ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិក្ខាកាម ចំនួន ២៧រូប នឹងអញ្ជើញទៅធ្វើទស្សនកិច្ចសិក្សា នៅប្រទេសអូស្រ្តាលី ដើម្បីដកស្រង់បទពិសោធន៍ជាក់ស្ដែង នៃការទាក់ទាញវិនិយោគផ្ទាល់ ពីបរទេស

12

 

ភ្នំពេញ ៖ លោកសុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា បានអញ្ជើញបើក កម្មវិធីបណ្ដុះបណ្ដាលស្ដីពី “ការទាក់ទាញ និងការគ្រប់គ្រងវិនិយោគផ្ទាល់ ពីបរទេសក្រោយសម័យកូវីដ” នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោកសុខ ចិន្តាសោភា បានថ្លែងថា កម្មវិធីបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងក្រោមគម្រោងផ្ដួចផ្ដើមភាពជាដៃគូមេគង្គ-អូស្រ្តាលី ដែលជាការគាំទ្ររបស់រដ្ឋាភិបាលអូស្រ្តាលី ដោយមានគោលបំណង គាំទ្រជាពិសេសដល់រាជរដ្ឋាភិបាលកម្ពុជា ពិសេស ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការជំរុញទាក់ទាញ វិនិយោគផ្ទាល់ ពីបរទេសដែលមាន គុណភាពពីប្រទេសនានាឱ្យបានកាន់តែច្រើន និងលើកកម្ពស់ការ ធ្វើពិពិធកម្មការវិនិយោគក្នុងវិស័យ និងអនុវិស័យនានា ដើម្បីជំរុញកម្ពុជាឱ្យជ្រៀត ចូលក្នុងខ្សែច្រវាក់តម្លៃតំបន់ និងសកល។

កម្មវិធីបណ្ដុះបណ្ដាលស្ដីពី “ការទាក់ទាញ និងការគ្រប់គ្រង វិនិយោគផ្ទាល់ ពីបរទេសក្រោយសម័យកូវីដ” មានសមាសភាពចូលរួម ពីមន្រ្តីនៃក្រសួង ស្ថាប័នពាក់ព័ន្ធនឹង កិច្ចការវិនិយោគ ព្រមទាំងមន្រ្តីមជ្ឈមណ្ឌលស្រាវជ្រាវ សរុបចំនួន ២៧រូប។

លោកសុខ ចិន្តាសោភា បានបន្តថា បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់ ត្រូវបានអញ្ជើញទៅធ្វើទស្សនកិច្ច សិក្សានៅ ប្រទេសអូស្រ្តាលី ចំនួន ២សប្ដាហ៍ ដើម្បីដកស្រង់ បទពិសោធន៍ ជាក់ស្ដែងនៃការទាក់ទាញ វិនិយោគផ្ទាល់ពីបរទេស ពីស្ថាប័នរដ្ឋ នៃប្រទេសអូស្រ្តាលី និងជំរុញការវិនិយោគ រវាងប្រទេសទាំងពីរផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង