ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ចុះពិនិត្យស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ មុនពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣១ មីនា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន

20

 

ភ្នំពេញ៖ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលជាគម្រោងរបស់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ គិតមកដល់ពេលនេះ ការដ្ឋានទាំងមូលបានបញ្ចប់១០០ភាគរយហើយ ដោយគ្រោងនឹង បើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣១ មីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីអោយដំណើរការនៃពិធីខាងលើនេះប្រព្រឹត្តទៅដោយរលូននិងទទួលបានជោគជ័យ នៅរសៀលថ្ងៃទី២៩ មីនានេះ លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានអញ្ជើញដឹកនាំមន្ត្រីជំនាញ អាជ្ញាធរដែនដី និងក្រុមហ៊ុនទទួលម៉ៅការ ចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅទីតាំងនៃពិធី ដែលស្ថិតនៅខាងលិចស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ ។

ក្នុងឱកាសនោះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំអោយមន្រ្តីជំនាញ និងអាជ្ញាធរខណ្ឌនិងមន្ត្រីពាក់ព័ន្ធ ត្រូវសំអាតការងារដែល នៅសេសសល់ ដូចជាសំអាតដី កំទេចកំទី អោយបានស្អាត់ ពោលគឺដល់ថ្ងៃនៃការចាប់ផ្តើមពិធី គឺស្អាតទាំងអស់តែម្តង ។ បន្ថែមពីនេះ ការពង្រឹងលើការងាររៀបចំសណ្តាប់ធ្នាប់ និងការងារសន្តិសុខ ក៏ត្រូវបាន លោក ឃួង ស្រេង ណែនាំ អោយអនុវត្តអោយ បានល្អប្រសើរផងដែរ។

ពាក់ព័ន្ធនិងពិធីបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញក៏ បានចេញសេចក្តីជូនដំណឹងមួយ ដើម្បីអោយប្រជាពលរដ្ឋបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះ ឆ្លងកាត់ ផ្លូវប្រសព្វចោមចៅ ( អតីតរង្វង់មូលចោមចៅ) នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះផងដែរ ពោលគឺចាប់ផ្តើមបិទនិងបញ្ជៀសចរាចរ ចាប់ពីម៉ោង៥ព្រឹក រហូតកម្មវិធីត្រូវបានបញ្ចប់។

គួរបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ទទួលម៉ៅការសាងសង់ ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា(OCIC) ដោយប្រើប្រាស់ការ សាងសង់ក្នុងរយៈពេល៣០ខែ​និងចំណាយថវិការសាងសង់ ប្រមាណ២២លានដុល្លាអាមេរិក។

ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ការដ្ឋាននេះ ត្រូវសាងសង់ដោយបែងចែកជា៣ផ្នែកគឺ ស្ពានទី១ ជាស្ពានអាកាសមេ តភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ដែលមានចរាចរពីរគន្លង ទៅនឹងពីរគន្លងមកជម្រាលស្ពាន៤,៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែល អាចចរាចរក្រោមស្ពានមាន៥,៥ម៉ែត្រ។ស្ពានទី២ បំបែកចេញ ពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅវេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប២០២ម៉ែត្រ (ស្ពានអាកាស ប្រវែង៤០ម៉ែត្រ ផ្លូវក្រោមដី ប្រវែង១១៨ម៉ែត្រនិងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ។

ស្ពានទី៣ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាស ប្រវែង៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង២៨ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

ផ្លូវនិងផ្លូវក្រោមដី ជាផ្លូវកោង តភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ (ផ្លូវក្រោមដី ប្រវែង១៣ម៉ែត្រ និងផ្លូវលើដីប្រវែង ១១៧ម៉ែត្រ) ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមាន ពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរ ពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លង រថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវក្រោមដី ជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ទទឹង៨,៥ម៉ែត្រ ។ ល្បឿនសុវត្ថិភាព ២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៥,២៥ម៉ែត្រ និងទំហំ៥,៥ម៉ែត្រ ។

ស្ពាននឹងមានអាយុកាល១០០ឆ្នាំ មានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញ ជុំវិញបរិវេណ ស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ។

គួរបញ្ជាក់ទៀតថា ស្ពានអាកាស និងផ្លូវក្រោមដីនៅ ចំណុចរង្វង់មូលចោមចៅនេះ បានបើកការដ្ឋាន ដំណើរការសាងសង់ ជាផ្លូវការ កាលថ្ងៃទី២៩មិថុនា ឆ្នាំ២០១៨កន្លងមក ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ហើយគ្រោងនឹងបើក សម្ពោធដាក់ អោយប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន នាយករដ្ឋមន្ត្រីនា ថ្ងៃទី៣១មីនា ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង