ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនមន្ដ្រីនគរបាលម្នាក់ នៅអគ្គនាយកដ្ឋានភស្ដុភា ករណី ឆបោកប្រាក់ជិត ៣០ ម៉ឺនដុល្លារ រឿងរត់ការចូលក្របខ័ណ្ឌនគរបាល

38

 

ភ្នំពេញ៖ មន្ដ្រីនគរបាលម្នាក់ បម្រើការងារនៅអគ្គនាយកដ្ឋានភស្ដុភា និងហរិញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ ត្រូវបាន កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនបញ្ជូនទៅ កាន់សាលាដំបូងរាជធានីភ្នំពេញ តាមបណ្ដឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធករណីឆបោកប្រាក់ជិត៣០ម៉ឺនដុល្លារ រឿងរត់ការចូលក្របខ័ណ្ឌ មន្ដ្រីនគរបាលជាតិ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្រោយឃាត់ខ្លួន កម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ បានបញ្ជូនមន្ដ្រីនគរបាលឈ្មោះ ឡេង សុធីវុន អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះលេខ០៣ ផ្លូវ១២៣ ភូមិ១ សង្កាត់បឹងត្របែក ខណ្ឌចំការមន ទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ។

សូមជម្រាបថា ជនរងគ្រោះ២៨នាក់ បានដាក់ពាក្យបណ្ដឹង នៅនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ដោយបានចោទប្រកាន់ថា កាលពីអំឡុងចុងឆ្នាំ២០១៩ ឈ្មោះ ឡេង សុធីវុន បានប្រើប្រាស់តួនាទីរបស់ខ្លួន ជាមន្ត្រីនគរបាល នៅអគ្គនាយកដ្ឋានភស្តុភា ទៅឆបោកក្រុមជនរងគ្រោះ ដោយអះអាងថា រូបគេជាជំនួយការរបស់ អ្នកធំម្នាក់ អាចរត់ការឲ្យជនរងគ្រោះទាំង ២៨នាក់ ចូលក្របខណ្ឌនគរបាលជាតិ បានត្រឹមរយៈពេល ៦ខែប៉ុណ្ណោះ និងមានឈ្មោះ ក្នុងក្របខណ្ឌទាំងអស់ ដោយតម្រូវឲ្យបង់លុយក្នុងម្នាក់ៗ ចំនួន១៨,០០០ដុល្លារ។

ដោយជឿជាក់លើជនសង្ស័យ ក្រុមជនរងគ្រោះ បានប្រមូលលុយ បាន២៨០,០០០ដុល្លារ ប្រគល់ឲ្យទៅឈ្មោះ ឡេង សុធីវុន ដើម្បីរត់ការតាម ការសន្យា ប៉ុន្តែចុងក្រោយជនសង្ស័យ មិនអាចរត់ការបានសម្រេច និងគេចវេសមិនព្រម ប្រគល់ប្រាក់ត្រឡប់ឲ្យក្រុមជនរងគ្រោះនោះទេ ទើបក្រុមជនរងគ្រោះសម្រេច ដាក់ពាក្យប្ដឹងជនសង្ស័យទៅកាន់ នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីឲ្យជួយរកយុត្តិធម៌។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឡេង សុធីវុន បានសារភាពថា ខ្លួនពិតជាទទួលលុយចំនួន ២៨០,០០០ដុល្លារ ពីក្រុមជនរងគ្រោះ ពិតប្រាកដមែន ដើម្បីរត់ការចូលបម្រើ ក្នុងក្របខណ្ឌនគរបាលជាតិប្រាកដមែន៕

អត្ថបទដែលជាប់ទាក់ទង