ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន បញ្ជាដល់អាជ្ញាធរ និងសមត្ថកិច្ច រៀបចំរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

75

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ បានដាក់បទបញ្ជា ដល់អាជ្ញាធរ និងសមត្ថកិច្ច រៀបចំរក្សាសន្តិសុខ ដើម្បីបង្កលក្ខណៈសប្បាយរីករាយ ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

ការដាក់បញ្ជាបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ ដែលជាផ្លូវមួយខ្សែដ៏សំខាន់ បម្រើដល់ការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយតភ្ជាប់រវាងផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សង្ឃឹមថា ចូលឆ្នាំថ្មីនេះ នាំគ្នាសប្បាយរីករាយ ជាមួយនឹងកិច្ចការពារ ឲ្យបានល្អនូវសន្តិសុខតាមមូលដ្ឋាន បង្កលក្ខណៈសប្បាយរីករាយឲ្យប្រជាជន, បណ្តាខេត្ត និងមូលដ្ឋាន ត្រូវត្រៀមរៀបចំពីឥលូវនេះ»

លើសពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រាប់ដល់ខាងផ្នែកវិស័យទេសចរណ៍ ត្រូវណែនាំទៅដល់ វិស័យទេសចរណ៍តាមផ្នែកនានា នៅគ្រប់ទីកន្លែង ដើម្បីត្រៀមរៀបចំ ព្រោះអ្នកទៅលេងតាមមូលដ្ឋាននានាក៏មានច្រើន នៅកំឡុងពេល នាចូលឆ្នាំថ្មីខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំ២០២២នេះ នឹងរៀបចំធ្វើឡើង រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃ១៦ ខែមេសា ខាងមុខនេះ បន្ទាប់ពីខកខានអស់រយៈពេល២ឆ្នាំ ដោយសារតែការរាតត្បាតជំងឺកូវីដ១៩៕

អត្ថបទដែលជាប់ទាក់ទង