលនៃការអភិវឌ្ឍរបស់ប្រទេសរៀងៗខ្លួន។

– កិច្ចព្រមព្រៀងអាសិបផ្តល់ផលចំណេញច្រើនជាងកិច្ចព្រមព្រៀង CPTPP ហើយស្ដែងនូវផលប្រយោជន៍ កាន់តែប្រសើរឡើងនូវការតភ្ជាប់ចិន-ជប៉ុន-កូរ៉េ ដែលទំនាក់ទំនងនេះ នឹងជះឥទ្ធិពលវិជ្ជមានដល់បណ្ត ប្រទេសជាសមាជិក ជាពិសេសប្រទេសជាសមាជិកអាស៊ាន។

– ការប្រើប្រាស់វិធានប្រភពដើមទំនិញរួមតែមួយ នឹងធ្វើឱ្យមានលំហូពាណិជ្ជកម្មកាន់តែទូលំទូលាយ ដែលនឹង ជួយជំរុញដល់ពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់ប្រទេសជាសមាជិក។

គ. បទបង្ហាញទី៣៖ កិច្ចព្រមព្រៀងអាសិប ការស្ដារសេដ្ឋកិច្ចឡើងវិញពីវិបត្តិជម្ងឺរាតត្បាត និងគោលដៅអភិវឌ្ឍន៍នាពេលអនាគតក្នុងបទបង្ហាញនេះ អ្នកជំនាញបានលើកឡើងពីភាពធន់នៃសេដ្ឋកិច្ច និងការធ្វើពិពិធកម្មផលិតផលនិងទីផ្សារ សម្រាប់ប្រទេសជាសមាជិកអាសិប ជាលទ្ធផល កិច្ចព្រមព្រៀងអាសិបនឹងផ្តល់ប្រយោជន៍ចំពោះការស្ដារសេដ្ឋកិច្ច ឡើងវិញក្រោយវិបត្តិកូវីដ-១៩ និងបរិវត្តកម្មតំបន់ តួយ៉ាង កិច្ចព្រមព្រៀងអាសិបនឹងចូលរួមចំណែកបង្កើនពាណិជ្ជកម្មសេវា (នឹងកើនឡើងច្រើនជាង ៣០% នៅឆ្នាំ២០៤០) ការធ្វើពាណិជ្ជកម្មនិងវិនិយោគផ្អែកលើវិធានច្បាប់ ការបើកច្រកទីផ្សារបន្ថែម ការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ ការពង្រឹងមជ្ឍភាពអាស៊ាន និងភាពបត់បែនក្នុងការពិនិត្យ និងពិភាក្សាបន្ថែមលើខ្លឹមសារណាមួយ (living Agreement) នៃកិច្ចព្រមព្រៀងនេះ។

អ្នកជំនាញក៏បានពន្យល់ពីមាត្រាសំខាន់ៗដែលបញ្ចូលធាតុសក្តានុពល រួមមាន ពាណិជ្ជកម្មឌីជីថល វិធានប្រភព ដើមទំនិញ អនាម័យ-ភូតគាមអនាម័យ ស្តង់ដា ការអភិវឌ្ឍវិស័យឯកជន ព្រមទាំងការប្រើប្រាស់បញ្ជីអវិជ្ជមាន (Negative List) នៅក្នុងការប្តេជ្ញាចិត្តផ្នែកពាណិជ្ជកម្មសេវាផងដែរ។

