ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំ ផ្លាស់ប្តូរ យោបល់អំពីទំនាក់ទំនងទ្វេភាគី កម្ពុជា-កូរ៉េ និងពិភាក្សាពីហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការកូរ៉េ ពិសេសជំនួយ ឥតសំណង

25

 

ភ្នំពេញ ៖នាព្រឹកថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួប ពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត Koo Yun Cheol រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលគោល នយោបាយរដ្ឋាភិបាល នៃការិយាល័យនាយករដ្ឋមន្ត្រីសាធារណរដ្ឋកូរ៉េ ។ គោលបំណងនៃកិច្ចប្រជុំ ផ្លាស់ប្តូរ យោបល់អំពីទំនាក់ទំនងទ្វេភាគី កម្ពុជា-កូរ៉េ និងពិភាក្សាពីហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការកូរ៉េ ពិសេសជំនួយ ឥតសំណង ។

ឯកឧត្តមរដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា បានសម្តែងនូវកិច្ចស្វាគមន៍ និងបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងប្រជាជនកូរ៉េ ដែលបាននឹងកំពុងផ្តល់ការគាំទ្រដល់ការ អភិវឌ្ឍសង្គម- សេដ្ឋកិច្ចនៅកម្ពុជា ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការ ដឹកនាំដ៍ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហារសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានសមិទ្ធផលនៃការអភិវឌ្ឍន៍ប្រទេសយ៉ាងធំធេង ជាក់ស្ដែងការដាក់ចេញ វិធានការយ៉ាងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ជំងឺកូវឹដ ១៩ ទទួលបានជោគជ័យដ៏ត្រចេះត្រចង់រហូតឈាន ដល់ការបើកប្រទេសឱ្យដំណើរការឡើងវិញលើគ្រប់វិស័យ ពិសេសបច្ចុប្បន្នមិនតម្រូវឱ្យអ្នកដំណើរដែលបានចាក់ វ៉ាក់សាំងគ្រប់ដួសធ្វើតេស្តរកមេរោគកូវី៥-១៩ ឡើយ ទាំងមុនពេល និងក្នុងពេលមកដល់កម្ពុជា ។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនភាគីកូរ៉េ អំពីក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច កម្ពុជា ក្នុងការរស់នៅជាមួយកូវី១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដែលផ្ដោតសំខាន់ លើសសរស្តម្ភ ៣ គី៖ ទី១) ការស្ដារកំណើនសេដ្ឋកិច្ចឡើងវិញ, ទី២) ការកែទម្រង់ ដើម្បីកសាងមូលដ្ឋាន គ្រឹះរឹងមាំសម្រាប់កំណើន ពិពិធកម្ម និងភាពប្រកួតប្រជែង និងទី៣). ការពង្រឹងភាពធន់ ប្រកបដោយចីរភាព និងបរិយាប័ន្ន ។

ឯកឧត្តមបណ្ឌិត Koo Yun Cheol បានបង្ហាញអារម្មណ៍កោតសរសើរចំពោះការអភិវឌ្ឍរីកចំរើន យ៉ាងឆាប់រហ័សរបស់កម្ពុជា ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានថ្លែងថាកម្ពុជាគឺជាដៃគូដ៏រឹងមាំ និងជាប្រទេសអាទិភាពខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ព្រមទាំងបានបញ្ជាក់ជំហរបន្តគាំទ្រ ដល់ការអភិវឌ្ឍរបស់ កម្ពុជា ។ ចាប់ពីឆ្នាំ ១៩៩៦-២០២២ សាធារណរដ្ឋកូរ៉េ បានបើកផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៤៣១ លានដុល្លារអាមេរិក សម្រាប់វិស័យអាទិភាពចំនួន ៤ គឺ វិស័យអប់រំ, វិស័យដឹកជញ្ជូន, អភិវឌ្ឍន៍ជនបទ, ការគ្រប់គ្រងទឹក និងសុខមាលភាពសាធារណះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរីកចំរើន យ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ជាក់ស្ដែងក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ការបើកផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ កូរ៉េដល់កម្ពុជាមានការកើនឡើង ហើយទំហំហិរញ្ញប្បទាននឹងបន្តកើនឡើងថែមទៀតនាពេលអនាគត ។

ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរឯកឧត្តមបណ្ឌិត Koo Yun Cheol និង គណៈប្រតិភូ ឱ្យទទួលបានជោគជ័យ ក្នុងការបំពេញបេសកកម្មនៅកម្ពុជា ។ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ ដែលរដ្ឋាភិបាលសាធារណរដ្ឋកូរ៉ បន្តគាំទ្រដល់កម្ពុជា ។

អត្ថបទដែលជាប់ទាក់ទង