ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុណ្យចូលឆ្នាំថ្មីខាងមុខ បងប្អូនប្រជាពលរដ្ឋ នឹងមានឱកាសដើរលេងកម្សាន្តសប្បាយ , សម្តេចតេជោ ហ៊ុន សែន បង្ហាញការសោកស្តាយ តម្លៃសាំងមានការឡើងថ្លៃ នាំឲ្យមានការប៉ះពាល់ ដល់ការចំណាយ ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ

23

 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ បានថ្លែងអះអាងធានាជាថ្មីថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ បងប្អូនប្រជាពលរដ្ឋនឹងមានឱកាសដើរលេងកម្សាន្ត ប្រកបដោយសប្បាយរីករាយ បន្ទាប់ពីខកខានអស់រយៈពេល២ឆ្នាំ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវការសោកស្តាយផងដែរ ខណៈតម្លៃសាំងមានការឡើងថ្លៃ ដែលអាចនាំឲ្យមានការប៉ះពាល់ដល់ការចំណាយ ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ការកើនឡើងនៃតម្លៃសាំងនេះ មិនមែនកើតមានចំពោះតែកម្ពុជាទេ ប្រទេសនានាទូទាំងពិភពលោក រងផលប៉ះពាល់ដូចគ្នា ដោយសារវិបត្តិសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន។

ការថ្លែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសសម្ពោធដាក់ដំណើរការ អគារជំងឺត្រចៀក ច្រមុះ បំពង់កមិត្តភាពកម្ពុជា-កូរ៉េ ក្នុងមន្ទីរពេទ្យព្រះអង្គឌួង នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំអាចនិយាយដោយមោទនភាពថា ឆ្នាំនេះចូលឆ្នាំនឹងមានឱកាសសម្រាប់ប្រជាពលរដ្ឋរបស់យើងដើរលេង ដែលយើងបានខកខានក្នុងរយៈពេល២ឆ្នាំរួចមកហើយ គ្រាន់តែជាអកុសលឆ្នាំនេះ នៅពេលដែលបងប្អូនជនរួមជាតិរបស់យើងដែលធ្វើដំណើរ គឺសាំងវាឡើងថ្លៃ។ ធំជាងគេមិនមែនកូវីដទេ ធំជាងគេ គឺសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ឯណោះទៅវិញទេ ប៉ុន្តែយ៉ាងណាក៏ដោយបងប្អូននឹងមានឱកាសដើរលេង ហើយខ្ញុំក៏ដើរលេងដែរ»។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ សម្តេចតេជោនាយករដ្ឋមន្ត្រី គ្រោងនឹងធ្វើដំណើរទៅកម្សាន្តនៅខេត្តព្រះសីហនុ ជាមួយក្រុមគ្រួសាររបស់សម្តេច។ ជាមួយគ្នានេះ សម្តេចទទួលដំណឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខនេះ នៅខេត្តព្រះសីហនុ បងប្អូនប្រជាពលរដ្ឋបានសម្រុកកក់សណ្ឋាគារ ដើម្បីស្នាក់នៅអស់ទៅហើយ ។

ការធានាអំពីការប្រារព្ធបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឡើងវិញ ដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋ ដើរលេងកម្សាន្តសប្បាយនេះ ដោយសារតែការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលបានយ៉ាងល្អ អត្រាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មានកម្រិតខ្ពស់ បង្កើតបាននូវភាពស៊ាំសហគមន៍ កាត់បន្ថយបានការឆ្លងជំងឺកូវីដ១៩ ឬឆ្លងប៉ុន្តែមិនឈឺធ្ងន់ធ្ងរ បើទោះបីមានវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុង ក្តី។

អត្ថបទដែលជាប់ទាក់ទង