ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូរ៉េសន្យា ផ្តល់កញ្ចប់ ឥណទានសម្បទាន ប្រមាណ១.២ប៊ីលានដុល្លារ បន្ថែមទៀត ដល់កម្ពុជា សម្រាប់រយៈពេល៥ឆ្នាំ

22

ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក KOO Yun Cheol រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលគោលនយោបាយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ នារសៀលថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងជំនួបនេះ រដ្ឋាភិបាល កូរ៉េ បានសម្រេចផ្តល់ការសន្យាកញ្ចប់ឥណទានសម្បទានបន្ថែមទៀត តាមរយៈកិច្ចសម្របសម្រួលក្របខណ្ឌ (Framework Arrangement) ថ្មី ដែលមានទឹកប្រាក់ប្រមាណ ១.២ប៊ីលាន ដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦ និងសង្ឃឹមថា ភាគីទាំងពីរនឹងពិភាក្សាសម្រេចទៅលើវិស័យ និងគម្រោងអាទិភាព ក្នុងការប្រើប្រាស់កញ្ចប់ (Framework Arrangement-F/A) ថ្មីនេះ តាមរយៈកិច្ចពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី ៤ (4th Korea-Cambodia Integrated ODA Policy Dialogue) ដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខ។

ជាមួយគ្នានេះ លោកអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ក្នុងការរួមចំណែកដល់សកម្មភាពអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈមូលនិធិសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច (Economic Development Cooperation Fund – EDCF) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ជាភ្នាក់ងារអនុវត្ត និងការគាំទ្រ និងជួយជ្រោមជ្រែងដល់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលនឹងក្លាយជានិមិត្តរូបនៃចំណងមិត្តភាពកាន់តែរឹងមាំរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

ក្រៅពីឥណទានសម្បទានដែលទទួលបានពីភាគីមិត្តកូរ៉េ សម្រាប់យកមកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ នានានៅកម្ពុជា លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានមានប្រសាសន៍អំពីតម្រូវការវិនិយោគបន្ថែមរបស់កម្ពុជា ទៅលើវិស័យសំខាន់ៗដទៃទៀត រួមមាន ហេដ្ឋារចនាសម្ព័ន្ធបៃតង, កសិកម្ម និងឧស្សាហកម្មទេសចរណ៍ ដែលជាវិស័យដ៏មានសក្តានុពលក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ជាងនេះទៀត ការអភិវឌ្ឍវិស័យភស្តុភារកម្ម និងឌីជីថល ក៏បានក្លាយជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងយកចិត្តទុក។ ដូចច្នេះ ការកៀរគរទុនវិនិយោគពីវិស័យឯកជន ទាំងក្នុង និងក្រៅប្រទេស ជាកត្តាចាំបាច់មិនអាចខ្វះបានសម្រាប់ ការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាផងដែរ។

ភាគីទាំងពីរបានពិភាក្សា និងប្តេជ្ញាថា នឹងបន្តជំរុញសកម្មភាពពាណិជ្ជកម្ម និងការលើកកម្ពស់ការ វិនិយោគលើវិស័យឯកជន ដើម្បីទាក់ទាញអ្នកវិនិយោគកូរ៉េឱ្យមកបណ្តាក់ទុនច្រើនបន្ថែមទៀត។

លោក KOO Yun Cheol រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលគោលនយោបាយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិជំងឺកូវីដ-១៩ ជាពិសេស ការទប់ស្តាត់ផលប៉ះពាល់អវិជ្ជមានមកលើសកម្មភាពសេដ្ឋកិច្ច ក្នុងរយៈពេលកន្លងមក ហើយឯកឧត្តមសូមជូនពរឱ្យកម្ពុជាបំពេញភារកិច្ចជាប្រធានអាស៊ានឆ្នាំ ២០២២ ប្រកបដោយជោគជ័យ និងដឹកនាំអាស៊ានឆ្ពោះទៅរកសុខសន្តិភាព និងវិបុលភាពជារួម សំដៅបន្តបេសកកម្មក្នុងការកសាងសហគមន៍អាស៊ាន ក៏ដូចជាការចូលរួមយ៉ាងសកម្មរបស់អាស៊ានក្នុងឆាកអន្តរជាតិ ក្រោមចក្ខុវិស័យអាស៊ានឆ្នាំ ២០២៥។

សូមជម្រាបថា ចាប់តាំងពីឆ្នាំ ១៩៩៦ ដល់បច្ចុប្បន្ន ប្រទេសកូរ៉េបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា ប្រមាណជា ៤៣១ លាន ដុល្លារអាមេរិក ។ ក្នុងក្របខ័ណ្ឌឥណទានសម្បទាន គិតចាប់ពីឆ្នាំ ២០០០ មកដល់បច្ចុប្បន្ន ភាគីកូរ៉េបានផ្តល់ឥណទានសម្បទានដល់កម្ពុជា នូវទឹកប្រាក់សរុបប្រមាណជាង ១ ២១១លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានដល់គម្រោង/កម្មវិធីអភិវឌ្ឍន៍ចំនួន ២៦ គម្រោង ដែលសុទ្ធសឹងជាគម្រោងអាទិភាព ក្នុងការផ្តល់ឥណទានសម្បទានរបស់ខ្លួន ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ កម្ពុជា ចាប់តាំងពីយុទ្ធសាស្ត្រត្រីកោណ រហូតដល់យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ៤ ដែលបានធ្វើឱ្យសាធារណរដ្ឋកូរ៉េ ក្លាយជាដៃគូអភិវឌ្ឍន៍ទ្វេភាគីដ៏សំខាន់ លំដាប់ទី ៣ ក្នុងការចូលរួមចំណែកជួយគាំទ្រដល់ប្រទេសកម្ពុជា បន្ទាប់ពី ចិន និងប្រទេសជប៉ុន៕

អត្ថបទដែលជាប់ទាក់ទង