ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការងារ អនុវត្តការឈប់សម្រាក ក្នុងពិធីបុណ្យចូលឆ្នាំថ្មី និងសូមអនុវត្តវិធានការសុខាភិបាល ចាំបាច់ឱ្យបានខ្ជាប់ខ្ជួន

11

 

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹង ដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ទាំងអស់ដែលស្ថិត ក្នុងដែនអនុវត្តនៃច្បាប់ ស្ដីពីការងារឱ្យបានជ្រាបថា យោងតាមច្បាប់ ស្តីពីការងារ និងប្រកាស លេខ ២៧៧/២១ ក.ប/ប្រ.ក.អ.ឆ.ក ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួល ប្រចាំឆ្នាំ២០២២ សូម លោក លោកស្រី ជាម្ចាស់ ឬនាយករោងចក្រ សហគ្រាសអនុញ្ញាតឱ្យកម្មករនិយោជិត ទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ក្នុងរយៈពេល បីថ្ងៃគឺថ្ងៃទី១៤-១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។

ចំពោះរោងចក្រ សហគ្រាសទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្ម មានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្ត ទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាក បុណ្យនៃកម្មករនិយោជិតទាំងអស់ព្រមគ្ន ក្នុងពេលតែមួយនាំ ឱ្យខូចប្រយោជន៍ ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់រោងចក្រ សហគ្រាស នោះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាសត្រូវរៀបចំបែង ចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃបុណ្យ នីមួយៗដោយផ្លាស់វេនគ្នា។ កម្មករនិយោជិតដែល ធ្វើការថ្ងៃឈប់បុណ្យ ចូលខ្មែរឆ្នាំនេះ មានសិទ្ធិទទួលនូវប្រាក់ បំណាច់បន្ថែមដែលមាន ចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវ រៀបចំបញ្ជីឈ្មោះកម្មករនិយោជិត ដែលត្រូវផ្លាស់ប្តូរគ្នា ឈប់សម្រាកតាមកាលបរិច្ឆេទនីមួយៗខាងលើ និងរក្សា ទុកជាប្រចាំសម្រាប់ ការត្រួតពិនិត្យរបស់អធិការការងារ។

ក្នុងករណីមានការព្រមព្រៀងគ្នា រវាងកម្មករនិយោជិតសាមី និងនិយោជក ឬមានចែងក្នុងបទបញ្ជាផ្ទៃក្នុង របស់រោងចក្រ សហគ្រាស ឬអនុសញ្ញារួម ការឈប់សម្រាករបស់កម្មករនិយោជិត អាចអនុវត្តនៅពេលណា មួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់សម្រាកបុណ្យ ដូចមានកំណត់ក្នុង ប្រកាសលេខ ២៧៧/២១ ខាងលើ។ ក្រសួងសូមក្រើនរំលឹកដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតទាំងអស់ ត្រូវបន្តចូលរួមអនុវត្តវិធានការ “៣ ការពារ” និង “៣ កុំ” និងវិធានការសុខាភិបាល ចាំបាច់ផ្សេងទៀតឱ្យបានខ្ជាប់ខ្ជួន។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតទាំងអស់ ចូលរួមអនុវត្តតាម សេចក្ដីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង