ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពីប្រទេសញាំញី ដោយសារសង្គ្រាម តែកម្ពុជាបានក្លាយជាប្រទេស មានកំណើនសេដ្ឋកិច្ចលឿនបំផុត លើពិភពលោក

19

 

ភ្នំពេញ៖ កម្ពុជាជាប្រទេសមួយដែលធ្លាប់ញាំញីដោយសង្រ្គាមស៉ីវិល ឥឡូវនេះបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ច លឿនបំផុតនៅលើពិភពលោក ជាមួយនឹងអាត្រាកំណើនសេដ្ឋកិច្ច ៧.៥% និងជាអ្នកចូលរួមចំណែក កងទ័ពយ៉ាងសកម្មនៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

នេះជាការលើកឡើងរបស់ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន អញ្ជើញជាអធិបតីក្នុងពិធីចុះ ហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងអាជ្ញាធរមីន តំណាងដោយ លោក ព្រំ សុភមង្គល អគ្គលេខាធិការ និងអង្គការមនុស្សធម៌ Platinum East ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក តំណាងដោយលោក Shathel Fahs នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងពង្រឹងភាពជាដៃគូរ និងកិច្ចសហប្រតិបត្តិការ គាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យា និវានុវត្តន៍ ការបណ្តុះបណ្តាល និងបច្ចេកទេសគាំទ្រ ដល់ការបោសសម្អាតមីន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងតំបន់ និងជាសាកលនៃ សហគមន៍សកម្មភាពមីនមនុស្សធម៌។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា បញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះសល់ពីសង្រ្គាមនៅកម្ពុជា បានបង្កនូវបញ្ហាយ៉ាងធ្ងន់ធ្ងរ និងរារាំងដល់ការអភិវឌ្ឍជាតិ ដែលយើងបានឃើញយ៉ាងច្បាស់ នូវជីវិតមនុស្សស្លូតត្រង់ រាប់ពាន់នាក់ បានបាត់បង់នៅលើដី ដែលពួកគាត់ចាត់ទុកថា មានសុវត្ថិភាពក្នុងការចាប់ផ្តើមជីវិតថ្មី និងអនាគតថ្មី បន្ទាប់ពីសង្រ្គាម និងការផ្លាស់ទីលំនៅអស់ជាច្រើនទសវត្សរ៍។ ជីវិតពួកគាត់នឹងមិនបាត់បង់ទេ ប្រសិនបើប្រទេសកម្ពុជាមាន ជំនាញបច្ចេកទេស បរិក្ខារ និងឧបករណ៍ចម្រុះ និងបច្ចេកវិជ្ជាជឿនលឿន ជាងមុន ដើម្បីធ្វើសកម្មភាពដោះមីន ឱ្យបានលឿននៅទូទាំងប្រទេស។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា «កម្ពុជា ជាប្រទេសមួយដែល ធ្លាប់ញាំញីដោយសង្រ្គាមស៉ីវិល ឥឡូវនេះបានក្លាយ ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានកំណើន សេដ្ឋកិច្ចលឿនបំផុត នៅលើពិភពលោក ជាមួយនឹងកំណើនសេដ្ឋកិច្ច ៧.៥ % និងជាអ្នកចូលរួម ចំណែកកងទ័ពយ៉ាងសកម្មនៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ទោះបីជាទទួលបានភាពជោគជ័យ និងកេរ្តិ៍ឈ្មោះល្អក៏ដោយ កម្ពុជានៅតែត្រូវការជំនួយអន្តរជាតិ ដើម្បីធ្វើទំនើបកម្មបន្ថែមទៀត នូវជំនាញបច្ចេកទេស ការបង្កើតថ្មីនៃការដោះមីន ការរាវរក ឧបករណ៍បច្ចេកវិជ្ជា និងធ្វើស្តង់ដារប្រតិបត្តិករ របស់ខ្លួនទាក់ទង នឹងចំណេះដឹង និងវិជ្ជាជីវៈ ដែលក្នុងនោះអាជ្ញាធរមីន ដើរតួនាទីយ៉ាងសំខាន់ រវាងរាជរដ្ឋាភិបាលកម្ពុជា និងម្ចាស់ជំនួយ»។

អាជ្ញាធរមីន មានមោទនភាពក្នុងការពង្រីក កិច្ចសហប្រតិបត្តិការ របស់ខ្លួនជាមួយគ្រប់តួអង្គចម្រុះ និងតួអង្គសំខាន់ៗក្នុងវិស័យនេះ ដើម្បីធ្វើពិពិធកម្ម បណ្តាញគាំទ្រ។ លោកទេសរដ្ឋមន្រ្តី ជឿជាក់ថា អង្គការ Platinum East ដែលជាស្ថាប័ន ជំនាញផ្នែកដោះមីនតាមបច្ចេកវិទ្យាច្នៃប្រឌិត នឹងធ្វើឲ្យប្រតិបត្តិការបោសសម្អាតមីន នៅទីវាលកាន់តែមានសុវត្ថិភាព និងអាចរំដោះផ្ទៃដីបាន លឿនសម្រាប់ប្រជាជនកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី សង្ឃឹមថានឹងឃើញ ការអភិវឌ្ឍជំនាញថ្មីៗកាន់តែច្រើនឡើង និងបច្ចេកវិទ្យា ក្នុងវិស័យសកម្មភាពមីន ដែលអាចឱ្យប្រតិបត្តិករដោះមីន បំពេញភារកិច្ចអស់ពីសមត្ថភាព ហើយវាជាសមិទ្ធិផល ដ៏អស្ចារ្យសម្រាប់កម្ពុជា ជាប្រទេសនាំមុខគេលើពិភពលោក ដែលមានជំនាញច្រើន ក៏ដូចជាសម្របខ្លួន ទៅនឹងបច្ចេកវិទ្យា ជឿនលឿននៅពេល និយាយអំពីបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕

អត្ថបទដែលជាប់ទាក់ទង