ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វ៉ាក់សាំងជំនួយរបស់ មិត្តចិន៥លានដូស បានដឹកមកដល់ ប្រទេសកម្ពុជាហើយ

26

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នេះ វ៉ាក់សាំងចំនួន ៥លានដូស ជាចំនួនវ៉ាក់សាំងក្នុងចំណោមវ៉ាក់សាំង ២០លានដូស ដែលឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់ជូនកម្ពុជា ក្នុងជំនួបតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅនេះ បានដឹកមកដល់ប្រទេសកម្ពុជាហើយនាព្រឹកនេះ។

ប្រទេសចិន គឺជាអ្នកដែលបានជួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដំបូងគេមកកាន់ប្រទេសកម្ពុជា។ ក្នុងនោះវ៉ាក់សាំងជំនួយចំនួន ៦០ម៉ឺនដូស ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។

ដើម្បីគាំទ្រកម្ពុជាលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងការពារអាយុជីវិតពលរដ្ឋកម្ពុជា ពីជំងឺរាតត្បាតសាកលមួយនេះ ប្រទេសចិន បានផ្តល់ជំនួយជាបន្តបន្ទាប់ផងដែរ។ មកដល់ពេលនេះ ចិន បានផ្តល់ជំនួយវ៉ាក់សាំងមកកាន់កម្ពុជាសរុប ២៨,៧២៤,៨០០ដូស ក្នុងនោះ ២០លានដូស ជាជំនួយថ្មី។

មកដល់ពេលនេះកម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ៣ឆ្នាំឡើង បានរហូតដល់ជាង ៩២ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប។ លទ្ធផលដ៏ល្អប្រសើរ លើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ ដោយកម្ពុជា បានយកវ៉ាក់សាំងចិន ធ្វើជាបង្អែកនៅក្នុងប្រតិបត្តិការរបស់ខ្លួន។

កម្ពុជាក៏សូមថ្លែងអំណរគុណដល់បណ្ដាប្រទេសទាំងអស់ដែលផ្ដល់បានផ្តល់វ៉ាក់សាំងកូវីដ-១៩មកកម្ពុជា ទាំងតាមគម្រោងមជ្ឈមណ្ឌលកូវ៉ាក់ និងតាមរយៈទ្វេភាគី។

តាមរយៈជំនួយវ៉ាក់សាំងទាំងអស់បានរួមចំណែកសំខាន់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីត-១៩ និងឈានទៅដល់ការបើកដំណើរការប្រទេសជាតិឡើងវិញ ក្នុងប្រក្រតីភាពថ្មី៕ សំរិត


អត្ថបទដែលជាប់ទាក់ទង