ឃ. កិច្ចពិភាក្សាដេញដោលស្តីពីសេដ្ឋកិច្ចកម្ពុជា

កិច្ចពិភាក្សានេះ មានការចូលរួមពីវាគ្មិនជាមន្ត្រីជំនាញជាន់ខ្ពស់កម្ពុជា និងជាប្រធានចរចាកិច្ចព្រមព្រៀងអាសិប ព្រមទាំងមន្ត្រីជាន់ខ្ពស់របស់សភាពាណិជ្ជកម្មកម្ពុជា។ ក្នុងកិច្ចពិភាក្សានេះ មន្ត្រីជំនាញបានលើកឡើងពីផលប្រយោជន៍ ដែលកិច្ចព្រមព្រៀងអាសិបអាចផ្តល់ឱ្យកម្ពុជា រួមមាន៖
ការទទួលបានច្រកទីផ្សារបន្ថែមលើកិច្ចព្រមព្រៀងដែលកម្ពុជា មានជាមួយប្រទេសដៃគូទាំងប្រាំ (ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់) ក្រោមក្របខ័ណ្ឌអាស៊ាន (ASEAN+1 FTAs) ដែលក្នុងនោះ កម្ពុជា ទទួលបាន ៩៥,៧០% ពីអូស្ត្រាលី; ៨៥% ពីចិន; ៩៩,៦៥% ពីជប៉ុន; ៨៨% ពីកូរ៉េខាងត្បូង និង ៩៧,៣៥% ពី នូវែលសេឡង់ ។ ការណ៍នេះនឹងជួយជំរុញកំណើនការនាំចេញប្រចាំឆ្នាំរបស់កម្ពុជាប្រមាណ ៧,៣%។

វិធានប្រភពដើមទំនិញកម្ពុជាមានភាពបត់បែន និងមានជម្រើសច្រើនក្នុងការប្រើប្រាស់។ ការទទួលបានការវិនិយោគបរទេសច្រើន ដោយសារកម្ពុជាជាទីតាំងភូមិសាស្ត្រត្រង់ចំណុចកណ្តាលនៃតំបន់ អាស៊ាន ដែលគេរំពឹងថានឹងមានកំណើនប្រចាំឆ្នាំប្រមាណ ២៣,៤%។ ការទទួលបានក្របខ័ណ្ឌពង្រឹងសេដ្ឋកិច្ចថ្មីស្របពេលកម្ពុជាបានត្រៀមខ្លួនរួចរាល់ បន្ទាប់ពីរាជរដ្ឋាភិបាលយក

ឈ្នះការគំរាមកំហែងខ្លាំងពីជម្ងឺកូវីដ-១៩ តាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងកន្លងមក ។ល។ -កិច្ចព្រមព្រៀងអាសិបនឹងជួយជំរុញកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់កម្ពុជាប្រមាណ ២% លើកំណើនដែល មានស្រាប់។

ទោះជាយ៉ាងណា វាគ្មិនបានលើកឡើងពីគោលនយោបាយមួយចំនួន ដែលកម្ពុជាត្រូវអនុវត្ត ដើម្បីទទួលបានអត្ថ ប្រយោជន៍អតិបរមាពីកិច្ចព្រមព្រៀងអាសិប។ គោលនយោបាយនោះ រួមមាន ការបន្តរក្សាការកែទម្រង់ទីផ្សារ ការពង្រឹង សកម្មភាពឧស្សាហកម្មក្នុងស្រុក ការទាញយកផលប្រយោជន៍ចេញពីការតភ្ជាប់ពាណិជ្ជកម្មរវាងចិន-ជប៉ុន-កូរ៉េខាង ត្បូង ការធ្វើពិពិធកម្មផលិផលនាំចេញ ជាជាងពឹងផ្អែកតែលើវិស័យវាយនភណ្ឌនិងសម្លៀកបំពាក់ ការពង្រឹងសមត្ថភាពផ្នែក សេវាកម្មឌីជីថលនិងតាមប្រព័ន្ធអេឡិចត្រូនិក ការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម ការគាំទ្រសហគ្រាសធុនតូចនិងមធ្យម និងការអភិវឌ្ឍជំនាញ (រឹងនិងទន់) ។ល។

គួររំឭកផងដែរ កិច្ចព្រមព្រៀងអាសិប ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំផុត លើសកលលោក គ្របដណ្តប់លើបជា ជនប្រមាណ ៣០%នៃប្រជាជនពិភពលោក ផលិតផលក្នុងស្រុកសរុបតំបន់ប្រមាណ ៣០% នៃផលិតផលក្នុងស្រុកសរុប សកល និងប្រមាណ ២៨% នៃពាណិជ្ជកម្មសកល។ កិច្ចព្រមព្រៀងអាសិបត្រូវបានផ្តើមការចរចានៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០១២ និងបានចាប់ផ្តើមចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២៕

 

អត្ថបទដែលជាប់ទាក់ទង