ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ ណែនាំចំនួន ៦ចំណុច ដល់គ្រប់ក្រសួង ស្ថាប័ន និងសមត្ថកិច្ច ដេីម្បីបំពេញការខ្វះខាត​ បញ្ហាប្រឈម​ ផលវិបាក​ និងសំណូមពរ​

57

ភ្នំពេញ​: ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ បានថ្លែងអំណរគុណ​ និងកោតសរសើរចំពោះការចូលរួម និងបទអន្តរាគមន៍នានាពាក់ព័ន្ធទៅនឹងសមិទ្ធិផលរបស់ក្រសួង ស្ថាប័ន និងសមត្ថកិច្ច ពាក់ព័ន្ធសម្រេចបានព្រមទាំងរកឃេីញនូវបញ្ហាប្រឈម ផលវិបាក និងសំណូមពរដើម្បីដាក់ជូនអង្គ សន្និបាតជួយពិនិត្យ ផ្តល់យោបល់ និងដោះស្រាយ។

ជាការឆ្លេីយតបនឹងបញ្ហាប្រឈម​ ខ្វះខាត ផលវិបាក និងសំណូមពរ​ ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ បានដាក់ការណែនាំដល់គ្រប់ក្រសួង-ស្ថាប័ន អង្គភាព​ពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដេីម្បីពង្រឹងប្រសិទ្ធភាពដូចខាងក្រោម ៖

ទី១.អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវបន្តពង្រឹងយន្តការត្រួតពិនិត្យគ្រឿងញៀន ដែលមាន​ស្រាប់​នៅ​តាម​​មូលដ្ឋាន រាជធានី/ខេត្ត ស្រុក/ក្រុង ឃុំ/សង្កាត់ ភូមិ និងត្រូវម្ចាស់ការ​ក្នុងការ​ទទួ​​ល​​ខុស​​ត្រូវ​​ដោះស្រាយបញ្ហាគ្រឿងញៀន នៅតាមមូលដ្ឋានរបស់ខ្លួន​ ស្រប​តាម​ខ្លឹម​សារ​ នៃ​បទបញ្ជា​០១​ប​ប​ ស្តីពី​ការ​ពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន និង​យុទ្ធ​នា​ការ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់​របស់រាជ​រដ្ឋា​ភិបា​ល។ ជាមួយនេះ ត្រូវ​បន្តរៀបចំ និង​ពង្រឹង​​យន្តការ​ភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន នៅតាមមូលដ្ឋាន​របស់​ខ្លួន​ជាពិសេសខេត្តជាប់​ព្រំ​ដែ​ន​ ។

ទី២.ត្រូវបន្តលើកកម្ពស់ការយល់ដឹងជាសាធារណៈពីបញ្ហាគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រឿងញៀន​​​​​ ​​ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត​​តាម​គ្រប់រូបភាព ​គ្រប់​ទីកន្លែង និងបន្តយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយអប់រំអំពីច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន រួមទាំងការអំពាវនាវដល់តួអង្គពាក់ព័ន្ធទាំងអស់ឲ្យចូលរួមសកម្មភាពក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ សំដៅកាត់​បន្ថយបទល្មើសគ្រឿងញៀន ការពារ​សុខុមាលភាព និងសុវត្ថិភាពសង្គម ឲ្យបាន​ជ្រួតជ្រាបគ្រប់ទីកន្លែង ដោយប្រើប្រាស់គ្រប់​មធ្យោបាយ គ្រប់រូបភាព ចំគោលដៅ និងមុខសញ្ញា ព្រមទាំង មានវិធីសាស្ត្រសមស្រប​ក្នុងការផ្សព្វផ្សាយអប់រំ (ងាយស្តាប់ ងាយយល់ និងងាយទទួលយកបាន។

ទី៣.ត្រូវបន្តពង្រឹងដំណើរការ និងការគ្រប់គ្រងមជ្ឈមណ្ឌលជាតិ ព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ នៅខេត្តព្រះសីហនុ និងបន្ត​ពង្រឹងយន្តការព្យាបាល សេវាព្យាបាល និងស្តារនីតិសម្បទា​អ្នក​ញៀន​គ្រឿង​ញៀន ដែល​មាន​ស្រាប់ឲ្យ​មាន​ប្រសិទ្ធភាព ។ ត្រូវ​កំណត់​តួនាទីការទទួលខុសត្រូវ និងយន្ត​ការ​គ្រប់​គ្រង​របស់​មណ្ឌលព្យាបាល​បណ្តោះ​អាសន្នរបស់រដ្ឋ និងឯកជនឲ្យបានច្បាស់លាស់ ជៀស​វាងមានការជាន់គ្នាជាមួយ និង​មជ្ឈមណ្ឌល​ជាតិ ព្យាបាល និងស្តារនីតិសម្បទា​អ្នក​ញៀន​​គ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ នៅ​ខេត្ត​ព្រះសីហនុ ព្រមទាំងពិនិត្យ និងវាយតម្លៃនូវលក្ខខណ្ឌ​​អ្នកញៀនគ្រឿងញៀន​ទាំងឡាយ​ណា ដែលមានសភាពធ្ងន់ធ្ងរ ​ចាំបាច់​ត្រូវបញ្ជូន​ទៅព្យាបាល​ និងស្តារនីតិសម្បទា​ នៅ​មជ្ឈមណ្ឌលជាតិ ខេត្តព្រះសីហនុ ។

ទី៤.ត្រូវបន្តពង្រឹងសម្ថភាពការងារបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាពិសេសការងារ​ត្រួត​ពិនិត្យ​សារធាតុ​គីមីផ្សំគ្រឿងញៀន ​ការងារ​បង្ក្រាប​បទល្មើស​គ្រឿងញៀនឆ្លងដែន ការ​ដាំ​ដុះ ការផលិត និងការប្រើប្រាស់គ្រឿ​ង​ញៀន​។ ការ​ពង្រឹងនូវការ​អនុវត្តវិធានការ​រដ្ឋបាល ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ កន្លែង​សប្បាយ​ដ្ឋា​ន និងការពន្លឿននីតិវិធី នៃ​ការរឹបអូស​ទ្រព្យ​សម្បត្តិ ​ដែលបានមកពីបទល្មើស​គ្រឿង​ញៀ​ន​ ។

ទី៥.បន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទ្វេភាគី ត្រីភាគី ជាមួយប្រទេសជាប់ព្រំដែន ជាពិសេសព្រំដែនកម្ពុជា-ឡាវ តាមរយៈការអនុវត្តស្មារតីដែលបានព្រមព្រៀងគ្នា ស្តីពីការ​ត្រួតពិនិត្យ​គ្រឿងញៀន និងការអនុវត្តយន្តការភូមិ ឃុំ/សង្កាត់ ស គ្មានគ្រឿងញៀន​នៅ​តំបន់​ជាប់ព្រំដែន ។

ទី៦.អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំ សម្របសម្រួល ការអនុវត្តការងារផ្សព្វផ្សាយ អប់រំ នៃយុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​លើកទី៦​ និងការ​ងា​រ​រៀបចំបង្កើតភូមិ ឃុំ/សង្កាត់ ស គ្មានគ្រឿងញៀន នៅក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស ដោយយក​យន្តការភូមិ ឃុំមានសុវត្ថិភាពដែលមានស្រាប់៕

អត្ថបទដែលជាប់ទាក់ទង